ដាក់​ឱសានវាទ ៣០​ថ្ងៃ ឲ្យ​ជនជាតិ​វៀតណាម ដែល​រស់​នៅលើ​ផ្ទះទឹក ឡើងគោក​អោយអស់​

121
ចែករម្លែក

ដោយ:ទេពកង្រី/កំពង់ឆ្នាំង: រដ្ឋបាលខេត្ត​កំពង់ឆ្នាំង បានដាក់​ឱសានវាទ ៣០​ថ្ងៃ ដោយ​គិត​ចាប់​ពីថ្ងៃ​ជូនដំណឹង នៅ​ថ្ងៃទី​៣០ ខែកញ្ញា រហូតដល់​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២០ ឲ្យ​ជនជាតិ​វៀតណាម ដែល​រស់​នៅលើ​ផ្ទះទឹក ឡើងគោក​អោយអស់ ក្នុង​គោលបំណង ដើម្បី​ចូលរួម​ថែរក្សា​បរិស្ថាន​ទឹក និង​ជីវចម្រុះ​ក្នុង​ទន្លេសាប ឱ្យបាន​ស្ថិតស្ថេរ គង់វង្ស សម្រាប់​យើងទាំងអស់គ្នា នាពេល​បច្ចុប្បន្ន និង​កូនចៅ​ជំនាន់​ក្រោយ ។ ចំណែក មន្ត្រី​ស្ថានទូត​វៀតណាម ប្រចាំ​នៅ​កម្ពុជា បាន​អះអាងថា លោក​នៅតែ​គាំទ្រ ទៅលើ​ចំណាត់ការ របស់​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង ។​

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ បាន​ត្រូវ​លើកឡើង នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ នូវ​សេចក្តីជូនដំណឹង ស្ដីពី​ផែនការ​បន្ត​បន្លាស់​ទី អ្នក​ដែល​រស់​នៅលើ ផ្ទះ​បណ្ដែត​ទឹក នៅ​ក្រុង​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០ នេះ ក្រោម​វត្តមាន ស្នងការរង​នគរបាល ខេត្តកំពង់ឆ្នាំង លោក លុយ​ឌី​ណា និង​លោក ជុន ថា​រិ​ទ្ធ រួម​នឹង​លោក ឡាយ ស៊ុន​ជៀន មន្ត្រី​ស្ថានទូត​វៀតណាម ប្រចាំ​ប្រទេស​កម្ពុជា និង​លោក​ង្វៀង យ៉ាំ​ប៊ែ​រ ប្រធាន​សមាគម​វៀតណាម ប្រចាំខេត្ត​កំពង់ឆ្នាំង ព្រមទាំង​មានការ​ចូលរួម​ពី ប្រជាពលរដ្ឋ​វៀតណាម រស់នៅ​លើ​បែ​ចិញ្ចឹម​ត្រី ក្នុង​ដង​ទន្លេសាប ក្រុង​កំពង់ឆ្នាំង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី លុយ ឌី​ណា ស្នងការរង​នគរបាល ខេត្តកំពង់ឆ្នាំង បានអោយដឹង តាម​ទូរស័ព្ទ នៅ​ថ្ងៃទី​១ ខែតុលា នេះ​ថាៈ ប្រជាពលរដ្ឋ​វៀតណាម ដែល​រស់​នៅលើ​បែ​ចិញ្ចឹម​ត្រី ក្នុង​ក្រុង​កំពង់ឆ្នាំង មាន ៣៤២ បែ ដែលមាន​មនុស្ស​រស់នៅ និង ២៩ បែ​ទៀត មិនមាន​មនុស្ស​នៅទេ ។ លោក​បានបញ្ជាក់ ពី​ស្ថានភាព នៃ​ការរស់នៅ​របស់ ប្រជាពលរដ្ឋ​វៀតណាម ទាំងនោះ នៅពេល​លោក​បាន​អញ្ជើញ ទៅ​ប្រជុំ​ផ្សព្វផ្សាយ អោយ​ប្រជាពលរដ្ឋ​វៀតណាម ដែល​កំពុង​រស់នៅ លើ​ទីតាំង​បណ្ដោះអាសន្ន លើ​បែរ​ចិញ្ចឹម​ត្រី​ទាំងអស់ ឲ្យ​មក​រស់នៅ​ទីតាំង​ថ្មី ដែល​បានរៀបចំ ស្ថិតនៅ​ភូមិ​ដំបូក​កោះ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង លើ​ផ្ទៃដី​របស់ សមាគម​វៀតណាម ៤០ ហិកតា ដែល​បាន​ដំណើរការ​រៀបចំ បាន​ប្រមាណ​ជា ២០ ហិកតា រួចរាល់​ហើយ​។​

​លោក​បាន​អោយដឹងទៀតថាៈ យោងតាម​សេចក្តីជូនដំណឹង លេខ​៦២៦ ចុះ​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២០ របស់​សាលាខេត្ត​កំពង់ឆ្នាំង បាន​បញ្ជាក់ថា​:
១-​បងប្អូន​ប្រជាពលរដ្ឋ ឬ​ជនអន្តោប្រវេសន៍ ដែល​កំពុង​រស់នៅ លើ​ទីតាំង​បណ្តោះអាសន្ន និង​កំពុង​រស់នៅ​លើ ផ្ទះ​បណ្តែត​ទឹក ដែលមាន​បែ​ចិញ្ចឹម​ត្រី ពី​ខាងក្រោម សូម​ទំនាក់ទំនង ជាមួយ​ក្រុមការងារ​ចម្រុះ របស់​រដ្ឋបាលខេត្ត ដើម្បី​បន្លាស់​ទី មក​រៀបចំ​ការរស់នៅ​ទីតាំង​ថ្មី នៅ​ភូមិ​ដំបូក​កកោះ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ស្របតាម​ច្បាប់ និង​គោលការណ៍​ជា​ធរមាន ។​

