​គោលដៅ​អេកូ​ទេសចរណ៍ ចំនួន​៤ នឹង​ទទួល​ការអភិវឌ្ឍ រួមគ្នា​ជា​កញ្ចប់ ដើម្បី​ជំរុញ​កំណើន​ទេសចរណ៍​ក្នុងស្រុក​

ដោយៈ មូល​សម្បត្តិ / ភ្នំពេញៈ មន្ត្រី​ជំនាញ នៃ​ក្រសួងទេសចរណ៍ បានលើកឡើង​នូវ គោលដៅ​សហគមន៍ អេកូ​ទេសចរណ៍​អាទិភាព ចំនួន ៤ កន្លែង ដែលមាន​សក្ដានុពល​ខ្លាំង លើ​វិស័យ​ទេសចរណ៍ និង​កំពុង​ទាក់ទាញ​ភ្ញៀវទេសចរ បាន​យ៉ាងច្រើន គ្រាន់តែ​មិនទាន់ មានការ​ជួយ​អភិវឌ្ឍន៍​បន្ថែម ដែល​ទាមទារ​ឱ្យមាន ការជួយជ្រោមជ្រែង ពី​អន្តរក្រសួង – ស្ថាប័ន​ពាក់ព័ន្ធ​។​

​ការលើកឡើង​យ៉ាង​ដូច្នេះ នៅក្នុង​កិច្ចប្រជុំ​លើក​ទី​៥ របស់​ក្រុមការងារ​អន្តរក្រសួង​គ្រប់គ្រង និង​អភិវឌ្ឍន៍​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍ នា​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ ក្រោម​អធិបតីភាព​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ជា​ប្រធាន​ក្រុមការងារ អន្តរក្រសួង និង​មានការ​ចូលរួម ពី​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ ក្រុម​កា​ងារ​អន្តរក្រសួង រដ្ឋមន្ត្រី​ប្រតិភូ អម​តំណាង​ក្រសួង – ស្ថាប័ន​ពាក់ព័ន្ធ មួយចំនួនទៀត​។​

​នាឱកាស​នោះ អង្គប្រជុំ​បានលើកឡើង នូវ​គោលដៅ​សហគមន៍​ទេសចរណ៍​អាទិភាព ចំនួន ៤​កន្លែង រួមមាន​៖ សហគមន៍​ទេសចរណ៍ ធម្មជាតិ​រលាក់​កងជើង (​ភ្នំ​ខ្នង​ផ្សារ​) ស្ថិតនៅ​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។ សហគមន៍​នេសាទ ផាត់​សណ្ដាយ ស្ថិតនៅ​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។ សហគមន៍​អេកូ​ទេសចរណ៍ ទឹក​ជប់​ខ្នារ​ពោធិ៍ ស្ថិតនៅ​ស្រុក​សូទ្រនិគម ខេត្តសៀមរាប និង​សហគមន៍​ទេសចរណ៍ ទួល​ព័ន្ធ​តា​ឡី (​បឹង​ស្នេហ៍​) ស្ថិតនៅ​ស្រុក​ស្វាយ​អន្ធរ ខេត្តព្រៃវែង​។​

​សហគមន៍​ទាំង ៤ នេះ ជា​សហគមន៍ ដែល​ទើបតែ​បង្កើត​ថ្មី ហើយក៏​ទើបតែ​បញ្ចូល​សកម្មភាព និង​សេវាកម្ម​ទេសចរណ៍ ថ្មីថ្មោង​ផងដែរ ដែល​ទាមទារ​ឱ្យមាន ការជួយ​អភិវឌ្ឍន៍ ដល់​សហគមន៍​បន្ថែម ពី​សំណាក់​ក្រសួងទេសចរណ៍ និង​ក្រសួង​-​ស្ថាប័ន ពាក់ព័ន្ធ​ដទៃទៀត​។​

​បញ្ហា​នៅ​ចំពោះមុខ ដែល​កំពុងមាន ក្នុង​សហគមន៍​ទាំងនោះ រួមមាន​៖ បញ្ហា​ខ្វះ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ត​ភ្ជាប់​ទៅកាន់​សហគមន៍​។ បញ្ហា​ផ្លូវ​ធ្វើដំណើរ មិនទាន់​ស្រួលបួល ។ បញ្ហា​បរិស្ថាន អនាម័យ និង​សំរាម ខ្វះ​ទឹកស្អាត និង​អគ្គិសនី​ប្រើប្រាស់ ប្រព័ន្ធ​សេវា​ទូរស័ព្ទ និង​អ៊ិន​ធើ​ណេ​ត ដំណើរការ​មិនទាន់​ល្អប្រសើរ មិនទាន់មាន​ការបណ្ដុះ​បណ្ដាល មគ្គុទ្ទេសក៍​ទេសចរណ៍ ការផ្សព្វផ្សាយ និង​ចំណុច​ខ្វះចន្លោះ ជាច្រើន​ទៀត​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​ខ្វះខាត​នេះ ក្រសួងទេសចរណ៍ បានស្នើ​ដល់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ត្រៀម​ជួយ​អភិវឌ្ឍន៍ រួមគ្នា​ជា​កញ្ចប់ៗ ទៅដល់​សហគមន៍ ដើម្បីឱ្យ​គោលដៅ​ទេសចរណ៍ សហគមន៍​ទាំងនោះ មានការ​រីកចម្រើន ប្រកបដោយ​ចីរភាព នវានុវត្តន៍ និង​ការទទួលខុសត្រូវ​។​ ក្រសួងទេសចរណ៍ នឹង​បន្ត​ស្រាវជ្រាវ រក​សហគមន៍​ទេសចរណ៍ ដែលមាន​អាទិភាព​ផ្សេងទៀត ដើម្បី​ជួយ​អភិវឌ្ឍន៍​បន្តទៀត ពាក់ព័ន្ធ​នឹង​ករណី​ដូចគ្នា ខាងលើនេះ​។​

