
(បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
ដោយៈ អ៊ុន សុដាវី អ្នកសរសេរទស្សនាវដ្តីស្វែងរកការពិត/ភ្នំពេញៈអតីតប្រធានមន្ទីរសន្តិសុខស-២១ ឈ្មោះ កាំង ហ្កេកអ៊ាវ ហៅ ឌុច ដែលត្រូវបានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬត្រូវបានហៅជាទូទៅថាសាលាក្តីខ្មែរក្រហមស្វែងរកឃើញថា មានកំហុស ក្រោមការចោទប្រកាន់ពីបទប្រព្រឹត្ត «ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ»។ ឌុច ត្រូវបានចាប់ខ្លួននៅថ្ងៃទី១០ ខែឧសភា ឆ្នាំ១៩៩៩ដោយអាជ្ញាធររដ្ឋាភិបាលកម្ពុជា និងត្រូវបានផ្ទេរមកឃុំខ្លួនក្នុងមន្ទីរឃុំឃាំងរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជានៅថ្ងៃទី៣០ខែកក្កដាឆ្នាំ២០០៧។ រហូតដល់នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានចេញសាលដីកាសម្រេចផ្តន្ទាទោស ឌុច ដាក់ពន្ធធនាគារអស់មួយជីវិត។ ឌុច ត្រូវបានឃុំឃាំងនៅក្នុងពន្ធនាគារខេត្តកណ្តាលដើម្បីអនុវត្តទោសរហូតដល់ថ្ងៃ ឌុច ស្លាប់ ដោយបានជាប់ឃុំឃាំងអស់រយៈពេលជាង៧ឆ្នាំ។ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ ឌុច បានស្លាប់នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតក្នុងអាយុ៧៨ឆ្នាំ ដោយសារជំងឺរលាកសួតធ្ងន់ធ្ងរ បន្ទាប់ពីគាត់មានជំងឺសួតរុំារ៉ែពីមុនមកដោយសារតែការជក់បារី និងជំងឺហឺត។
ឌុច មានតួនាទីជាអតីតប្រធានមន្ទីរសន្តិសុខស-២១ (ឬហៅជាទូទៅថាគុកទួលស្លែង) ក្នុងអំឡុងរបបកម្ពុជាកម្ពុជាប្រជាធិបតេយ្យ (ពីឆ្នាំ១៩៧៥-១៩៧៩)។ នៅក្នុងរបបខ្មែរក្រហម ជនរងគ្រោះជាង១ម៉ឺននាក់ត្រូវបានចាប់យកមកឃុំឃាំងនៅមន្ទីរសន្តិសុខស-២១ ហើយទទួលរងការធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរនិងសម្លាប់។ ជនរងគ្រោះទាំងអស់ត្រូវបានខ្មែរក្រហមចោទថា ខ្មាំងប្រឆាំងនឹងអង្គការ។
ឪពុករបស់ ស្រ៊ុន សុទិដ្ឋ ឈ្មោះ ស្រ៊ុន សេងហ៊ត ត្រូវបានក្រុមខ្មែរក្រហមចាប់ខ្លួនមកពីខេត្តបាត់ដំបងនិងបញ្ជូនមកឃុំឃាំងនៅក្នុងគុកទួលស្លែង។ កន្លងផុតអស់រយៈពេលជាង៤០ឆ្នាំ ទើបសុទិដ្ឋនិងក្រុមគ្រួសារ បានស្វែងរកឃើញថា ឪពុករបស់គាត់ត្រូវបានចាប់ខ្លួន និងជាប់ឃុំឃាំងនៅក្នុងគុកទួលស្លែង។ សុទិដ្ឋ បានរៀបរាប់ថា គាត់ធ្លាប់បានឮអំពីរឿងរ៉ាវរបស់ ឌុច និងដំណើរការនៃការកាត់ទោស ឌុច នៅសាលាក្តីខ្មែរក្រហមតាមរយៈបណ្តាញព័ត៌មានផ្សេងៗ។ សុទិដ្ឋ បានបន្ថែមទៀតថា ការដាក់គុក ឌុច អស់មួយជីវិត គឺជាផ្នែកមួយនៃការផ្តល់យុត្តិធម៌ចំពោះការបាត់បង់ឪពុករបស់គាត់។ សុទិដ្ឋ យល់ឃើញថា វាពិតជាប្រសើរណាស់ នៅពេលដែលតុលាការខ្មែរក្រហមបានកាត់ក្តី ឌុច និងអនុវត្តទោសរបស់ ឌុច បានមុនពេលដែល ឌុច ស្លាប់យ៉ាងដូច្នេះ ដែលផ្ទុយពីមេដឹកនាំខ្មែរក្រហមមួយចំនួនទៀតដូចជា