ភ្នំពេញៈ តុលា ជាភាសាបាលី និង សំស្ក្រឹត ប្រែជាខេមរភាសាថា “ ជញ្ជីង “ ឬ “ ត្រាជូ “ ។ វាជាឈ្មោះខែទី ៧ នៃ សុរិយាគតិ ប៉ុន្តែបវាជាខែទី ១០ នៃ ប្រតិទិនសកល ។ តុលា គឺជាខែ មួយក្នុងចំណោមខែទាំង ៧ នៃ ប្រតិទិនសកល ដែលក្នុងមួយខែមានរយៈពេល៣១ ថ្ងៃ ។ គេអាចហៅខែតុលា ថា តុលរាសី ក៏បាន ។
ខែតុលា ត្រូវបានផ្តល់កំណើតឱ្យតាំងពី ៧៥៣ ឆ្នាំមុនគ្រិស្តសករាជ ១៣០ ឆ្នាំមុនព្រះពុទ្ធ ប្រសូត ឬ ២១០ មុនពុទ្ធសករាជ តាមរយៈប្រតិទិន រ៉ូមូលូស (Romulus calendar) ដែលប្រតិទិន នេះ ក្នុងមួយឆ្នាំមានតែ ១០ ខែប៉ុណ្ណោះ ដោយចាប់ផ្តើមពីខែ មីនា ។ ដូច្នេះមកដល់ឆ្នាំ ២០២០ នេះ ខែ តុលា មានអាយុកាល ២.៧៧៣ ឆ្នាំហើយ ។ ខែ តុលា ដែលជាភាសាអង់គ្លេស ថា October មកពីឈ្មោះដើមជាភាសា ឡាតាំង នៅ ក្នុងប្រតិទិន រ៉ូមូលូស ថា Octo ប្រែថា “ ប្រាំបី ” ដ្បិត តុលា គឺជាខែទីប្រាំបី ក្នុងប្រតិទិន រ៉ូមូលូស នោះឯង ។
ឆ្នាំទី ៧១៣ មុនគ្រិស្តសករាជ ព្រះចៅ នូម៉ា ប៉ុមពីលីយើស ( Numa Pompilius )ជាក្សត្រទី ២ ក្នុងចំណោមក្សត្រតាមបវេណីទាំង ៧ អង្គរបស់ទីក្រុង រ៉ូម បានកែប្រែប្រតិទិន រ៉ូមូលូស ឱ្យទៅ ជាប្រតិទិន នូម៉ា ( Calendar of Numa ) ដោយការបញ្ចូលខែចំនួន២ នៅខាងដើម គឺខែ មករា និង ខែ កុម្ភៈ នាំឱ្យ ប្រតិទិននេះ ក្នុងមួយឆ្នាំមាន ១២ ខែ ។ ប្រតិទិន ក្នុងមួយឆ្នាំមាន ១២ ខែ ក៏ចាប់ផ្តើមមាននៅក្នុងលោកតាំងពីពេលនោះឯង ហើយខែ តុលា ក៏បានក្លាយទៅជាខែទី ១០ តាំងពីពេលនោះមកដែរ ។
ប្រតិទិន នូម៉ា នេះ ត្រូវបានកែប្រែឱ្យទៅជាប្រតិទិន ជូលាន (Julian calendar) ដោយ ព្រះចៅអធិរាជ្យ ជូលីយើស សេហ្សា (Julius Caesar) នៃ ចក្រភព រ៉ូម៉ាំង នៅ៤៦ ឆ្នាំមុនគ្រិស្ត សករាជ ។ លុះដល់ឆ្នាំ ១ ៥៨២ នៃ គ្រិស្តសករាជ ក៏ត្រូវបានសម្តេច ប៉ាប ហ្គ្រេហ្កូរី ទី១៣ (Pope Gregory XIII ) កែប្រែប្រតិទិន ជូលាន នេះឱ្យទៅជា ប្រតិទិនហ្ក្រេហ្គោរាន (Gregorian calendar) ដែលជាប្រតិទិនសកលនាពេលបច្ចុប្បន្ន ។
