ពួកមន្ត្រីក្រសួងការពារជាតិអាម៉េរិកបាននិយាយថា យន្តហោះគ្មានមនុស្សបើក ឬដ្រូនប្រមាញ់និងពិឃាតMQ-9 Reapersឥឡូវត្រូវបានបញ្ចូលកម្មវិធី(ប្រូក្រាម)សំរាប់ប្រតិបត្តិការក្នុងសមុទ្រចិនខាងត្បូងម្តុំអាស៊ីអាគ្នេយ៍ ជាហេតុនាំអោយចិនធ្វើការតវ៉ាទៅអាម៉េរិកយ៉ាងខ្លាំង។
សូមបញ្ជាក់ថា យានMQ-9 Reaperមួយត្រូវបានអាម៉េរិកប្រើនៅឆ្នាំនេះដើម្បីធ្វើឃាតមេបញ្ជាការកំពូលអ៊ីរ៉ង់ ឧត្តមសេនីយ៍ កាសេម សូឡេម៉ានី នៅក្រុងបាដាត កាលពីខែមករា។
ពួកអ្នកវិភាគនិយាយថា ដ្រូនពិឃាតនេះ អាចហោះបាន៤០ម៉ោងនិងកំពស់ខ្ពស់បំផុត១,២គីឡូម៉ែត្រ អាចផ្ទុកកាំជ្រួចពីអាកាសទៅដី និងគ្រាប់បែកបញ្ជានាំផ្លូវដោយកម្មរស្មីឡាហ្ស៊ែរ រហូតដល់ទម្ងន់២,៥តោន។
តែអ្នកជំនាញសន្តិសុខនៅក្រុងប៉េកាំង បានច្រានចោលគំនិតបែបនេះ ដោយកាសែតរដ្ឋចិនGlobal Times បាននិយាយថា យានMQ-9នេះមិនជាការប្រឈមធំទេសំរាប់ចិន។
គេថា មេៗយោធាអាម៉េរិក បានបញ្ជូនដ្រូនប្រដាប់អាវុធទំនើបបំផុតទៅកាន់សមុទ្រចិនខាងត្បូង ជាការឆ្លើយតបនឹងសមយុទ្ធរបស់ចិនកាន់តែគគ្រឹកគគ្រេងនៅក្នុងតំបន់នេះ
អ្នកជំនាញអាកាសចរណ៍ចិន លោកភូ គានស៊ាវ បាននិយាយថា ដ្រូនប្រភេទនេះមិនមានសមត្ថភាពបំបាំងខ្លួន និងហោះក្នុងល្បឿនយឺតហើយទាប ដែលងាយស្រួលសំរាប់ការបំផ្លាញពីកងកាំជ្រួចពីដីទៅអាកាស។ យន្តហោះយកការណ៍ប្រដាប់អាវុធ តួយ៉ាង MQ-9 នេះអាចត្រូវបញ្ជូនទៅធ្វើប្រតិបត្តិការបានតែជាមួយប្រទេសតូចតាចដែលមិនមានកងកម្លាំងប្រដាប់អាវុធជឿនលឿន គឺប្រទេសមិនមានសមត្ថភាពដែនអាកាសគ្រប់គ្រាន់ប៉ុណ្ណោះ ហើយដ្រូនអាម៉េរិកជាច្រើនត្រូវបានបាញ់ទម្លាក់នៅបេសកកម្មស្រដៀងគ្នា។
ព័ត៌មានស្តីពីការបញ្ជូនចេញដ្រូនMQ-9 នេះកើតឡើងនៅពេលចិនធ្វើសមយុទ្ធយោធាផ្សេងគ្នា៥ក្នុងពេលដំណាលគ្នានៅជិតឆ្នេររបស់ខ្លួន និងជាលើកទី២ក្នុងរយៈពេល២ខែមកនេះ ដែលចិនប៉េកាំងបានធ្វើសមយុទ្ធយោធាច្រើនក្នុងពេលដំណាលគ្នា ចំពេលតំបន់នេះមានការកើនឡើងភាពតានតឹង។
រដ្ឋបាលសុវត្ថិភាពសមុទ្រចិនបាននិយាយថា សមយុទ្ធ២ត្រូវបានធ្វើឡើងនៅជិតប្រជុំកោះប៉ារ៉ាសែលក្នុងសមុទ្រចិនខាងត្បូង មួយនៅសមុទ្រចិនខាងកើត និងមួយនៅក្នុងសមុទ្របូហៃចាប់ពីថ្ងៃចន្ទមក។សមយុទ្ធមួយទៀត រួមមានការបាញ់គ្រាប់ពិតនៅផ្នែកនៃសមុទ្រលឿង ត្រូវចាប់ផ្តើមកាលពីថ្ងៃពុធ ទី៣០កញ្ញា។
កាលពីខែមុន ចិនបានប្រកាសធ្វើសមយុទ្ធយោធា៤ក្នុងពេលដំណាលគ្នាចាប់ពីសមុទ្របូហៃ ទៅសមុទ្រចិនខាងកើត សមុទ្រលឿងរហូតដល់សមុទ្រចិនខាងត្បូង ដើម្បីហ្វឹកហាត់និងរក្សាកម្លាំងត្រៀមប្រយុទ្ធ ៕ប្រែសម្រួល៖វាសនា

នាវាចិនកំពុងធ្វើសមយុទ្ធនៅជិតប្រជុំកោះប៉ារ៉ាសែល