ដោយៈ ទេពកង្រី / កំពង់ឆ្នាំង: នៅពេលចេញល្បាត ក្នុងភូមិសាស្ត្រក្រុងកំពង់ឆ្នាំង នគរបាលក្រុង បានបង្ក្រាបករណីជាក់ស្ដែងមួយ ដោយបានឃាត់ខ្លួន ក្មេងទំនើង ជាជនសង្ស័យ ពីរនាក់ ក្នុងចំណោមបីនាក់ នៅពេលពួកគេ បំរុងធ្វើសកម្មភាពកាប់គ្នា នៅសួនច្បារថ្មី សម្ដេចចៅហ្វាវាំង នៅវេលាម៉ោង ៨ យប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ។
អធិការនគបាល ក្រុងកំពង់ឆ្នាំង លោកវរៈសេនីយ៍ឯក ឆាយ ខេមរ័ត្ន បានអោយដឹងថាៈ ករណីនេះ កើតមាននៅចំណុចសួន សម្ដេចចៅហ្វាយវាំង (សួនថ្មីស៊ីម៉ាក់) គឺនៅពេលកងកម្លាំងល្បាត បានជួបក្រុមក្មេងទំនើង មួយក្រុម មានគ្នាចំនួនបីនាក់ ជិះម៉ូតូមួយគ្រឿង ប្រដាប់ដោយដាវកែច្នៃ ចំនួន២ដើម។ ពេលនៅកម្លាំងសមត្ថកិច្ច បានឃាត់ឲ្យឈប់ ជនសង្ស័យ ក៏បានជិះម៉ូតូបម្រុងរត់គេចខ្លួន ពេលនោះ សមត្ថកិច្ចយើង ក៏បានឃាត់ខ្លួន បានជនសង្ស័យ ចំនួន ពីរ នាក់ ដកហូតបានដាវកែច្នៃ ចំនួនពីរដើម ម៉ូតូមួយគ្រឿង ចំណែកក្រុមជនសង្ស័យ ម្នាក់ទៀត បានរត់គេចខ្លួនបាត់។
ជនសង្ស័យទាំងពីរ ដែលបានឃាត់ខ្លួននោះ មានៈ ឈ្មោះ សួន ភាលី អាយុ២០ឆ្នាំ និងឈ្មោះ ឌឹម ផាន់ណា អាយុ ២២ ឆ្នាំ ។ យុវជន ជាជនសង្ស័យទាំងពីរ នាក់ មានទីលំនៅ នៅភូមិ អាទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក៏ប៉ុន្តែបច្ចុប្បន្ន មកស្នាក់នៅភូមិ ម៉ុងបារាំង សង្កាត់ប្អេរ ក្រុងខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្ន សមត្ថកិច្ច បានបញ្ជូនជនសង្ស័យទាំង ពីរនាក់ រួមនឹងវត្ថុតាង ទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្ត តាមនីតិវិធី ៕/V