ឯកសារមួយចំនួនបានអះអាងថា ខែ តុលា ជាខែទី ១០ នៅក្នុងប្រតិទិន ជូលាន និងប្រតិទិន ហ្ក្រេហ្គោរាន ដែលបានសេចក្តីថា ខែ តុលា បានក្លាយជាខែទី ១០ ក្នុងប្រតិទិននៅត្រឹមចាប់ តាំងពីមានប្រតិទិន ជូលាន នៅ ៤៦ ឆ្នាំមុនគ្រិស្តសករាជ ។ ប្រការនេះបានសេចក្តីថា អ្នកនិពន្ធ អត្ថបទទាំងនោះ មើលរំលង ឬ ភ្លេចគិតថា ខែ តុលា បានក្លាយជាខែទី ១០ ក្នុងប្រតិទិន តាំងពីប្រតិទិន នូម៉ា ត្រូវបានប្រសូតឡើង កាលពីឆ្នាំទី ៧១៣ មុនគ្រិស្តសករាជមកម្ល៉េះ ។
ខែ តុលា ជាទូទៅ គឺជាសរទរដូវ នៅអឌ្ឍគោលខាងជើង ត្រូវចំពេលជាមួយគ្នានឹង និទាឃរដូវ ឬ រដូវផ្ការីក នៅ អឌ្ឍគោលខាងត្បូង ហើយក៏ជាពេលដែលពួកបស្ចិមលោកកំពុងប្រាព្ធពិធី បុណ្យព្រលឹង Halloween ។
តាមក្បួនហោរាបស្ចិមលោក បុគ្គលដែលចាត់ទុកថាជា តុលរាសីជន គឺជនានុជនទាំងឡាយ ណា កើតនៅក្នុងចន្លោះថ្ងៃទី ២៣ កញ្ញា ដល់ ២២ តុលា ។ និមិត្តសញ្ញា របស់អ្នកកើតខែតុលា គឺ ជញ្ជីង ឬ ត្រាជូ ។ មនុស្សកើតខែ តុលា ទទួលឥទ្ធិពលពី ភពព្រះសុក្រ ដែលត្រូវបានគេ ស្គាល់នៅក្នុងទេវកថា ក្រិក ថា ភពព្រះនាងកាមទេព ធាតុខ្យល់ ជាប្រភេទមនុស្សចូលចិត្ត ប្រើប្រាជ្ញា ពណ៌ពេញនិយម គឺពណ៌ ខៀវ ត្បូងនាំសំណាង គឺ ត្បូងកណ្តៀង ។ ពួកអ្នកកើត ក្នុងខែ តុលា ស្មើនឹងអ្នកកើតក្នុង ឆ្នាំ ច នៃ ក្បួនហោរា ចិន ហើយឆុងនឹងអ្នកកើតក្នុងខែ មេសា ។
បុគ្គលកើតក្នុងខែ តុលា គឺជាមនុស្សស្រឡាញ់សន្តិភាព និង យុត្តិធម៌ ខ្លាចភាពឯកា ស្អប់បំផុត នូវភាពអយុត្តិធម៌ និង អំពើហិង្សា ។ មិត្តភាព និង ភាពជាដៃគូ ឬ ការសហការគឺជារឿងសំខាន់ ខ្លាំងណាស់សម្រាប់បុគ្គលនេះ ជាពិសេសទំនាក់ទំនងដៃគូជាលក្ខណៈបុគ្គល។
គេគឺជាមនុស្សចិត្តទូលាយ ទន់ភ្លន់ រួសរាយរាក់ទាក់ ប៉ុន្តែមិនសូវនិយាយច្រើន ហើយក៏មិនសូវ ចូលចិត្តអ្នកនិយាយច្រើនដែរ គឺជាមនុស្សពោរពេញដោយការប្រកួតប្រជែង និងយល់ការ ខុសត្រូវ ។ ប៉ុន្តែគេក៏ជាមនុស្សរួញរា គុំកួន ឫស្យា គេចវេះពីការប្រឈមមុខគ្នា និងពូកែតូចចិត្ត ខ្លួនឯងណាស់ដែរ ។ ទោះយ៉ាងណា លក្ខណៈពីធម្មជាតិរបស់គេ គឺគេមានភាពទាក់ទាញ និង សមសួន ។
