មូលនិធិ​ជនពិការ និង ស្ថានទូត​អូស្ត្រាលី ផ្តល់​សម្ភារ​ការពារ​កូ​វីដ ១៩ ដល់ មជ្ឈមណ្ឌល​ស្តារ​លទ្ធភាព​ពលកម្ម ព្រៃវែង​

109
ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ សម្ភារ​មួ​ចំនួន​សម្រាប់​ការពារ​ការឆ្លង​រីក​រាលដាល នៃ ជំងឺ​កូ​វីដ ១៩ ក្នុងនោះ​រួមមាន អាកុល ចំនួន ៤៩០ ដប ម៉ាស់​វះកាត់ ចំនួន ៣៥ ប្រអប់ ម៉ាស់​ក្រមា ចំនួន ៤៩០ ម៉ាស់ និង ស្រោមដៃ​ចំនួន ២០ ប្រអប់ ត្រូវបាន​មូល​និ​ធី​ជនពិការ និង ស្ថានទូត អូស្ត្រាលី ប្រចាំ កម្ពុជា ប្រគល់ជូន​ដល់ មជ្ឈមណ្ឌល​ស្តារ​លទ្ធភាព​ពលកម្ម​កាយសម្បទា​ខេត្ត ព្រៃវែង កាលពី​ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ​២០២០ ។​


​លោក Pablo Kang ឯកអគ្គរាជទូត​ស្ថាន អូស្ត្រាលី ប្រចាំ កម្ពុជា បាន​ថ្លែងថា រដ្ឋាភិបាល នៃ ប្រទេស អូស្ត្រាលី តែងតែ​គាំទ្រ និង ធ្វើការ​យ៉ាង​ជិតស្និត​ជាមួយ​រាជរដ្ឋាភិបាល កម្ពុជា តាមរយៈ​កម្មវិធី Access លើ​សកម្មភាព​ដែល​ជួយ​អភិវឌ្ឍ​ដល់​ជនពិការ កុមារ និង ស្ត្រី ។ សម្រាប់​ការផ្តល់សេវា​ដល់​ជនពិការ កម្មវិធី Access បាន​ចូលរួម​ជួយ​ជា​ផ្នែក​បច្ចេកទេស និង​ថវិកា​ដល់ មូលនិធិ​ជនពិការ ក្នុងការ​រៀបចំ​សកម្មភាព​អភិវឌ្ឍ​សេវា​ស្តារ​លទ្ធភាព​ពលកម្ម​នៅ កម្ពុជា ។

​ពិធី​ប្រគល់ និង ទទួល សម្ភារ​ការពារ​ការឆ្លង​រីក​រាលដាល នៃ ជំងឺ​កូ​វីដ ១៩ ដល់​មជ្ឈមណ្ឌល​ស្តារ​លទ្ធភាព​ពលកម្ម​កាយសម្បទា ខេត្ត ព្រៃវែង ( រូបៈ ថុ​នា​)


​លោក ឯកអគ្គរាជទូត​ស្ថាន អូស្ត្រាលី បាន​បន្តថា សម្រាប់​បរិបទ​នៃ​ការរីក​រាលដាល​ជាស​កម្ម នៃ ជំងឺ​កូ​វីដ​១៩ នេះ ស្ថានទូត អូស្ត្រាលី ពិតជា​មាន​ក្តី​សោមនស្ស​ជាមួយនឹង​សមិទ្ធផល និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល កម្ពុជា ដែល​បាន​ទប់ស្កាត់​ជំងឺ​នេះ​បានល្អ ។ ដើម្បី ចូលរួម និង បង្កើន​កិច្ចសហការ​ល្អ​រវាង​ប្រទេស​ទាំង ២ រាជរដ្ឋាភិបាល អូស្ត្រាលី តាមរយៈ​ស្ថានទូត អូស្ត្រាលី ប្រចាំ​ប្រទេស កម្ពុជា បាន​ផ្តល់នូវ​សម្ភារ​ការពារ​ជំងឺ​កូដ​១៩ ជូន​មជ្ឈមណ្ឌល​ស្តារ​លទ្ធភាព​ពលកម្ម​កាយសម្បទា ៣ រួចមកហើយ គឺ​នៅ​ខេត្ត សៀមរាប តាកែវ និង មណ្ឌល​គៀន​ឃ្លាំង ( ភ្នំពេញ ) ។​


