ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាឆ្លើយយតបចំពោះការចោទ​ប្រកាន់របស់អ.ស.ប

149
ចែករម្លែក

ដោយៈមុនី​រ័ត្ន/ភ្នំពេញៈ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា នៅហ្សឺណែវ បានសម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះការផ្សព្វផ្សាយនាពេលថ្មីៗនេះ លើបណ្តាញសង្គមរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅភ្នំពេញ ពាក់ព័ន្ធនឹងការដកស្រង់ព័ត៌មានតែមួយជ្រុងនិងពុំមានតុល្យភាព ចេញពីរបាយការណ៍ទាំងមូលរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ (អ .ស .ប)ស្តីពីការបំភិតបំភ័យនិងការសងសឹកចំពោះបុគ្គលដែលសហការ ជាមួយអ.ស.ប និងយន្តការសិទ្ធិមនុស្សរបស់ អ.ស.ប។

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាបាន​បន្តថា របាយការណ៍របស់អគ្គលេខាធិការ អ.ស .ប បានផ្អែកយ៉ាងខ្លាំងទៅលើការអធិប្បាយរបស់អ្នករាយការណ៍ពិសេស ដែលផ្តោតលើភាគីតែម្ខាងនិងពុំបានផ្ទៀងផ្ទាត់ត្រឹមត្រូវ។ រាជរដ្ឋាភិបាលកម្ពុជាតែងតែពិនិត្យដោយ យកចិត្តទុកដាក់បំផុតចំពោះរាល់ការចោទប្រកាន់នានា។ កិច្ចការនេះត្រូវបានឆ្លុះបញ្ចាំងតាមរយៈការបញ្ជូនជូនអគ្គលេខាធិការ អ.ស.ប នូវការបកស្រាយបំភ្លឺទាន់ពេលវេលា ដែលត្រូវបានដាក់បញ្ចូលទៅក្នុងឧបសម្ព័ន្ធ១ (កថាខណ្ឌ១៩ ទំព័រ២៣) នៃរបាយការណ៍របស់អគ្គលេខាធិការ អ.ស.ប។ ក្នុងន័យនេះ គេត្រូវចោទសួរភាពស្មោះត្រង់និងហេតុផលរបស់ការិយាល័យនេះ ដែលច្បិចយកតែមួយផ្នែកនៃរបាយការណ៍ ហើយពុំបង្ហាញនូវផ្នែកពាក់ព័ន្ធនឹងការឆ្លើយតបរបស់រាជរដ្ឋាភិបាល។ ទង្វើបែបនេះនឹងធ្វើអោយចុះខ្សោយនូវសុច្ចរិតភាព ឯករាជ្យភាព និងភាពទុកចិត្តបានរបស់ស្ថាប័ន អ.ស.ប មួយនេះ។

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាបានលើកឡើងថា ការចោទប្រកាន់ថា បុគ្គលដែលបានសហការជាមួយយន្តការសិទ្ធិមនុស្សរបស់ អ.ស.ប ត្រូវបានបំភិតបំភ័យឬសងសឹក គឺជាការបំផ្លើសទាំងស្រុង។ តំណាងជាច្រើនរបស់អង្គការសង្គមស៊ីវិលកម្ពុជា បានចូលរួមកិច្ចប្រជុំនានាដោយផ្ទាល់ នៅទីក្រុងហ្សឺណែវ របស់គណៈកម្មការទទួលបន្ទុកតាមសិទ្ធិសញ្ញារបស់អ.ស.ប។ អង្គការជាច្រើនផ្សេងទៀតក៏បានចូលរួមបញ្ជូនបញ្ជីបញ្ហារបស់ពួកគេទៅយន្តការសិទ្ធិមនុស្សនេះ ដើម្បីពិនិត្យពិចារណា។ យ៉ាងណាមិញ ពួកគេនៅបន្តអនុវត្តសកម្មភាពរបស់ពួកគេស្របតាមច្បាប់ ដោយគ្មានការយាយីឬការសងសឹកអ្វីឡើយ។ ដូចប្រទេសដទៃទៀតដែរ វត្តមានរបស់មន្ត្រីនគរបាលនៅក្បែរទីកន្លែងរៀបចំព្រឹត្តិ​ការ​ណ៍ផ្សេងៗមិនគួរ ត្រូវបានបកស្រាយថាជាការគំរាមកំហែង ការបំភិតបំភ័យ ឬការរំខានឡើយ។ ពួកគេគ្រាន់តែបំពេញភារកិច្ចរបស់ខ្លួន ដើម្បីបង្ការភាពចលាចល ឬអសន្តិសុខនានា ដែលអាចកើតឡើងជាយថាហេតុ។ ពួកគាត់ត្រូវបានណែនាំយ៉ាងច្បាស់ឲ្យប្រកាន់ខ្ជាប់យ៉ាងហ្មត់ចត់ទៅតាមខ្លឹមសារនៃសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃស្ដីពីការធ្វើសកម្មភាពស្របច្បាប់របស់អង្គការសង្គមស៊ីវិល។

ពាក់ព័ន្ធនឹងការជួបសម្ភាសន៍សម្ងាត់ជាមួយជនជាប់ឃុំក្នុងពន្ធនាគារ ច្បាប់ស្តីពីពន្ធនាគាររបស់ប្រទេសកម្ពុជា អនុញ្ញាតឱ្យមេធាវីការពារក្តី និងយន្តការបង្ការថ្នាក់ជាតិដើម្បីទប់ស្កាត់ទារុណកម្ម អាចធ្វើការសម្ភាសន៍ជាសម្ងាត់បាន។ អនុគណៈកម្មាធិការទទួលបន្ទុកបង្ការប្រឆាំងនឹងទារុណកម្មរបស់ អ.ស.ប ក៏ត្រូវបានអនុញ្ញាតដូចគ្នានេះដែរ។ ប៉ុន្តែអ្នករាយការណ៍ពិសេស មិនស្ថិតនៅក្នុងប្រភេទណាមួយខាងលើនោះឡើយ ។

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាបានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយរាល់បញ្ហាប្រឈមនានាដែលអង្គការសង្គមស៊ីវិលជួបប្រទះ តាមរយៈយន្តការជាតិនិងថ្នាក់ក្រោមជាតិ ដែលមានស្រាប់ រួមទាំងវេទិកាភាពជាដៃគូ ដែលបានរៀបចំជាទៀងទាត់៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម