Home ព័ត៌មានជាតិ វប្បធម៌ សត្វត្មាត គឺជ...

សត្វត្មាត គឺជាសត្វចង្រៃ នាំគ្រោះដល់មនុស្ស ពិតមែនឬ ?

ដោយៈសុខុម/ស្ទឹងត្រែង: ចាស់ជំនាន់មុនយល់ថា ឲ្យតែឃើញសត្វត្មាត ហើរចូលភូមិស្រុក កន្លែងណា ភូមិនោះ នឹងកើតមានគ្រោះចង្រៃ មកលើមនុស្ស ជាពុំខាន។ បើឃើញវាហើរទៅផ្តុំ នៅទីណា នឹងមានសត្វធំៗ ងាប់ ឬ មនុស្សឈឺស្លាប់។ នេះគឺជាអបិយជំនឿ ដែលមានតាំងពីបុរាណ រហូតមកទល់នឹងសព្វថ្ងៃ នៅក្នុងសង្គមខ្មែរយើង។ ក៏ប៉ុន្តែ អ្នកសិក្សាស្រាវជ្រាវ យល់ឃើញថា សត្វត្មាត គឺជាសត្វបក្សី មួយប្រភេទ ដែលរស់នៅក្នុងព្រៃធម្មជាតិ ហោះហើរលើអាកាស បានយ៉ាងខ្ពស់ រាប់គីឡូ ផុតពីដី ។ រីឯភ្នែករបស់វា អាចមើលបានចម្ងាយ រាប់គីឡូម៉ែត្រ និងស៊ីសាច់សត្វងាប់ ជាចំណី។

ក្រុមអ្នកអភិរក្សសត្វត្មាត បានចាត់ទុកថាៈ សត្វត្មាត មានប្រយោជន៍ ជួយសម្អាតគំរង់ខ្មោចសត្វងាប់ ហើមរលួយ ស្អុយ ឱ្យអស់ តាមរយៈ វាស៊ីចំណី មិនឱ្យឆ្លង រោគមកមនុស្សបាន។ បែបនេះហើយ បានជាក្រុមអង្គការក្រៅរដ្ឋាភិបាល យកចិត្តទុកដាក់ អភិរក្សសត្វ ដ៏កម្រប្រភេទនេះ ដើម្បីកុំឱ្យវាផុតពូជ។

មន្ត្រីអភិរក្សសត្វត្មាត ប្រចាំខេត្តស្ទឹងត្រែង បានពន្យល់ថាៈ ត្មាត គឺជាសត្វមួយប្រភេទ ជិតផុតពូជ និងមានសារៈប្រយោជន៍ ជួយដល់មនុស្ស ។ អីចឹងហើយ ទើបមានការអភិរក្ស ឱ្យនៅគង់វង្ស ។ បើដឹងថា វារស់នៅកន្លែងណាមួយ យើងត្រូវសិក្សា តាមដាន និងស្វែងរកសំបុករស់នៅ របស់វាជាមុន ដើម្បីតាមអភិរក្ស។

មន្ត្រីអភិរក្ស កំពុងបម្រើការងារ ជាមួយជនបរទេស មួយរូប ប្រចាំខេត្តស្ទឹងត្រែង បាននិយាយថាៈ បើយើងចង់ដឹង ពីការរស់នៅ របស់សត្វត្មាត ជាដំបូង ត្រូវប្រមូលព័ត៌មាន និងចុះសិក្សា សាកសួរជាមួយអ្នកភូមិ ធ្លាប់ឃើញវត្តមានសត្វត្មាត ។ ជាលទ្ធផល គេនឹងអាចស្វែងរកកន្លែងរស់នៅ និងធ្វើសំបុកបន្តពូជ ត្មាតបានដោយងាយ ។

បន្ទាប់មកទៀត គឺការគ្រប់គ្រងសត្វត្មាត។ សត្វមានស្លាប រស់នៅក្នុងព្រៃធម្មជាតិ ហោះហើរ ទៅណាមកណា មិនទៀងទាត់ផង តែគេអាចគ្រប់គ្រងវាបាន។ ចំណុចនេះ មន្ត្រីអភិរក្ស បានបង្ហើបថាៈ គេគ្រប់គ្រងសត្វត្មាត មិនបានទាំងស្រុងនោះទេ ។ គេប្រើចំណី ក្នុងមួយខែ យ៉ាងតិចពីរដង ឱ្យវាស៊ី ដើម្បីកុំឱ្យវាទៅឆ្ងាយ ។ បើកាលណា សត្វនោះ ធ្លាប់បានចំណីហើយ វាក៏មិនទៅណាឆ្ងាយដែរ ។ កន្លែងដែលវារស់នៅ ទៀតសោតគឺ ក្នុងព្រៃរបោះ មានសភាពស្ងប់ស្ងាត់បំផុត ។

មន្ត្រីអភិរក្ស បានបញ្ជាក់ថាៈ ដោយសារតែសត្វ ប្រភេទនេះ វាចូលចិត្តស៊ីសត្វងាប់ ជាចំណី ទើបគេកាប់សត្វធំៗ ដូចជា គោ និង ក្របី មួយក្បាល រាល់ពីរដង ក្នុងមួយខែ ។ យ៉ាងហោចណាស់ ក្នុងមួយខែ ត្រូវចំណាយសត្វគោ និងក្របី ពីរ ក្បាល ដើម្បីកាប់ឱ្យត្មាតស៊ី ។ គេអាចដឹងពីចំនួនរបស់វា តាមរយៈភ្ជាប់ កាមេរ៉ាវីដេអូ ថតនៅកន្លែងឱ្យចំណី កាប់គោក្របី នោះតែម្តង និងការសង្កេតមើលជាក់ស្តែង ។ វិធីនេះ គេក៏អាចស្គាល់ ពីប្រភេទសត្វត្មាត ផងដែរ។

នៅក្នុងប្រទេសកម្ពុជា សត្វត្មាត មានបីប្រភេទគឺ ត្មាតភ្លើង ត្មាតប្រផេះ និងត្មាតត្នោត។ ត្មាតទាំងបីប្រភេទនេះ កំពុងរងការបាត់បង់ទីជម្រក ខ្វះចំណីអាហារ ដោយសារការបរបាញ់ និងដាក់ថ្នាំបំពុល៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular