តួកគីនិងអ៊ីរ៉ង់បង្កើនការដាក់ពង្រាយដ្រូនទៅភាគខាងជើងអ៊ីរ៉ាក់

239
ចែករម្លែក

តួកគីនិងអ៊ីរ៉ង់កំពុងតែដាក់ពង្រាយច្រើនឡើងនូវដ្រូន “កែប្រែស្ថានការណ៍” សម្រាប់ជាជម្រើសអាវុធរបស់ពួកគេប្រឆាំងនឹងក្រុមឧទ្ទាមឃឺដនៅភាគខាងជើងអ៊ីរ៉ាក់ ដោយបង្កបារម្ភចំពោះសុវត្ថិភាពរបស់ជនស៊ីវិលនិងបង្កភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ។

លោក ម៉ូហាម៉ាត់ ហាសសាន់ អភិបាលក្រុងក្វានឌីល ដែលជាមូលដ្ឋានរឹងមាំរបស់គណបក្សពលករឃឺដ (PKK) ខុសច្បាប់របស់តួកគីនៅលើទឹកដីអ៊ីរ៉ាក់ បាននិយាយថា “ពួកយើងមើលឃើញដ្រូនមិនដែលលោះថ្ងៃណាម្តងឡើយ”។

លោកហាសសាន់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “ពួកវាហោះហើរទាបខ្លាំងណាស់សូម្បីអ្នកក្រុងក្វានឌីលក៏អាចមើលឃើញពួកវាដោយភ្នែកទទេដែរ”។

បក្ស PKK បានប្រើប្រាស់ទីក្រុងក្វានឌីលអស់រយៈពេលជាច្រើនទសវត្សរ៍ធ្វើជាមូលដ្ឋានបង្អែកសម្រាប់ការងើបបះបោររបស់ខ្លួនប្រឆាំងនឹងប្រទេសតួកគី។

គណបក្សប្រជាធិបតេយ្យអ៊ីរ៉ង់ឃឺដ (PDK-I) មានមូលដ្ឋានបង្អែកស្រដៀងគ្នានៅតំបន់ដាច់ស្រយាលដទៃទៀតនៃតំបន់ឃឺដអ៊ីរ៉ាក់ កន្លែងដែលពួកគេបើកការវាយប្រហារឆ្លងកាត់ព្រំដែនចូលអ៊ីរ៉ង់។

តួកគីនិងអ៊ីរ៉ង់ចាត់ទុកក្រុមឧទ្ទាមឃឺដជា “ក្រុមភេរវករ” ហើយរៀបចំជាញឹកញាប់នូវការវាយប្រហារឆ្លងកាត់ព្រំដែន ការវាយប្រហារតាមអាកាស និងការបាញ់គ្រាប់កាំភ្លើងធំទៅលើមូលដ្ឋាននានារបស់ពួកឃឺដនៅអ៊ីរ៉ាក់។

ចាប់ផ្តើមក្នុងឆ្នាំ ២០១៨ ប្រទេសទាំងពីរបានចាប់ផ្តើមប្រើប្រាស់ដ្រូនសម្រាប់ឈ្លបយកការណ៍និងថែមទាំងដាក់គោលដៅធ្វើឃាតនៅភាគខាងជើងអ៊ីរ៉ាក់ទៀតផង។

ក្រុមអ្នកវិភាគនិងអ្នកស្រុកនៅតំបន់ដែលរងផលប៉ះពាល់បានប្រាប់ AFP ថាការប្រើប្រាស់ដ្រូនត្រូវបានពង្រីកយ៉ាងខ្លាំងចាប់តាំងពីប្រទេសតួកគីបានបើកការវាយប្រហារជាថ្មីនៅក្នុងខែមិថុនា។

ក្រុមសកម្មជននិយាយថា ភូមិព្រំដែនរាប់សិបនិងកសិដ្ឋាននៅជាប់ៗនោះត្រូវបានបោះបង់ចោលដោយអ្នកស្រុកដែលមានការភ័យខ្លាច។

ការវាយប្រហារដោយដ្រូនក៏បានរារាំងប្រជាជនយ៉ាហ្ស៊ីឌីសរាប់ពាន់នាក់មិនឱ្យវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញនៅស្រុកស៊ីនចា នៅជិតព្រំដែនស៊ីរីផងដែរ ជាកន្លែងដែលបក្ខពួក PKK មានវត្តមានហើយនាពេលបច្ចុប្បន្ននេះ។

អភិបាលក្រុងស៊ីនចាលោក ម៉ាម៉ា ខាលីល បានប្រាប់ AFP ថា “ការទម្លាក់គ្រាប់បែករបស់តួកគីបង្កឱ្យមានការភ័យខ្លាចយ៉ាងខ្លាំងដូច្នេះប្រជាជនយ៉ាហ្សីឌីសមិនវិលត្រឡប់មកផ្ទះវិញទេ”៕ ដោយ ៖ កញ្ញាដាលីស

តួកគីនិងអ៊ីរ៉ង់ដាក់ពង្រាយដ្រូនច្រើនឡើងនៅភាគខាងជើងអ៊ីរ៉ាក់

ទីតាំងផ្សាយពាណិជ្ជកម្ម