​អង្គប្រជុំ បានបញ្ជាក់​ទៀតថាៈ ថ្វី​ដ្បិត​ការរីក​រាលដាល ជំងឺ​កូ​វីដ​-១៩ ជា​ឧបសគ្គ​ក៏ពិតមែន ប៉ុន្តែ​ក៏​វា​ជា​ឱកាស ក្នុងការ​ជំរុញ​ចលនា​ទេសចរណ៍ ក្នុងស្រុក ទៅកាន់​សហគមន៍​ទេសចរណ៍ និង​តំបន់​អេកូ​ទេសចរណ៍ ផងដែរ ដែល​វា​បាន​ចូលរួមចំណែក ក្នុងការ​កាត់បន្ថយ ផលប៉ះពាល់​ពី​ជំងឺ​កូ​វីដ​នេះ​។ ក្នុង​បរិបទ នៃ​ការរីក​រាលដាល ជំងឺ​កូ​វីដ​-១៩ ឥរិយាបថ​របស់​ភ្ញៀវទេសចរ បាន​ងាក​ត្រឡប់​ទៅរក ដំណើរ​ទេសចរណ៍​បែប​ផ្សងព្រេង សហគមន៍​ទេសចរណ៍ និង​តំបន់​អេកូ​ទេសចរណ៍ ច្រើនជាង​គោលដៅ​ទេសចរណ៍ បែប​ប្រមូលផ្ដុំ​។​

​ជាមួយគ្នា​នោះ លោក ថោង ខុន បានឱ្យដឹង​ដែរ​ថាៈ ការបញ្ចូល​សកម្មភាព ទេសចរណ៍ និង​អេកូ​ទេសចរណ៍ នៅក្នុង​សហគមន៍ ដែលមាន​សក្តានុពល បានផ្តល់​ប្រយោជន៍​ជាច្រើន ដូចជា​ការបង្កើត​ការងារ ប្រាក់ចំណូល និង​ការអភិវឌ្ឍ នៅតាម​មូលដ្ឋាន​ផ្ទាល់ មិន​ថា​សហគមន៍​នោះ ស្ថិតក្រោម​ក្រសួង ណា​ឡើយ​។ តួយ៉ាង ដូច​ក្នុងករណី​របស់ សហគមន៍​តំបន់ការពារធម្មជាតិ រលាក់​កងជើង របស់​ក្រសួងបរិស្ថាន សហគមន៍​នេសាទ ផាត់​សណ្ដាយ របស់​រដ្ឋបាល​ជលផល សហគមន៍​អេកូ​ទេសចរណ៍ ទឹក​ជប់​ខ្នារ​ពោធិ៍ របស់​រដ្ឋបាល​ព្រៃឈើ និង​សហគមន៍​ទេសចរណ៍ ទួល​ព័ន្ធ​តា​ឡី (​បឹង​ស្នេហ៍​) ដែលមាន​ការចូលរួម របស់​ក្រសួង​ពាក់ព័ន្ធ​ជាច្រើន​។​

​លោក​បានផ្ដល់​អនុសាសន៍ មួយចំនួន​ជូន​ដល់​អង្គប្រជុំ ក៏ដូចជា ក្រុមការងារ​អន្តរក្រសួង -​ស្ថាប័ន​ពាក់ព័ន្ធ មួយចំនួន​ផងដែរ ក្នុងនោះ​រួមមានៈ​
​លេខាធិការដ្ឋាន ត្រូវ​សម្របសម្រួល ជាមួយ​តំណាង​ក្រសួង – ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ដោះស្រាយ​បញ្ហា ជូន​សហគមន៍ ខាងលើ​។ ឯកភាព​ក្នុងការ​រៀបចំ វេទិកា​ជាតិ​អេកូ​ទេសចរណ៍ លើក​ទី​២ ប៉ុន្តែ​ស្នើសុំ​រៀបចំ តាម​ស្មារតី​អង្គប្រជុំ និង​ស្ថានភាព​ជាក់ស្ដែង ស្របតាម​វិធាន​សុវត្ថិភាព​ទេសចរណ៍ ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​។​

​លេខាធិការដ្ឋាន ត្រូវធ្វើ​របាយការណ៍ អំពី​លទ្ធផល នៃ​កិច្ចប្រជុំ​នេះ គោរព​ជូន រាជរដ្ឋាភិបាល ដើម្បី​ជ្រាប និង​ផ្តល់​អនុសាសន៍​ណែនាំ​។ ក្រុមការងារ ត្រូវខិតខំ​រៀបចំ​កិច្ចប្រជុំ ក្រុមការងារ​លើក​ទី​៦ យ៉ាងយូរ ៦ ខែ​ទៀត ដើម្បី​ជំរុញ​ការដោះស្រាយ បញ្ហា​នានា​របស់​សហគមន៍ ដូចដែល​យើង បានដាក់​ចេញ នា​កិច្ចប្រជុំ​លើក​ទី​៥ នេះ ៕​/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មន្ត្រីកម្ពុជាចូលរួមកិច្ច...

ដោយ: ជាសីហៈ/ភ្នំពេញ: កាលព...

សម្តេច​ក្រឡាហោម ស ខេង បញ្...

ដោយ​: មុនី​រត្ន / ភ្នំពេញ...

ណា​មី​ប៊ី​សម្បូរ​ដំរី​ពេក...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ព្រះសង្ឃ​មី​យ៉ាន់​ម៉ា​ផ្ត...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...