ក្លិប Paris Saint Germain(PSG) កំពុងតែចរចា ដើម្បីសម្រេចកិច្ចព្រមព្រៀងខ្ចីជើងកីឡាករ ធីម៉ូ បាកាយ៉ូកូ (Tiemoue Bakayoko) ខ្សែបម្រើរបស់ក្លិប ឆេលស៊ី(Chelsea) ។
លោក ហ្វ្រែង ឡាំផាត (Frank Lampard) កំពុងត្រៀមជម្រុះចោលកីឡាករមួយចំនួនដែល ជាចំនួនលើសតម្រូវការ ហើយកីឡាករវ័យ២៦ឆ្នាំមិនបានបង្ហាញមុខសម្រាប់ក្រុម ឆេលស៊ី (Chelsea) ចាប់តាំងពីឆ្នាំ២០១៨ បន្ទាប់ពីលេងខ្ចីជើងមួយរយៈនៅក្លិបអាសេមីលេន( AC Milan) និងមូណាកូ( Monaco) ។
ក្លិប AC Milan សង្ឃឹមថា នឹងយល់ព្រមផ្តល់កិច្ចសន្យាលេងអចិន្ត្រៃយ៍សម្រាប់កីឡាករ បាកាយ៉ូកូ ប៉ុន្តែមានការខកចិត្តដោយសារតែការទាមទារតម្លៃរបស់ក្លិប Chelsea ស្របពេលក្លិប PSG ជាក្លិបនាំមុខគេក្នុងសម្រេចកិច្ចព្រមព្រៀងផ្ទេរកីឡាកររូបនេះ។
មានសេចក្តីរាយការណ៍ថា លោក ឡេអូណាដូ នាយកបច្ចេកទេសរបស់ក្លិប PSG កំពុងនាំមុខ ក្នុងការពិភាក្សាជាមួយប្រធានបច្ចេកទេស ម៉ារីណា ហ្គាណូវស្កាអៀ (Marina Granovskaia) ជុំវិញកិច្ចសន្យាដែលអាចខ្ចីជើងពេញមួយរដូវ កាលនិងលក្ខខណ្ឌទិញផ្តាច់ផងដែរ។
ក្លិប Chelsea ប្រហែលជាបើកចិត្តទទួលយកកិច្ចព្រមព្រៀងខ្ចីជើងតម្លៃ២,៧៥លានផោន ប៉ុន្តែនឹងពេញចិត្តលក់ខ្សែបម្រើរូបនេះតែម្តង។
ក្លិប PSG ក៏ត្រូវបានភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងផ្ទេរខ្សែការពារ អែនតូនីញ៉ូ រូឌីជ័រ (Antonio Rudiger ) ផងដែរ ប៉ុន្តែហាក់ដូចជាមិនទាន់ច្បាស់នៅឡើយទេនៅពេលសួរនាំអំពីការប៉ាន់ ប្រមាណកាលពីសប្តាហ៍មុន៕ ប្រែសម្រួល: ពិសិដ្ឋ
