១៩​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការប៉ះទង្គិច​គ្នា​រវាង​កងកម្លាំង​អង្គការសហប្រជាជាតិ និង​កងជីវពល​នៅ​អាហ្វ្រិក​កណ្តាល​

3268
ចែករម្លែក

​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​ដែល​ជា​ប្រទេស​ក្រីក្រ​និង​អស្ថិរភាព​បំផុត​នៅលើ​ពិភពលោក​នេះ មាន​ភាព​រំជើបរំជួល​ខ្លាំង កាលពី​ថ្ងៃ​ពុធ​ទី​១១​មេសា បន្ទាប់ពី​មនុស្ស​១៩​នាក់ ដែល​នៅក្នុង​នោះ​មាន​ទាហាន​អង្គការសហប្រជាជាតិ​ម្នាក់ ត្រូវបាន​សម្លាប់​និង​ជាង​១០០​នាក់​បាន​រងរបួស​នៅ ក្នុង​ការប៉ះទង្គិច​គ្នា​រវាង​កងទ័ព​ថែរក្សា​សន្តិភាព​​និង​កងជីវពល នៅ​តំបន់​មួយ​នៅ​ទីក្រុង​Bangui ដែល​មាន​ជន​អ៊ីស្លាម​រស់នៅ​ច្រើន​។​

​ការកាប់សម្លាប់​បង្ហូរ​ឈាម​ដ៏​ហិង្សា​បំផុត​នៅ​ទីក្រុង​Bangui ក្នុង​រយៈពេល​២​ឆ្នាំ​មកនេះ​បាន​នាំឱ្យ​ប្រជាជន​រាប់​ពាន់​នាក់​នៃ​សង្កាត់​PK5 នៃ​ទីក្រុង​នេះ មានការ​ខឹងសម្បា​ចំ​​ពោះ​មូលដ្ឋាន​នៃ​បេសកកម្ម​អង្គការសហប្រជាជាតិ MINUSCA ។​

​នៅ​ទីនោះ ពួកគេ បានដាក់​សាកស​ពបុរ​ស​១៧​នាក់ ដែល​ពួកគេ​បាន​និយាយថា ត្រូវបាន​សម្លាប់ ដោយ​កងទ័ព​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃ​អង្គារ ដែល​បាន​នាំឱ្យ​​មាន​អំពើ​ហិង្សា​កើតឡើង ដោយ​មាន​ការ​ឆ្មក់​វាយប្រហារ​លើ​កងកម្លាំង​ថែរក្សា​សន្តិភាព បន្ទាប់ពី​ពួកគេ​បាន​បើក​យុទ្ធនាការ​សន្តិសុខ​។​

​សារព័ត៌មាន​AFP បាន​និយាយថា សាកសព​ច្រើន​នាក់ មាន​ស្នាម​រងរបួស​ដោយ​គ្រាប់កាំភ្លើង​។

​បុរស​ម្នាក់​បាន​ប្រាប់ សារ​ព័ត​មាន​AFP​ថា កាលពី​ថ្ងៃ​អង្គារ ពួកគេ​បាន​សម្លាប់​មនុស្ស​ច្រើន​នាក់​។ នេះ​ជា​អ្នកស្លាប់​ដែល​យើង​បាន​នាំយក​មក​ទី​នេះ​” ។ សាកសព​ដែល​រុំ​ក្រ​​ណាត់​ពណ៌​ស​ទាំងនេះ ត្រូវបាន​ដាក់​នៅ​មុខទ្វា​រ​របស់​ក្រុម​បេសកកម្ម​អង្គការសហប្រជាជាតិ MINUSCA ។​

​ប្រតិកម្ម​តប​ទៅ​នឹង​ការប៉ះទង្គិច​នេះ ប្រធានាធិបតី​អាហ្វ្រិក​កណ្តាល លោក Faustin-Archange Touadera បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​ក្រុម​ឧក្រិដ្ឋជន បាន​ចាប់​​ឃុំខ្លួន​ប្រជាជន​នៅក្នុង​សង្កាត់​ក្រុង​ដែល​មាន​បញ្ហា​នេះ​ដើម្បី​ទាមទារ​ប្រាក់​លោះ​។​” ក្រុម​ពួក​ចោរព្រៃ បាន​ចាប់​ប្រជាជន​ធ្វើ​ជា​ចំណាប់ខ្មាំង​”​។​

​លោក​បាន​បន្ថែមថា ប្រតិបត្តិការ​នេះ​មាន​គោលបំណង​តែមួយគត់​គឺ​ចាប់​ក្រុម​មេដឹកនាំ​នៃ​កងជីវពល​ប្រដាប់អាវុធ​។ វា​មិនមែន​ប្រឆាំង​នឹង​សហគមន៍​ណាមួយ​ឬ​ប្រឆាំង​​នឹង​ប្រជាជន​ទេ​។​

​ប្រភព​សន្តិសុខ​មួយ​បាន​ឱ្យដឹង​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ថា ទាហាន​អង្គការសហប្រជាជាតិ​ម្នាក់​ត្រូវបាន​សម្លាប់​និង​៨​នាក់​បាន​រងរបួស​នៅក្នុង​អំពើ​ហិង្សា​ដែល​បាន​​កើត​ឡើង​នៅ​ពេល​ការដើរ​ល្បាត​របស់​ពួកគេ ត្រូវ​បាន​លប​វាយ​ប្រហារ នៅ​ជាយក្រុង​នៃ​សង្កាត់​ក្រុង​នេះ ៕​ដោយៈ​សុខា​/sn

ពួកអ្នកស្រុកនៃសង្កាត់ក្រុងPK5 ដាក់សាកសពដែលត្រូវបានសម្លាប់ក្នុងការប៉ះទង្គិច
នៅខាងក្រៅមូលដ្ឋានកងទ័ពសហប្រជាជាតិនៅទីក្រុងBangui

ទីតាំងផ្សាយពាណិជ្ជកម្ម