ដោយៈប.ខុនភ្នំពេញៈសម្ពាធទាបនៅក្បែរឆ្នេរភាគអគ្នេយ៍ប្រទេសវៀតណាមខាងត្បូង នឹងបង្កឱ្យមានភ្លៀងធ្លាក់រាយប៉ាយច្រើនដល់ប្រទេសកម្ពុជាជាពិសេសតំបន់មាត់ សមុទ្រនៅថ្ងៃទី២ខែតុលាជាមួយនឹងខ្យល់បក់បោកខ្លាំងនិងរលកសមុទ្រខ្ពស់ៗ។ក្រសួងធនធានទឹកនិងឧតុនិយម កាលពីថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២០បាន ជូនដំណឹងស្តីពីការព្យាករស្ថានភាពអាកាសធាតុថា ចាប់ពីថ្ងៃទី៣០ខែកញ្ញា ដល់ ថ្ងៃទី៦ខែតុលាប្រព័ន្ធសម្ពាធទាបនៅតែបន្តអូសបន្លាយឆ្លងកាត់លើកម្ពុជា ដោយ ភ្ជាប់ជាមួយសម្ពាធទាបមួយ នៅលើសមុទ្រចិនខាងត្បូង ។
ក្នុងសេចក្តីជូនដំណឹងបានសរសរទៀតថាស្ថានភាពបែបនេះធ្វើឱ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាលចាប់ពីថ្ងៃទី ៣០ខែកញ្ញាដល់ថ្ងៃទី៣ខែតុលា អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុង កម្រិតពី តិចទៅមធ្យម ជាពិសេសនៅភាគពាយ័ព្យអាចមានធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីបង្គួរទៅច្រើន។
សម្រាប់បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរ ។ តំបន់មាត់សមុទ្រនៅអំឡុងពីថ្ងៃ ទី៣០ខែកញ្ញាដល់ថ្ងៃទី០២ខែតុលា អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតកម្រិតពីបង្គួរ ទៅច្រើន។
នៅក្នុងសេចក្តីជូនដំណឹងបានប្រាប់ដល់សាធារណជនឱ្យ ជ្រាបជា ព័ត៌មាន និងមានការប្រុង ប្រយ័ត្នខ្ពស់ ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងជំនន់ទឹកភ្លៀង ជាពិសេសប្រជាពលរដ្ឋ រស់នៅទីទំនាបក្បែរផ្លូវទឹក ជាប់តំបន់ភ្នំនៃបណ្តាខេត្តភាគពាយ័ព្យជាប់ប្រទេសថៃ បណ្តាខេត្តនៅតំបន់ មាត់សមុទ្រ និងបណ្តាខេត្តជាប់ជួរភ្នំក្រវាញ ។ ជាមួយគ្នានោះអ្នកនេសាទ និងអ្នកដំណើរសមុទ្រ សូមប្រុងប្រយ័ត្នចំពោះភ្លៀងខ្យល់ បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី ៣-៦ ខែតុលា ។
មន្ត្រីជំនាញឧតុនិយមក្រសួងធនធានទឹកនិងឧតុនិយមមួយរូបបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី១ខែតុលាថាសម្ពាធទាបនៅភាគអគ្នេយ៍នៃ ឆ្នេរប្រទេសវៀតណាមខាងត្បូងនឹងធ្វើឱ្យមានភ្លៀងធ្លាក់រាយប៉ាយច្រើននៅក្នុង ប្រទេសកម្ពុជានាថ្ងៃទី២ខែតុលា ពិសេសនៅភាគឦសាន និង តំបន់មាត់ សមុទ្រ ជាមួយនឹងខ្យល់ខ្លាំងរលកសមុទ្រខ្ពស់ៗពេលដែលសម្ពាធទាបនេះដើរទៅភាគអគ្នេយ៍ឆ្ងាយពីឆ្នេរនៃប្រទេសវៀតណាម។
ប្រភពខាងលើបន្តថា ប្រទេសកម្ពុជាពេលនេះនៅតែស្ថិត ក្រោមឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាបដែលរំកឹលឡើងចុះ។ អំឡុងពីថ្ងៃទី១ដល់ ថ្ងៃទី៦ខែតុលា ទាំងនៅក្នុងសមុទ្រប៉ាស៊ីហ្វិកនិងក្នុងសមុទ្រចិនខាងត្បូង មាន សម្ពាធទាបច្រើនតែមិនបានវិវត្តបន្តទៅជាបាតុភូធអ្វីខ្លាំងជាងនេះទេ រហូតដល់ ក្រោយថ្ងៃទី៦ខែតុលាទើបមានសញ្ញាព្យុះថ្មីកើតឡើងនៅក្នុងសមុទ្រចិនខាង ត្បូងក្រោមភាគកណ្តាលប្រទេសវៀតណាម៕/b/សរន