បេក្ខនារីបវរកញ្ញាចក្រវាលថៃដែលសង្ឃឹមឈ្នះខ្ពស់ជាងគេត្រូវបានបណ្តេញចេញពីការប្រកួត ព្រោះលួចបញ្ជូនមនុស្សមកស៊ើបការណ៍

15489
ចែករម្លែក

បេក្ខនារីបវរកញ្ញាចក្រវាលថៃដែលសង្ឃឹមឈ្នះខ្ពស់ជាងគេ ឈ្មោះថា ឆៃយ៉ាថានូស សារ៉ាដាតតា រហស្សនាម “ចែរ៉ាម” ត្រូវបានដកចេញពីការប្រកួតកាលពីថ្ងៃពុធ (៣០ កញ្ញា) ដោយសារប្រើមនុស្សផ្ទៃក្នុងម្នាក់ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនរបស់នាង។

ឆៃយ៉ាថានូស សារ៉ាដាតតា(កណ្តាល)

លោកស្រី ពីយ៉ាផន សានកូស៊ីក នាយកប្រតិបត្តិនៃកម្មវិធី TPN ២០១៨ ដែលជាអ្នករៀបចំកម្មវិធីប្រកួតបវរកញ្ញាចក្រវាលថៃ បានធ្វើសន្និសីទកាសែតដើម្បីប្រកាសពីការដកបេក្ខនារីរូបនេះចេញពីការប្រកួត ដោយនិយាយថា អ្នកចូលរួមប្រកួតទាំងអស់ត្រូវតែគោរពតាមវិធាននិងបទបញ្ញត្តិលម្អិតនៅក្នុងកិច្ចសន្យាដែលពួកគេបានចុះហត្ថលេខា។

លោកស្រីក៏បានចង្អុលបង្ហាញផងដែរថា កិច្ចសន្យាបានបញ្ជាក់យ៉ាងច្បាស់ថាមិនឱ្យយកអ្នកខាងក្រៅណាម្នាក់ធ្វើជាអ្នកណែនាំនោះទេ ហើយអ្នករៀបចំកម្មវិធីរក្សាសិទ្ធិដើម្បីដកសិទ្ធិរបស់បេក្ខនារី ប្រសិនបើនាងបំពានច្បាប់។

លោកស្រីពីយ៉ាផនក៏បាននិយាយផងដែរថាលោកស្រីមានភស្តុតាងដើម្បីគាំទ្រការបណ្តេញចេញនេះ ក្នុងករណីដែលនាងសារ៉ាដាតតាចង់យករឿងនេះឡើងទៅតុលាការ។

លោកស្រីបានពន្យល់បកស្រាយថា លោកស្រីមានវីដេអូសុវត្ថិភាពបង្ហាញអំពី “អ្នកខាងក្រៅ” ដែលជាអ្នកគ្រប់គ្រងរបស់នាងសារ៉ាដាតតា ដែលបានចូលរួមការប្រជុំលើសពីបីដង។

លោកស្រីពីយ៉ាផនបាននិយាយថា “នាងចែរ៉ាមបានទូរស័ព្ទនិយាយថា នាងនឹងឱ្យអ្នកគ្រប់គ្រងផ្ទាល់របស់នាង ដែលបានមើលថែនាងអស់រយៈពេល ២ ឆ្នាំ មកជួបខ្ញុំ។ ប៉ុន្តែនៅពេលថ្ងៃនោះមកដល់ ខ្ញុំមានការភ្ញាក់ផ្អើល នៅពេលដែលបានឃើញគាត់ (គាត់បន្លំខ្លួនធ្វើជាបុគ្គលិក TPN)”។

លោកស្រីពីយ៉ាផននិយាយថា “នាងគឺជាក្មេងស្រីដែលមានអាកប្បកិរិយាល្អហើយយើងស្រឡាញ់នាង ប៉ុន្តែច្បាប់គឺជាច្បាប់”។

ជាមួយគ្នានេះដែរនៅក្នុងបទសម្ភាសន៍តាមកញ្ចក់ទូរទស្សន៍ បេក្ខនារីរូបនេះបាននិយាយថានាងបានទទួលយកការសម្រេចចិត្តនេះហើយបានសុំទោសដែលមិនបានអានកិច្ចសន្យារបស់នាងដោយយកចិត្តទុកដាក់។ ចំណែកឯអ្នកគ្រប់គ្រងរបស់នាងឈ្មោះ ស៊ីថីឆៃ រីអូវីរ៉ូច បានអះអាងថាមិនបានឃើញកិច្ចសន្យានោះទេ៕ ដោយ ៖ កញ្ញាដាលីស

នាងឆៃយ៉ាថានូស សារ៉ាដាតតា ត្រូវបានដកចេញពីការប្រកួតបវរកញ្ញាចក្រវាលថៃ

ទីតាំងផ្សាយពាណិជ្ជកម្ម