អៀង ធីរិទ្ធ និង អៀង សារី មិនបានទទួលទោសអ្វីទាល់តែសោះ។ សុទិដ្ឋ គ្មានកំហឹង និងគំនុំគំគួនអ្វីទៀតទេ ព្រោះរឿងរ៉ាវទាំងអស់បានកន្លងហួសយូរណាស់មកហើយ។ សុទិដ្ឋ អស់ចិត្ត ព្រោះ ឌុច បានអនុវត្តទោសទៅតាមច្បាប់ ហើយម្យ៉ាងទៀត សុទិដ្ឋ គិតថាទោះបីជា ឌុច ស្លាប់ឬនៅទីណា កំហុសរបស់ ឌុច នៅតែមានជាដរាប ព្រោះសាលាក្តីខ្មែរក្រហមបានធ្វើការសម្រេចទោសរបស់គាត់រួចទៅហើយ។ សាលក្រមបានបញ្ជាក់ថា ឌុច ពិតជាបានប្រព្រឹត្តិកំហុសទៅលើប្រជាជនខ្មែរនៅក្នុងរបបខ្មែរក្រហមពិតមែន។
ការប្រព្រឹត្តអំពើដ៏កាចសាហាវរបស់ ឌុច បានធ្វើឲ្យប្រជាជនចំនួន១៧៥០នាក់ បានដាក់ពាក្យបណ្តឹងមកកាន់សាលាក្តីខ្មែរក្រហមតាមរយៈមជ្ឈមណ្ឌលឯកសារកម្ពុជា។ គោលបំណងនៃការដាក់ពាក្យបណ្តឹងមកកាន់សាលាខ្មែរក្រហមរបស់ជនរងគ្រោះ គឺដើម្បីស្វែងរកយុត្តិធម៌ដល់សាច់ញាតិដែលបានស្លាប់ និងការឈឺចាប់ដែលខ្លួនបានទទួលរង។ ដោយសារតែមានការគាំទ្រទាំងប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា សាលាក្តីខ្មែរក្រហម បានអនុវត្តកិច្ចការងាររបស់ខ្លួនរហូតឈានទៅចាប់ខ្លួនមេដឹកនាំខ្មែរក្រហមថ្នាក់លើជាច្រើននាក់មកកាត់ទោស។
ស៊ុំ ឡន ភេទស្រី អាយុ៦៣ ឆ្នាំ រស់នៅក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ឡន ធ្លាប់បានដាក់ពាក្យបណ្តឹងមកកាន់សាលាក្តីខ្មែរក្រហមតាមរយៈមជ្ឈមណ្ឌលឯកសារកម្ពុជានៅក្នុងឆ្នាំ២០០៨។ ឡន បានប្រាប់ថា ការដាក់ពាក្យបណ្តឹងមកសាលាខ្មែរក្រហមព្រោះគាត់មានការសោកស្តាយឪពុកដែលបានស្លាប់ដោយសារតែអត់អាហារ និងបងប្រុសដែលចូលបម្រើកងទ័ពខ្មែរក្រហមបានបាត់ខ្លួនរហូតដល់សព្វថ្ងៃនេះ។ ឡន បញ្ជាក់ថា គាត់បានស្គាល់ ឌុច អតីតមេគុកទួលស្លែងតាមរយៈការចាក់ផ្សាយអំពីការកាត់គាត់នៅតាមប៉ុស្តិ៍ទូរទស្សន៍។ ឡន ពិតជាមានការភ្ញាក់ផ្អើលណាស់នៅពេលដែលទទួលដំណឹងថា ឌុច ស្លាប់។ សម្រាប់ ឡន គាត់នៅតែទទួលបានយុត្តិធម៌ដដែលទោះបីជា ឌុច ស្លាប់ក៏ដោយ ព្រោះការស្លាប់របស់ ឌុចមិនបាននាំយកកំហុសរបស់គាត់ដែលបានប្រព្រឹត្តទៅជាមួយនោះទេ។ ឡន ក៏បាននិយាយថា «នៅក្នុងជាតិនេះ ឌុច បានទទួលទោសដែលគាត់បានប្រព្រឹត្តហើយ ប៉ុន្តែបើគិតទៅតាមកម្មផលវិញ ខ្ញុំគិតថាគាត់នៅតែមានកំហុស ហើយយមរាជនឹងកាត់ទោសគាត់ម្តងទៀតនៅទីឋានដែលគាត់កំពុងតែទៅ»។ ឡន អស់ចិត្តនិងរំសាយកំហឹងចំពោះឌុច ព្រោះគាត់គិតថានេះជាទង្វើមួយដែលអាចជួយឲ្យក្មេងៗជំនាន់ក្រោយលះបង់នូវគំនិតគុំគួន។ ម្យ៉ាងវិញទៀត នេះគឺជាមេរៀនមួយនៃដំណើរជីវិតមនុស្សដែលសាងល្អ និងអាក្រក់ និងលទ្ធផលដែលទទួលបាន។
