ដោយៈ បូរិន/ភ្នំពេញ៖ ជារឿងថ្មីដែលទើបបែកធ្លាយ រហូតបង្កឱ្យមានការភ្ញាក់ផ្អើលដល់ បណ្តាសារព័ត៌មានក្នុងស្រុក នាំគ្នាចុះផ្សាយ និងចាប់អារម្មណ៍នោះ គឺផលិតកម្ម កាឡាក់ស៊ី ណាវ៉ាត្រា ចំណាយទឹកប្រាក់ប្រមាណ ជិតកន្លះលានដុល្លារ ក្នុងការ អញ្ជើញតារាចម្រៀង ពេជ្រ សោភា មកធ្វើជាតារា ប្រចាំផលិតកម្មមួយរូបថែមទៀត។
ស្របពេលតារាចម្រៀង ពេជ្រ សោភា មិនបញ្ចេញបទចម្រៀងថ្មី នៅផលិតកម្មហង្សមាស បានក្លាយជាក្តីមន្ទិល សម្រាប់អ្នកគាំទ្រ ខណៈលេចដំណឹងល្ហៀងៗ មកថា តារាចម្រៀងរូបនេះ ត្រូវបានផលិតកម្ម Galaxy Navatra ត្រៀមជះទ្រព្យថ្លៃកន្លះលានដុល្លារ អូសទាញ ពេជ្រ សោភា ឲ្យចូលច្រៀង ក្នុងផលិតកម្មនេះ។

ទាំងព័ត៌មានក្រៅផ្លូវការ និងប្រភពពីសិល្បៈជាច្រើន បានទម្លាយឲ្យដឹងថាៈ តារា ចម្រៀង ពេជ្រ សោភា ដែលជ្រកក្រោមដំបូលផលិតកម្មហង្សមាសអស់ជាង ១៥ ឆ្នាំ មកហើយនោះនឹងក្លាយ ជាមុខសញ្ញាបន្ទាប់របស់ផលិតកម្ម Galaxy Navatra ។ ការអូសទាញនេះក៏ត្រូវបានគេបញ្ជាក់ ដែរថា ទ្រព្យជាច្រើនមានទាំងលុយ ឡាន វីឡា នឹងក្លាយជាកម្មសិទ្ធិរបស់នាងភ្លាមដោយមិន បូកបញ្ចូលពីប្រាក់ខែ និងផលចំណេញមួយចំនួន។
ប្រភព បានលើកឡើងថាៈ Galaxy Navatra បានព្រលយពីការជួយលើកមុខមាត់នាង ឲ្យកាន់តែល្បីជាថ្មីឡើងវិញ ដោយចាប់គូច្រៀងរួមគ្នាជាមួយដៃគូចាស់លោក ព្រាប សុវត្ថិ នោះ។

ក៏មានការលើកឡើងដែរថា Galaxy Navatra ក៏នឹងផ្តល់សិទ្ធិឲ្យនាងស្វ័យសម្រេចលើការ ជ្រើសរើសបទចម្រៀង ហើយសមត្ថភាពនិពន្ធបទចម្រៀង និងធ្វើភ្លេងខ្លួនឯងនោះ ក៏ជាហេតុផល ដែល Galaxy Navatra ចង់បានផងដែរ។
តាមការផ្ទុះព័ត៌មានមួយនេះ ក៏បានបង្ហើបឱ្យដឹងថាៈ កញ្ចប់ដែលមានតម្លៃថ្លៃដល់កន្លះលាន ដុល្លារអាមេរិកនេះ គឺជារឿងថ្មីដែលគេនៅរង់ចាំបន្តតាមដាន ខណៈកន្លងទៅ ផលិតកម្មនេះ ត្រូវបានលេចចេញដំណឹងថា វិធីសាស្ត្រស្រដៀងគ្នានេះ បានអូសទាញលោក ព្រាប សុវត្ថិ បានដោយជោគជ័យ ផងដែរ។ មានការលើកឡើងដែរថា ថ្មីៗនេះ ផលិតកម្មទាំងពីរបាននឹង កំពុងប្រជែងគ្នាខ្លាំង ទាំងការអូសទាញតារាចម្រៀង និងអ្នកនិពន្ធគ្នា ទៅវិញទៅមក។

ប៉ុន្តែទោះជាយ៉ាងណា ការសម្រេចចិត្តរបស់ តារាចម្រៀង ពេជ្រ សោភា នៅមិនទាន់ច្បាស់ នៅឡើយ ខណៈកន្លងមក នាងក៏មានរឿងរ៉ាវអាក់អន់ ស្រពន់ចិត្តមួយចំនួននៅផលិតកម្ម ចាស់ផងដែរ ហើយការសម្រេចចិត្ត ដើរចេញពីផលិតកម្មធំមួយនេះអាចនឹងជាជម្រើស ចុងក្រោយ សម្រាប់នាង។
រស្មីកម្ពុជា នៅតែមិនទាន់អាចទំនាក់ទំនង ស្វែងរកការបញ្ជាក់ណាមួយ ពីតារាចម្រៀង ពេជ្រ សោភា បាននៅឡើយទេ ខណៈនាងក៏ធ្លាប់ទទួលស្គាល់ថា ផលិតកម្ម Galaxy Navatra ពិតជាធ្លាប់ទំនាក់ទំន ងមកកាន់នាងមែន។ ទោះបីជាមានការចុះផ្សាយ ជាហូរហែរក៏ដោយ ក៏នាងនៅតែបន្តភាពស្ងប់ស្ងាត់ មិនចេញបកស្រាយឡើយ៕