​ពេលវេលា​អនុវត្ត ចាប់​ពីថ្ងៃ​ជូនដំណឹង រហូតដល់​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២០ ឱ្យបាន​រួចរាល់ ។ ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​២០២០ តទៅ គណៈបញ្ជាការ​ឯកភាព រដ្ឋបាលខេត្ត មិន​អនុញ្ញាត​ឱ្យមាន ទីលំនៅ​អចិន្ត្រៃយ៍ លើ​បែ​ចិញ្ចឹម​ត្រី និង​ក៏​មិន​អនុញ្ញាត​ឱ្យមាន ការរស់នៅ​លើ​ទីតាំង បណ្តោះអាសន្ន​ទៀត​ទេ ។​

២-​ចំពោះ​បែ​ចិញ្ចឹម​ត្រី ក្រុមការងារ​ចម្រុះ រដ្ឋបាលខេត្ត ត្រូវ​រៀបចំ​ធ្វើការ ឱ្យ​រុះរើ​ជញ្ជាំង រុះរើ​ដំបូល​ចេញ ដោយ​ខ្លួនឯង បើ​មិន​អនុវត្តតាម​ខាងលើ ក្រុមការងារ មាន​វិធានការ​អនុវត្ត ឬ​ដោយ​ប្រើប្រាស់ កម្លាំង​សមត្ថកិច្ច តាមផ្លូវ​ច្បាប់ នៃ​ប្រទេស​កម្ពុជា ។​

៣-​ប្រធាន​មន្ទីរ​អង្គភាព​ជំនាញ និង​រដ្ឋបាល​ក្រុង ស្រុក ឃុំ​/​សង្កាត់ ពាក់ព័ន្ធ​មាន​ភារកិច្ច ចូលរួម​សហការ ទៅតាម​តួនាទី ភារកិច្ច រៀងៗ​ខ្លួន ដើម្បីឱ្យ​ការរៀបចំ​បន្លាស់​ទីប​ន្ត និង​រៀបចំ​ការរស់នៅ​កន្លែង​ថ្មី របស់​ប្រជាពលរដ្ឋ មាន​លក្ខណៈ​ល្អប្រសើរ​។

៤-​គណៈបញ្ជាការ​ឯកភាព រដ្ឋបាលខេត្ត សូម​ការយោគយល់ អធ្យាស្រ័យ និង​សូម​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​ស្ថាប័ន​ពាក់ព័ន្ធ សូម​ចូលរួម​អនុវត្ត សេចក្តីជូនដំណឹង​នេះ ឱ្យសម្រេចបាន​លទ្ធផល​ល្អ ដើម្បី​ឈានទៅ​រៀបចំ ការរស់នៅ​របស់ ប្រជាពលរដ្ឋ ឱ្យបាន​ត្រឹមត្រូវ និង​ចូលរួម​ថែរក្សា​បរិស្ថាន​ទឹក និង​ជីវចម្រុះ​ក្នុង​ទន្លេសាប ឱ្យបាន​ស្ថិតស្ថេរ គង់វង្ស សម្រាប់​យើងទាំងអស់គ្នា នាពេល​បច្ចុប្បន្ន និង​កូនចៅ​ជំនាន់​ក្រោយ​។​

៥-​គណៈបញ្ជាការ​ឯកភាព រដ្ឋបាលខេត្ត សូមបញ្ជាក់ ដោយ​ម៉ឺងម៉ាត់​ថាៈ ចាប់ពី​ខែកញ្ញា ឆ្នាំ​២០២០ នេះ តទៅ មិន​អនុញ្ញាត​ឱ្យមាន​ការតាំង ទីលំនៅ​អចិន្ត្រៃយ៍ (​ផ្ទះ​រស់នៅ ឬ​អាជីវកម្ម លើផ្ទះ​បណ្តែត​ទឹក ស្ថិត​លើ​ផ្ទៃ​ទឹក​ទន្លេសាប នៅ​ទូទាំង​ខេត្ត តទៅទៀត​ទេ ។​

​មន្ត្រី​ស្ថានទូត​វៀតណាម ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​និយាយ​អោយដឹង តាមរយៈ​អ្នកបកប្រែ​ភាសា​ខ្មែរ​ថាៈ ទាំង​អាជ្ញាធរខេត្ត មន្ត្រី​ស្ថានទូត​វៀតណាម ទាំង​ពលរដ្ឋ​កម្ពុជា និង​ពលរដ្ឋ​វៀតណាម គឺ​ត្រូវ​ដល់ពេល ដែល​ត្រូវ​អភិវឌ្ឍន៍ ប្រទេសជាតិ អោយបាន​ល្អប្រសើរ​ហើយ គឺ​ការ​បម្លាស់​ទី​ឡើងគោក វា​ពិតជា​មានការ​លំបាក ពិតមែន ក៏ប៉ុន្តែ​យ៉ាងណា លោក​នៅតែ​គាំទ្រ ទៅលើ​ចំណាត់ការ របស់​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង ៕​/b /V

ទីតាំងផ្សាយពាណិជ្ជកម្ម