បុគ្គលកើតក្នុងខែ តុលា គឺជាគូស្នេហ៍ដ៏ប្រសើរល្អគាប់ ចេះយោគយល់ និងអធ្យាស្រ័យបំផុត ចំពោះគូស្នេហ៍របស់ខ្លួន ។ មនុស្សនេះតែងតែបង្ហាញនូវអារម្មណ៍ផ្ទាល់ខ្លួនឲ្យដៃគូរបស់ខ្លួន បានដឹង និង ពូកែធ្វើឲ្យដៃគូស្នេហ៍មានភាពកក់ក្តៅខ្លាំងណាស់។
នៅពេលមិត្តភក្តិជួបការលំបាក ឬ ដោះស្រាយបញ្ហាអ្វីមួយមិនចេញ បុគ្គលកើតក្នុងតុលរាសី តែងតែនៅទីនោះចាំជួយមិត្តភក្តិជានិច្ច ។ មនុស្សនេះតែងបង្កលក្ខណៈសប្បាយរីករាយដល់ គ្រួសារជានិច្ច។
បុគ្គលកើតក្នុង តុលរាសី អាចក្លាយជាមេដឹកនាំដ៏ល្អឥតខ្ចោះ និងស័ក្តិសមនឹងទទួលឋានៈនេះ បំផុតដោយសារតែបុគ្គលនេះជាមនុស្សពូកែប្រឹងប្រែងតស៊ូក្នុងការងារ ។ បុគ្គលនេះចូល ចិត្តធ្វើការជាមួយមនុស្ស និង ប្រឡូកក្នុងសង្គម ។ គេជាមនុស្សដែលពូកែបំផុតរឿងថ្លឹងថ្លែង ពីចំណូល និង ចំណាយ។ លុយដែលបុគ្គលនេះរកបានតែងចំណាយទៅវិញ ចំទិសដៅជា ទីបំផុត ។
ព្រឹត្តិការណ៍សំខាន់ៗក្នុង ខែតុលា
ថ្ងៃទី១ ខែតុលា ទិវាបង្កើតសាធារណរដ្ឋប្រជាមានិត ចិន , ទិវាឯករាជ្យជាតិ នីហ្ស៊េរីយ៉ា , ថ្ងៃទី ២ តុលា ចេញព្រះវស្សា និង ទិវាឯករាជ្យជាតិ ហ្គីណេ, ថ្ងៃទី ៣ តុលា ទិវាបង្រួបបង្រួមជាតិ អាល្លឺម៉ង់ ហើយក៏ជាថ្ងៃចាប់ផ្តើម កឋិនកាល នៃ ឆ្នាំ ២០២០ នេះដែរ , ថ្ងៃទី ៥ ទិវាសាធារណរដ្ឋ ព័រទុយហ្កាល់ , ថ្ងៃទី ៩ ទិវាឯករាជ្យជាតិ អ៊ូហ្កង់ដា , ថ្ងៃទី ១១ ទិវាបដិវត្តន៍ ម៉ាសេដូនី, ថ្ងៃទី ១៨ ទិវាឯករាជ្យជាតិ អាស៊ែបៃហ្សង់ , ថ្ងៃទី ២០ ទិវាបដិវត្តន៍ ក្វាតេម៉ាឡា, ថ្ងៃទី២៣ កិច្ចព្រមព្រៀង សន្តិភាពទីក្រុង ប៉ារីស និង ទិវាសេរីភាព លីប៊ី, ថ្ងៃទី ២៩ ខែតុលា គឺជាខួប នៃការយាងគ្រង រាជ្យរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ៕ ដោយៈ មេសា

