ប្រទេសអាម៉េនីកាលពីថ្ងៃពុធទី៣០កញ្ញាបានថតបង្ហោះតាមអនឡាញនូវអ្វីដែលខ្លួនអះអាងថា ជាកំទេចយន្តហោះSU-25របស់ខ្លួនដែលត្រូវយន្តហោះប្រដេញតួកគីមួយបាញ់ទម្លាក់កាលពីមួយថ្ងៃមុន។
ទោះជាយ៉ាងណា ទាំងតួកគីនិងសម្ពន្ធមិត្តអាហ្ស៊ែរបៃហ្សង់ បានបដិសេធការអះអាងរបស់រដ្ឋាភិបាលក្រុងយ៉េរេវ៉ាន ដែលថាយន្តហោះF-16របស់តួកគីមួយបានបាញ់ទម្លាក់យន្តហោះអាម៉េនី សម្លាប់អ្នកបើកយន្តហោះម្នាក់នោះ។
កាលពីថ្ងៃពុធ ក្រសួងការពារជាតិអាម៉េនីបាននិយាយថា អាកាសយានិកដែលបាត់បង់ជីវិតក្នុងយន្តហោះSU-25នេះឈ្មោះ វ៉ាឡេរី ដាណេលីន។
ការប្រយុទ្ធគ្នារវាងកងកម្លាំងអាម៉េនីនិងអាហ្ស៊ែរបៃហ្សង់ដោយសារទឹកដីណាហ្ក័រណូ-ការ៉ាបាក់ បានចូលដល់ថ្ងៃទី៤កាលពីថ្ងៃ៣០កញ្ញា ក្នុងការផ្ទុះជម្លោះខ្លាំងបំផុតរវាងអតីតសាធារណរដ្ឋសូវៀតទាំងពីរចាប់តាំងពីមានបទឈប់បាញ់ឆ្នាំ១៩៩៤មក។
ជំនួយការរបស់ប្រធានាធិបតីអាហ្ស៊ែរបៃហ្សង់ ម្នាក់បាននិយាយថា យន្តហោះSU-25របស់អាម៉េនី២គ្រឿងត្រូវបានបំផ្លាញកាលពីថ្ងៃអង្គារ ក្រោយធ្លាក់បុកភ្នំមួយនិងបានចោទប្រកាន់រដ្ឋាភិបាលក្រុងយេរ៉េវ៉ានថាបាននិយាយភូតកុហកថា យន្តហោះត្រូវបានបាញ់ទម្លាក់។

អាម៉េនីបង្ហាញខ្មោចយន្តហោះ តែទាំងតួកគីនិងអាហ្ស៊ែរបៃហ្សង់ បានបដិសេធការអះអាងរបស់រដ្ឋាភិបាលក្រុងយ៉េរេវ៉ាន ដែលថាយន្តហោះF-16របស់តួកគីមួយបានបាញ់ទម្លាក់យន្តហោះអាម៉េនី
នៅពេលភាគីទាំងពីរហាក់នៅខ្លាំងរៀងខ្លួនដោយម្ខាងៗអះអាងថាបានសម្លាប់ទាហាននៃភាគីម្ខាងទៀតរាប់រយនាក់ រុស្ស៊ីបានសុំរៀបចំកិច្ចពិភាក្សាស្តីការបញ្ចប់ការប្រយុទ្ធគ្នារវាងកងកម្លាំងនៃប្រទេសទាំងពីរ។
លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី សឺហ្គេ ឡាវរ៉ូវ បានធ្វើសំណើដូច្នេះនៅក្នុងការនិយាយទូរស័ព្ទទៅកាន់រដ្ឋាភិបាលនៃប្រទេសមានជម្លោះទាំងពីរ នេះបើតាមការអះអាងរបស់ការិយាល័យរបស់លោក។
កាលពីថ្ងៃពុធ ប្រធានាធិបតី រុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន ក៏បានពិភាក្សាការប្រយុទ្ធគ្នានេះជាមួយប្រធានាធិបតីបារាំង អេមម៉ានុយអែល ម៉ាក្រុង ហើយមេដឹកនាំទាំងពីរបានបញ្ជាក់អះអាងសាជាថ្មីអំពីការអំពាវនាវរបស់មេដឹកនាំពិភពលោកអោយមានបទឈប់បាញ់បន្ទាន់មួយ ខណៈប្រធានាធិបតីអាហ្ស៊ែរបៃហ្សង់ បានប្តេជ្ញាប្រយុទ្ធទាល់តែកងកម្លាំងអាម៉េនីចាកចេញពីទឹកដីរបស់ខ្លួន។
សូមបញ្ជាក់ថា តំបន់ណាហ្ក័រណូ-ការ៉ាបាក់មានជនជាតិអាម៉េនីរស់នៅភាគច្រើននេះ តែជាទឹកដីអាហ្ស៊ែរបៃហ្សង់ ។ក្នុងអំឡុងសហភាពសូវៀតក្រោមការដឹកនាំរបស់ស្តាលីន វាត្រូវបានដាក់វាជាតំបន់ស្វយ័តតែបន្ទាប់ពីសហភាពសូវៀតរលំរលាយ អាម៉េនីបានទាមទារអោយគេផ្ទេរតំបន់នេះមកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ខណៈក្រុមផ្តាច់ខ្លួនគាំទ្រដោយរដ្ឋាភិបាលក្រុងយេរ៉េវ៉ាន(អាម៉េនី) ប្រកាសបង្កើតសាធារណរដ្ឋមួយដោយឯកឯងនៅទីនោះ។
អាហ្ស៊ែរបៃហ្សង់ ដោយមានការគាំទ្រជាចំហពីតួកគីទាំងស្មារតីនិងយោធា បានបដិសេធជាហេតុនាំអោយមានការផ្ទុះសង្គ្រាមចាប់តាំងពីឆ្នាំ១៩៨៨ និងបទឈប់បាញ់មួយនៅឆ្នាំ១៩៩៤៕ប្រែសម្រួល៖វាសនា