​លោក ជួរ រតនៈ នាយក​មូលនិធិ​ជនពិការ បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល អូស្ត្រាលី ដែល​បាន​ឧបត្ថម្ភ​នូវ​សម្ភារ​ការពារ​ទាំងនេះ ដល់​មជ្ឈមណ្ឌល​ស្តារ​លទ្ធភាព​ពលកម្ម​កាយសម្បទា ខេត្ត ព្រៃវែង ដែល​បានរួម​ចំណែក​ដល់​ការរក្សា​សុវត្ថិភាព​ដល់​ជនពិការ និង​មន្ត្រី​បម្រើសេវា ។ រយៈពេល ៩ ខែ ដើមឆ្នាំ ២០២០ នេះ សម្រាប់​មជ្ឈមណ្ឌល​ស្តារ លទ្ធភាព​ពលកម្ម​កាយសម្បទា ខេត្ត ព្រៃវែង បានផ្តល់​សេវា​ស្តារ​ជូន​ជនពិការ​ចំនួន ៦០១ នាក់ ដែលមាន​ការធ្លាក់ចុះ​ប្រមាណ ១៤ ភាគរយ នៃ ការផ្តល់សេវា​ក្នុង​ឆ្នាំ ២០១៩ ។ ដោយ​អនុវត្តតាម​ការណែនាំ​ពី ក្រសួងសុខាភិបាល និង​មាន​ការជួយ​គាំទ្រ​ពី​ក្រសួង​អាណាព្យាបាល​របស់ខ្លួន មូលនិធិ​ជនពិការ បាន​រក្សាបាន​នូវ​ការផ្តល់សេវា​ប្រកបដោយ​គុណភាព និង​សុវត្ថិភាព តាមរយៈ​ការរៀបចំ​ឱ្យមាន​ឧបករណ៍​ការពារ ការធ្វើ​អនាម័យ​ជាប្រចាំ ការផ្តល់​ជា​ម៉ាស់ និង ទឹក​អាកុល​ដល់​ជនពិការ​ដែល​មក​ទទួល​សេវា និង​ការណែនាំ​អប់រំ​ដល់​ជនពិការ ។​


​បន្ទាប់ពី​កម្មវិធី​ប្រគល់ និង ទទួល​សម្ភារ​ខាងលើ​នោះ​ទៅ ប្រតិភូ នៃ ស្ថានទូត​អូស្ត្រាលី បាន​ទស្សនៈកិច្ច​សិក្សា​លើ​សកម្មភាព នៃ ផ្តល់​សេវា​របស់​មជ្ឈមណ្ឌល​ស្តារ និង​បាន​សួរសុខទុក្ខ​ដល់​ជនពិការ​ដែល​កំពុងទ​ទួល​សេវា ។ បន្ទាប់មក ប្រតិភូ​ស្ថានទូត​អូស្ត្រាលី ក៏បាន​ចុះ​ពិនិត្យ​ពី​ស្ថានភាព​ជីវភាព​របស់​ជនពិកា​រ​នៅតាម​សហគមន៍​ចំនួន ២ នាក់ ដែល​ធ្លាប់​ទទួល​សេវា​ស្តារ​លទ្ធភាព​ពលកម្ម​ពី​មជ្ឈមណ្ឌល​ស្តារ​លទ្ធភាព​ពលកម្ម​កាយសម្បទា ខេត្ត ព្រៃវែង​៕ Kh

ទស្សនកិច្ចរបស់ប្រតិភូ បន្ទាប់ពីប្រគល់សម្ភារការពារកូវីដ ១៩ ( រូបៈ ថុនា)

ទីតាំងផ្សាយពាណិជ្ជកម្ម