បន្ទាប់ពី ឌុច បានស្លាប់នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតនៅម៉ោង00៖៥១រំលងអធ្រាត្រឈានចូលថ្ងៃទី០២ ខែកញ្ញា សាកសពរបស់ឌុច ត្រូវបានសាច់ញាតិដឹកចេញទៅកាន់វត្តចាក់អង្រែក្រោមស្ថិតនៅទីក្រុងភ្នំពេញនៅពេលព្រឹក។ សាកសពរបស់ ឌុច ត្រូវបានបូជាភ្លាមៗបន្ទាប់ពីបានបញ្ជូនទៅដល់វត្ត និងមិនមានការធ្វើបុណ្យតាមសាសនាព្រះពុទ្ធអ្វីឡើយ។ មិនមានហេតុផលណាមួយបញ្ជាក់ពីសាច់ញាតិរបស់ ឌុច ដែលសម្រេចចិត្តមិនធ្វើបុណ្យនោះទេ។ យោងទៅតាមរបាយការណ៍នៃការបញ្ចាំងសាលក្រម ឌុច នៅប៉ៃ និងសំឡូត របស់មជ្ឈមណ្ឌលឯកសារកម្ពុជាបានសរសេរថា ឌុច បានគេចខ្លួនទៅរស់នៅតំបន់សំឡូតនៅក្នុងឆ្នាំ១៩៩៥ ហើយធ្វើការងារនៅក្នុងជំរំតាមព្រំដែនប្រទេសថៃជាមួយនឹងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន។ ក្រោយមក ឌុច បានទៅរស់នៅកសាងជីវិតថ្មីនៅក្នុងស្រុកសំឡូតនៅឆ្នាំ១៩៩៨។ រស់នៅក្នុងតំបន់សំឡូត ឌុច បានផ្លាស់ប្តូរទៅកាន់សាសនាគ្រិស្តនិងប្រតិបត្តិនៅក្នុងវិហារសាសនាគ្រិស្តមួយ។ ឌុច បានចូលកាន់សាសនាគ្រិស្តតាមរយៈជនជាតិអាមេរិកកាំងម្នាក់ឈ្មោះ គ្រីស្តូហ្វ័រ ឡាប៉ែល ដែលពេលនោះ ឌុច បានក្លែងឈ្មោះទៅជា ហង់ ពិន។ ឌុច បានជឿទៅលើព្រះយេស៊ូ ហើយទទួលពិធីជ្រមុជទឹក និងក្រោយមកបានក្លាយទៅជាគ្រូគង្វាលជំនួយ។
លោក ទេព គី អាយុ ៦៥ឆ្នាំ សព្វថ្ងៃរស់នៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។ គី គឺជាពុទ្ធសាសនិកបានថ្លែងថា «ខ្ញុំមិនដឹងថា ឌុច កាន់សាសនាយេស៊ូនោះទេ ប៉ុន្តែបើតាមជំនឿរបស់ព្រះពុទ្ធសាសនាវិញ អ្នកសាងអំពើបាប និងទទួលបានបាប ចំណែកអ្នកសាងល្អនឹងទទួលកុលសផលបុណ្យល្អ។ ឌុច គឺជាមនុស្សម្នាក់ដែលខ្ញុំធ្លាប់បានឃើញនៅក្នុងដំណើរការនៃការកាត់ទោសរបស់សាលាក្តីខ្មែរក្រហម។ គាត់ត្រូវបានសាលាក្តីខ្មែរក្រហមកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ដោយសារតែគាត់មានទោសកំហុសពីការធ្វើបាបប្រជាជន។ ដូច្នេះហើយ ឌុច កំពុងតែទទួលកម្មពៀរដែលគាត់បានសាងពីអតីតកាល»។ គី បានបន្ថែមថា ទោះបីជា ឌុច កាន់សាសនាអ្វីក៏ដោយ ប៉ុន្តែ ឌុច មិនអាចកែប្រែ និងគេចផុតពីទណ្ឌកម្មរបស់ព្រះឡើយ។
គី គ្មានការសោកស្តាយអ្វីទេចំពោះការស្លាប់របស់ ឌុច។ គាត់ យល់ឃើញថា ការកាត់ទោសឌុចគឺនៅធូរស្រាលណាស់បើប្រៀបធៀបទៅនឹងទំហំនៃការបាត់បង់របស់ប្រជាជនកម្ពុជា។គី និយាយថាទម្រាំគាត់ជាប្រជាជននៅក្រៅឃុំបានជួបប្រទះនឹងភាពលំបាកលំបិនយ៉ាងខ្លាំងដូច្នេះ ចុះតើប្រជាជនដែលជាប់ឃុំនៅក្នុងគុកទួលស្លែងដែលទទួលរងការធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃនោះ តើប្រជាជនទាំងនោះលំបាកយ៉ាងណាទៅ។ គី មិនទាន់អស់ចិត្តទេ ប៉ុន្តែទោះបីជាយ៉ាងណា គាត់គោរពទៅតាមច្បាប់ចែង។ គី ចាត់ទុកថាកំហុសរបស់ ឌុច និងការកាត់ក្តីរបស់តុលាការខ្មែរក្រហមចំពោះ ឌុច គឺជាមេរៀនមួយដល់ថ្នាក់ដឹកនាំជំនាន់ក្រោយជៀសវាងប្រព្រឹត្តអំពើដូច ឌុច ទៀត៕សរន