អង្គការមូលនិធិកុមារUNICEFកាលពីថ្ងៃពុធទី៣០កញ្ញាបានក្លាយជាទីភ្នាក់ងារទី៣របស់អង្គការសហប្រជាជាតិដែលបើកការស៊ើបអង្កេតផ្ទៃក្នុងលើការរំលោភបំពានផ្លូវភេទលើស្ត្រីច្រើននាក់នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដោយសន្យាថានឹងផ្តល់ផលវិបាកធ្ងន់ធ្ងរចំពោះពួកអ្នកប្រព្រឹត្ត។
អង្គការUNICEFបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វាត្រូវបានធ្វើឱ្យមានការភ្ញាក់ផ្អើលដែលតាមសេចក្តីរាយការណ៍ថា មនុស្សមួយចំនួនដែលគេស្គាល់ថាជាបុគ្គលិកររបស់អង្គការUNICEFបានរំលោភបំពានលើស្ត្រីងាយរងគ្រោះនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។
គេមិនទាន់ដឹងច្បាស់ទេថាតើបុគ្គលិករបស់អង្គការUNICEFចំនួនប៉ុន្មាននាក់ត្រូវបានចោទប្រកាន់។
អង្គការនេះបានបន្ថែមថា “វានឹងមានផលវិបាកធ្ងន់ធ្ងរសម្រាប់បុគ្គលិកណាដែលត្រូវបានរកឃើញថាបានរំលោភបំពានផ្លូវភេទ” ។
កាលពីថ្ងៃពុធ អង្គការអន្តរជាតិសម្រាប់ជនអន្តោប្រវេសន៍ (IOM) បាននិយាយថាខ្លួនក៏កំពុងស៊ើបអង្កេតការចោទប្រកាន់អំពីការរំលោភបំពានផ្លូវភេទនិងការបៀតបៀនផ្លូវភេទដោយបុគ្គលិកម្នាក់របស់ខ្លួនក្នុងកំឡុងពេលមានវិបត្តិជំងឺអេបូឡា(Ebola) នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងខណៈដែលអង្គការសុខភាពពិភពលោក បានធ្វើការប្រកាសអំពីការស៊ើបអង្កេតស្រដៀងគ្នានេះកាលពីថ្ងៃអង្គារ។
សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីរបាយការណ៍ស៊ើបអង្កេតរយៈពេលមួយឆ្នាំដែលបានចេញផ្សាយកាលពីថ្ងៃអង្គារដោយអង្គការមូលនិធិ Thomson Reuters និង New Humanitarian ។
មូលនិធិបានរកឃើញថា ស្ត្រីជាង៥០ នាក់បានចោទប្រកាន់បុគ្គលិកផ្តល់ជំនួយជំងឺEbola មួយចំនួន ដែលមកពីអង្គការសុខភាពពិភពលោកនិងអង្គការដែលដឹកនាំដោយក្រៅរដ្ឋាភិបាលអំពីការបៀនបៀនផ្លូវភេទដោយរួមទាំងការស្នើពួកគេរួមភេទដោយបង្ខំជាថ្នូរនឹងការផ្តល់ការងារ បើមិនដូច្នេះទេ បញ្ចប់កិច្ចសន្យាការងារនៅពេលពួកគេបដិសេធ។
ការរំលោភបំពានដែលបានចោទប្រកាន់ទាំងនេះបានកើតឡើងក្នុងអំឡុងវិបត្តិជំងឺEbola ឆ្នាំ ២០១៨-២០២០ ៕ប្រែសម្រួល៖សុខា/sn
អង្គការUNICEF បានផ្តល់ជំនួយជាច្រើនដោយជាផ្តល់កន្លែងលាងដៃសម្អាតក្នុងអំឡុងពេលផ្ទុះជំងឺEbola កាលពីពេលថ្មីៗនេះ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