ដោយៈ វ៉ៃកូ / ស្វាយរៀងៈ នារីបីនាក់ បានរងរបួសធ្ងន់ ដោយសាររថយន្ត និងម៉ូតូ បានបុកគ្នា ក្នុងទិសដៅបញ្ច្រាសទិសគ្នា នៅវេលាម៉ោង ៩ និង១០នាទីយប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅលើផ្លូវលេខ៣១៩B (ផ្លូវកំពង់ស្ពាន) ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ច បានឲ្យដឹង ពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍នេះថាៈ រថយន្តម៉ាក តូយ៉ូតា កាមរី ហាយប្រ៊ីត ពណ៌ស ពាក់ស្លាកលេខ កណ្តាល 2A-0636 បើកបរដោយឈ្មោះ (មិនស្គាល់អត្តសញ្ញាណ) បើកបរទិសដៅ ពីខាងជើង ទៅខាងត្បូង លុះមកដល់ចំណុចកើតហេតុ ខាងលើ ក៍បានបុកប៉ះម៉ូតូម៉ាកហុងដា វ៉េវ ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FF-9184 បើកបរដោយឈ្មោះ ចាន់ បុប្ផា អាយុ ១៦ឆ្នាំ (ម៉ូតូមានកញ្ចក់មើលក្រោយ) បណ្តាលអោយរងរបួសធ្ងន់ ត្រង់ក្បាល និងអ្នករួមដំណើរចំនួន ពីរនាក់ មានឈ្មោះ អាំង អៀន អាយុ ១៣ ឆ្នាំ រងរបួសធ្ងន់ (បាក់ភ្លៅខាងស្តាំ) និងឈ្មោះ យុក ចន្ទ័ភក្តី អាយុ ១៩ ឆ្នាំ របួសធ្ងន់ (បាក់កដៃខាងស្តាំ) ។ នារីជនជាតិខ្មែរ ទាំងបីនាក់នេះ មានមុខរបរ ធ្វើក្រចក ហើយគ្មានពាក់មួកសុវត្ថិភាព ដូចគ្នា និងមានទីលំនៅ នៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ជាមួយគ្នា។ អ្នករងរបួសទាំង បីនាក់ ត្រូវបានក្រុមគ្រួសារ បញ្ជួនទៅព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត នៅក្រុងភ្នំពេញ។
សមត្ថកិច្ច បានឲ្យដឹងទៀតថាៈ ក្រោយពីបុកម៉ូតូរួច អ្នកបើកបររថយន្ត បានបើករថយន្ត រត់គេចចេញពីកន្លែងកើតហេតុ មកដល់ចំណុចផ្លូវក្រវាត់ក្រុង ស្ថិតក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត រថយន្តបង្កនេះ ក៍បានធ្លាក់ចូលប្រឡាយ ខាងត្បូងផ្លូវ ។ ចំណែកអ្នកបើកបររថយន្ត ក៍បានរត់គេចខ្លួនបាត់ ។
សមត្ថកិច្ចជំនាញ បានអះអាងថាៈ មូលហេតុដែលបណ្តាលឲ្យមាន គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ គឺបណ្តាលមកពី អ្នកបើកបររថយន្ត មិនប្រកាន់ស្តាំ។ រថយន្ត ខូចខាតស្រាល និងម៉ូតូខូចខាតធ្ងន់ ហើយវត្ថុតាងទាំងពីរនេះ ត្រូវបានសមត្ថកិច្ច យកមករក្សាទុក នៅអធិការដ្ឋាននគរបាល ក្រុងបាវិត ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕/V