ដោយៈ រ៉ូហ្សា / តាកែវៈ គណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា សហការជាមួយ អនុគណៈកម្មាធិការ ស្ប៉េស្យាល់អូឡាំពិក ខេត្តតាកែវ រៀបចំការប្រកួតកីឡា ស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២០ ដែលមានប្រតិភូកីឡា សរុបចំនួន ៨១ មកពីជុំវិញខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព លោក ហឿង សុផុន អនុរដ្ឋលេខាធិការ តំណាងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធាន គណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំកកម្ពុជា។
លោក ហឿង សុផុន បានមានប្រសាសន៍ថាៈ គណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា ជាអង្គការមិនរកប្រាក់កម្រៃ មានការទទួលខុសត្រូវ ក្នុងការអភិវឌ្ឍចលនាកីឡា ជនបញ្ញាខ្សោយ ទាំងក្មេង ទាំងចាស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ គណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិក ជាអង្គការសង្គមកីឡា ដែលទទួលបន្ទុកជនពិការ ខ្សោយសតិបញ្ញា ឱ្យទទួលបានសិទ្ធិពេញលេញ ក្នុងការចូលរួមសកម្មភាព ក្នុងសង្គម តាមរយៈវិស័យកីឡា ដែលធ្វើឱ្យពួកគាត់ ទទួលបាននូវសុខុមាលភាព និងមានភាពក្លាហាន មានបញ្ញាស្មារតីរឹងមាំ សីលធម៌ថ្លៃថ្នូរ និងភាពរាក់ទាក់ ពីសំណាក់អាណាព្យាបាល និងកីឡាករ កីឡាការិនី ដទៃទៀត និងជៀសផុតពីការរើសអើងផ្សេងៗ នៅក្នុងសង្គម។

លោកបានបន្តថាៈ អង្គការនេះ ជានិច្ចកាល តែងតែយកចិត្តទុកដាក់ ដល់ការពង្រឹង និងពង្រីក ចលនាកីឡាជនបញ្ញា ខ្សោយ នៅតាមបណ្តាខេត្តនានា។ ដើម្បីឆ្លុះបញ្ចាំងនូវវឌ្ឍភាព កីឡាស្ប៉េស្យាល់អូឡាំពិក ថ្នាក់រាជធានី ខេត្ត គណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានកំណត់គោលដៅ ការប្រកួតថ្នាក់តំបន់ នៅតាមបណ្តាខេត្ត ដូចជាថ្ងៃនេះស្រាប់ គណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា សហការជាមួយ អនុគណៈកម្មាធិការ ស្ប៉េស្យាល់អូឡាំពិក ខេត្តតាកែវ រៀបចំការប្រកួតថ្នាក់ខេត្ត រវាងខេត្តតាកែវ កំពត និងកំពង់ស្ពឺ ដើម្បីជ្រើសរើសកីឡាករឆ្នើម ទៅចូលរួមការប្រកួតថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០។ ក្រៅពីនេះ យើងបានសហការ ជាមួយអង្គការ សមាគមនានា ដែលបានគ្រប់គ្រង ជនពិការខ្សោយសតិបញ្ញា ដើម្បីផ្តល់ឱកាសដល់ក្មួយៗ ជនពិការខ្សោយសតិបញ្ញា បានហ្វឹកហាត់ និងចូលរួមប្រកួតកីឡា ដែលបង្ហាញនូវ ការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ដល់ជនពិការ មិនតែប៉ុណ្ណោះ យើងមានច្បាប់ ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ទៀតផង។

ទោះបីជាយ៉ាងណាក៏ដោយ ការវិវឌ្ឍនៅមានកម្រិត ដោយចលនាកីឡាស្ប៉េស្យាល់អូឡាំពិក ពឹងផ្អែកលើការជួយឧបត្ថម្ភ ទាំងសម្ភារ ថវិកា ពីអង្គការជាតិ អន្តរជាតិ និងសប្បុរសជននានា។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជួយជំរុញ លើកទឹកចិត្ត និងឧបត្ថម្ភ ថវិកាដល់ចលនា កីឡាស្ប៉េស្យាល់អូឡាំពិក និងប្រាក់រង្វាន់លើកទឹកចិត្ត ដល់អត្តពលិក គ្រូបង្វឹក គ្រូបង្វឹកជំនួយ ដែលបានចូលរួមប្រកួត ជាលក្ខណៈអន្តរជាតិ ដោយមានចែងនៅក្នុងអនុក្រឹត្យ៕/V




