ដោយៈសុផល/កំពង់ស្ពឺ ៖សហភាពសហព័ន្ធយុវជនកម្ពុជា(សសយក) និងក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) បានសហការគ្នាយ៉ាងស្អិតរមួតក្នុងពិធីសម្ពោធគម្រោង « AquaTower-AquaSan ឬប៉មចម្រោះទឹកស្អាតស្វ័យប្រវត្តិ &ម៉ាស៊ីនលាងសម្អាតបន្ទប់ទឹក» នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

លោក សំ រិទ្ធី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានិងលោក រស់ សោភានាយកផ្នែកច្បាប់ និងទំនាក់ទំនងកិច្ចការសាធារណៈប្រចាំប្រទេសរបស់ក្រុមហ៊ុនបានអញ្ជើញចូលរួមក្នុងពិធី សម្ពោធនេះ។

គម្រោងនេះ មានទិសដៅផ្តោតសំខាន់លើបង្កើន និងពង្រឹងសុខមាលភាពរបស់ប្រជាសហគមន៍កម្ពុជា ដោយចាប់ផ្តើមពីការប្រើប្រាស់ទឹកស្អាតមានសុវត្ថិភាព និងបន្ទប់ទឹកស្អាតក្នុងសាលារៀន ។ ប៉មចម្រោះទឹកស្អាតមួយនេះ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការផលិតទឹកស្អាតបានជាង ១០០០ លីត្រក្នុងមួយម៉ោង មានសុវត្ថិភាពអាចទទួលទានបានភ្លាមៗ។ ប៉មចម្រោះទឹកនេះបំពាក់ដោយប្រព័ន្ធចម្រោះ Ultra-Filtration technologyរបស់សហរដ្ឋអាមេរិកនិងផ្គុំដោយក្បាលរ៉ូបីណេទឹកចំនួន៦ប្រព័ន្ធអនាម័យសាប៊ូលាងដៃចំនួន៣ក៏ដូចជាម៉ាស៊ីនបាញ់ជម្រះបន្ទប់ទឹកហៅថា AquaSan ដើរដោយបន្ទះសូឡាដែលនឹងជួយសម្រួលដល់សិស្សានុសិស្សក្នុងការសំអាតបន្ទប់ទឹកស្របតាមគោលដៅរបស់សាលា ដើម្បីអនុវត្តបន្ទប់ស្អាត សាលារៀនគំរូ។ អង្គការមូលនិធិ Planet Water នឹងធ្វើលំហែទាំរយៈពេល ៥ ឆ្នាំ រាប់ចាប់ពីថ្ងៃដំឡើងដោយផ្តោតទៅលើការត្រួតពិនិត្យគុណភាព សុវត្ថិភាពទឹក ។
លោក រស់ សោភា បានមានប្រសាសន៍ថា «គម្រោងនេះ គឺជាផ្នែកមួយនៃចក្ខុវិស័យអាទិភាពជាសកលរបស់ក្រុមហ៊ុនកូកា-កូឡា ក្រោមគម្រោងឈ្មោះថា «ការគ្រប់គ្រងទឹក ឬ Water Stewardship» ដែលមានឆន្ទៈព្រមជាមួយការប្តេជ្ញាយ៉ាងមុតមាំចំពោះគោលដៅចម្បង ៣ គឺ សន្សំសំចៃទឹកក្នុងផលិតកម្ម ធ្វើប្រព្រឹត្តកម្មចម្រោះទឹកកខ្វក់មុននឹងបង្ហូរបញ្ចេញទៅស្ទឹងបឹងបួរ និងប្រគល់ត្រឡប់ទៅឲ្យសហគមន៍វិញនូវតំណក់ទឹកស្អាតមានសុវត្ថិភាពអាចពិសាបានភ្លាមៗ ដែលស្មើនឹងចំនួនតំណក់ទឹកដែលយើងបានប្រើប្រាស់ក្នុងការផលិតភេសជ្ជៈរបស់យើង»។លោកបានបន្តទៀតថា «ក្រុមហ៊ុន មានមោទនភាពដែលបានចូលរួមចំណែកក្នុងការគម្រោងនេះ ហើយយើងនៅមានប៉មចម្រោះទឹកស្អាតចំនួន ១ គ្រឿងទៀត ដែលបានត្រៀមរួចជាស្រេចសម្រាប់ដំឡើងក្នុងខេត្តកំពង់ចាម ក្នុងឆ្នាំ ២០២០នេះ»។
លោក សំ រិទ្ធី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានផ្តែផ្តាំថា «សូមលោកគ្រូ អ្នកគ្រូ និងក្មួយសិស្សានុសិស្ស ថែរក្សាសុខភាពអោយបានល្អដោយទទួលទានទឹកស្អាត និងអនាម័យ ពោលគឺទទួលទានទឹកដែលចម្រោះចេញពីប៉មAquatowerនេះ» លោកបានបន្តទៀតថា «សូមចូលរួមថែរក្សា និងកាពារប៉មចម្រោះទឹកនេះ អោយដូចជាសម្បត្តិផ្ទាល់ខ្លួន»។

សូមជម្រាបថា ប៉មចម្រោះទឹកស្អាត Aquatower នេះ គឺជាប៉មចម្រោះទឹកទី៤ ដែលបានតម្លើងនៅខេត្តកំពង់ស្ពឺនិងជាប៉មចម្រោះទឹកទី៣០ ដែលក្រុមហ៊ុនបានដំឡើងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្រោមកិច្ចសហការជាមួយដៃគូនានា បើគិតចាប់តាំងពីឆ្នាំ២០១៦មក។ តាមរយៈគម្រោងនេះ ក្រុមហ៊ុនបានផ្តល់ទឹកស្អាតដល់សហគមន៍នូវបរិមាណទឹកចំនួន ៨៨ លាន លីត្រ ដល់ប្រជាសហគមប្រមាណជាង ៦៩ ៨៣៧ នាក់ (ប្រាំមួយម៉ឺនប្រាំបួនពាន់ប្រាំបីរយសាមសិបប្រាំពីរ) រួមទាំងសិស្សានុសិស្ស អ្នកគ្រូលោកគ្រូនេះបើគិតចាប់តាំងពីឆ្នាំ២០១៦មក។ ph