ដោយៈ សាតចាន់បុត្រ / មណ្ឌលគិរីៈ ជនសង្ស័យប្រុសស្រី ពីរនាក់ ដែលរក្សាទុកនូវម្សៅក្រាម ពណ៌ស ជាង ២០ កញ្ចប់ រួមទាំងអាវុធខ្លី ១ដើម ត្រូវបាននគរបាល ខេត្តមណ្ឌលគិរី ក្រោមការសម្របសម្រួល នីតិវិធីពីលោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារង អមសាលាដំបូង ចាប់ខ្លួននៅក្នុងផ្ទះជួល របស់ពួកគេ ស្ថិតក្នុងភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នៅម៉ោងប្រមាណជា ៦ ល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ។
សមត្ថកិច្ចនគរបាល បានបញ្ជាក់ថាៈ កម្លាំងផ្នែកជំនាញ ការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយ កម្លាំងនៃអធិការដ្ឋាន នគរបាលក្រុង សែនមនោរម្យ និងកម្លាំងប៉ុស្ដិ៍នគរបាល រដ្ឋបាលស្ពានមានជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលផែនការងារ ប្រឆាំងគ្រឿងញៀន ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៏ស្នងការ និងការដឹកនាំសម្របសម្រួល ដោយលោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តមណ្ឌលគិរី បានឃាត់ខ្លួន និងឆែកឆេរ ក្នុងម៉ូតូ និងបន្ទប់ជួល លើជនសង្ស័យចំនួន ពីរនាក់ មានៈ ១.ឈ្មោះ ដា រី ហៅ ម៉ាប់ ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដ ស្រុកកំណើត នៅភូមិព្រែកទន្លាប់ ឃុំព្រែកទន្លាប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និង២.ឈ្មោះ ជា ផាលីណែត ភេទស្រី អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើត នៅភូមិអូរបែកក្អម សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
នៅពេលឆែកឆេរក្នុងម៉ូតូ និងបន្ទប់ជួល របស់ជនសង្ស័យ សមត្ថកិច្ច បានរកឃើញ សម្ភារ និងវត្ថុតាង ហើយបានដកហូត រួមមាន សារធាតុសង្ស័យ ជាសារធាតុញៀន មានសណ្ឋាន ជាក្រាមពណ៌សថ្លា (ម៉ាកទឹកកក) ចំនួន ២២ កញ្ចប់ ( ៦ កញ្ចប់ធំ ; ៧ កញ្ចប់ធំល្មម ; ៩ កញ្ចប់តូច) មិនទាន់ថ្លឹង, អាវុធចំនួន ១ ដើម ម៉ាក់ G19 AUSTRIA WET 5168 ផលិតនៅកោះតៃវ៉ាន់ ( ប្រើហ្គាសបាញ់គ្រាប់កង់ ), ទូរស័ព្ទដៃ ចំនួន ២ គ្រឿង ( ម៉ាក OPPO ១គ្រឿង និងម៉ាក SAMSUNG ១គ្រឿង), ដែកកេះចំនួន២, កាបូបចំនួន២, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន ២ សន្លឹក, ប័ណ្ណសំគាល់យាន្តយន្តចំនួន ១សន្លឹក, ដបសម្រាប់ជក់ថ្នាំញៀនចំនួន ៣, កែវសម្រាប់ជក់ថ្នាំញៀនចំនួន ៦, ថង់សម្រាប់វេចខ្ចប់ និងទុយោមួយចំនួនធំ, ប្រាក់ខ្មែរចំនួន ១៣៩.៥០០ រៀល, ម៉ូតូចំនួន ២ គ្រឿង ( ម៉ាក KTM DUKE 200 ១ គ្រឿង ស្លាកលេខភ្នំពេញ 1 CS–1228 ; ម៉ាក់ HONDA TODAY ១ គ្រឿង គ្មានស្លាកលេខ) ។
បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងសម្ភារ និងមធ្យោយទាំងអស់ កម្លាំងជំនាញប្រឆាំងគ្រឿងញៀនខេត្ត និងកម្លាំងអធិការដ្ឋាន នគរបាលក្រុងសែនមនោរម្យ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការ តាមនីតិវិធីច្បាប់៕/V