ដោយ:លី ម៉េងហួរ៖ ក្រុមការងារអន្តរក្រសួង ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងក្រសួងកសិកម្ម កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំពិភាក្សា រិះរកយន្តការដោះស្រាយបញ្ហាប្រឈមនានាដើម្បីជួយដល់ សហគមន៍អេកូទេសចរណ៍ ចំនួន ៤ ក្នុងខេត្តកំពង់ធំ សៀមរាប កំពង់ស្ពឺ និងខេត្តព្រៃវែង។
តំបន់អេកូទេសចរណ៍ទាំងបួនដែលកំពុងមានសក្តានុពលទាក់ទាញអ្នកទេសចរនៅក្នុង ដំណាក់កាល កូវីដ១៩ នៅពេលនេះ រួមមាន៖ តំបន់អេកូទេសចរណ៍ ភ្នំខ្នងផ្សារ នៅក្នុងខេត្ត កំពង់ស្ពឺ តំបន់អេកូទេសចរណ៍ ផាត់សណ្តាយ នៅខេត្តកំពង់ធំ តំបន់អេកូទេសចរណ៍ ទឹកជប់ខ្នាលពោធិ៍ នៅខេត្តសៀមរាប និងតំបន់អេកូទេសចរណ៍ ទួលព័ន្ធតាឡី ហៅ បឹងស្នេហ៍ នៅខេត្តព្រៃវែង។
បញ្ហាប្រឈមនៅតំបន់អេកូទេសចរណ៍ ទាំង ៤ នេះ រួមមាន ផ្លូវធ្វើដំណើរលំបាកខ្លាំង មិនមានប្រព័ន្ធសេវាទូរស័ព្ទ ខ្វះអគ្គិសនី ខ្វះទឹកស្អាតប្រើប្រាស់ បញ្ហាសំរាម ការគ្រប់គ្រង សុវត្ថិភាព និងការជួយសង្គ្រោះពេលមានគ្រោះថ្នាក់ នៅមិនទាន់បានល្អ និងមិនទាន់បោស សម្អាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទះ ឲ្យបានពេញលេញ ជាដើម។
យ៉ាងណាក៏ដោយ តាមរយៈកិច្ចប្រជុំ កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ក្រុមការងារអន្តរក្រសួង ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានសម្រេចពិនិត្យលទ្ធភាពដោះស្រាយបញ្ហា ប្រឈមទាំងអស់នេះ ជាជំហាន និងដំណាក់ៗ លើបញ្ហាផ្លូវគមនាគមន៍ អគ្គិសនី ទឹកស្អាត សេវាទូរស័ព្ទ និងបញ្ហាអនាម័យ ជាដើម នៅក្នុងតំបន់អេកូទេសចរណ៍ ទាំងបួននោះ។
ក្នុងនោះ ក្រសួងបរិស្ថាន បានសម្រេចបង្កើតឡដុតសំរាម នៅទីតាំងទាំងនោះ ខណៈដែល អគ្គិសនីកម្ពុជា ក៏យល់ព្រមសហការ តភ្លើងអគ្គិសនីទៅកាន់តំបន់អេកូទេសចរណ៍ទាំងនោះ ផងដែរ។
ជាការពិត ផ្លូវលំបាកធ្វើដំណើរ កើតឡើងច្រើនផ្សេងទៀត ក្រៅពីតំបន់អេកូទេសចរណ៍ទាំង ៤ខាងលើ។ ក្នុងនោះ នៅតំបន់ទឹកជ្រោះជ្រាវ ក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ ផ្លូវចូលប្រមាណ ១០ គីឡូម៉ែត្រ ក៏លំបាកធ្វើដំណើរខ្លាំង។ នៅខែវស្សា ធ្លាក់ភ្លៀងនេះ ផ្លូវដីចូលទឹកជ្រោះជ្រាវ មានជង្ហុកបាយខុម សូម្បីតែជិះកង់ ក៏ពិបាក កុំថាឡើយដល់ជិះម៉ូតូ និងឡាន។ នៅខែភ្លៀងនេះ កង់ជិះលឿនជាងម៉ូតូ និងឡាន នៅផ្លូវចូលទឹកជ្រោះជ្រាវ។
ចំណែកអ្នកភូមិ ចាស់ៗ និងក្មេងៗ តាមផ្លូវដីលំបាកធ្វើដំណើរនោះ បានបង្កើតមុខរបរលើកដី ដាក់ផ្លូវ ហើយលើកដៃសំពះ សុំលុយពីអ្នកធ្វើដំណើរ ដូចនៅផ្លូវចូលភ្នំតាម៉ៅ កាលពីនៅផ្លូវដី កាលពីមុនដូច្នោះដែរ។ ប៉ុន្តែបើជាដំណោះស្រាយ គឺអ្នកភូមិនៅតំបន់ទេសចរណ៍ទាំងនោះ អាចដំណាំផ្លែឈើ បន្លែ ហើយយកមកដាក់លក់មុខផ្ទះតាមផ្លូវនោះក៏អាចរកចំណូលចិញ្ចឹមក្រុម គ្រួសារបានយ៉ាងស្រួលដែរ ព្រោះអ្នកទៅលេង ពិសេសអ្នកភ្នំពេញរកតែបន្លែផ្លែឈើធម្មជាតិ នៅសម័យនេះ។
ចូលដល់ទឹកជ្រោះជ្រាវ សំរាម ថង់ប្លាស្ទីក ប្រអប់ជ័រ ដបទឹកសុទ្ធ និងកែវជ័រ ជាដើម នៅតែ ត្រូវបានគេបោះចោលតាមកៀនផ្លូវ ឬផ្លូវទឹកហូរ បើទោះបីជាមានអ្នកមើលថែទាំ ជាប្រជា សហគមន៍ច្រើននាក់ និងមានអ្នកលក់ដូរ ធ្វើអនាម័យយ៉ាងណាក៏ដោយ។
ដើម្បីដោះស្រាយបញ្ហាសំរាមនៅតាមតំបន់ទេសចរណ៍ ក្រៅពីបង្កើតឡដុតសំរាម នៅកន្លែង ទេសចរណ៍ទាំងនោះហើយ ក៏គួរតែមានធុងសំរាម ដាក់ពង្រាយ ២០ ម៉ែត្រមួយ ហើយប្រមូល និងដឹកជញ្ជួនសំរាមឲ្យទៀងទាត់ បើថា មិនបានមួយថ្ងៃម្តង ក៏ឲ្យតែសំរាមពេញធុង គឺត្រូវចាក់ ផ្ទេរ ដឹកយកទៅកន្លែងដុតកម្ទេចសំរាមនោះ។
សំខាន់ជាងនេះទៀត ប្រជាពលរដ្ឋខ្មែរ ដែលជាអ្នកទេសចរ ទៅលេងនៅតំបន់ទេសចរណ៍ កម្សាន្តទាំងនោះ ត្រូវតែចូលរួម ព្រោះសំរាម កាកសំណល់ទាំងនោះកើតឡើងដោយសារ តែប្រជាពលរដ្ឋ អ្នកទេសចរ ទៅលេងកម្សាន្តតំបន់ទេសចរណ៍ទាំងនោះ។ ដូច្នេះក្រោយពេល ទទួលទានអាហាររួច ត្រូវតែវេចខ្ចប់កាកសំណល់ ដបទឹកសុទ្ធ យកទៅបោះចោលនៅក្នុង ធុងសំរាម ហើយបើនៅទីនោះ មិនមានធុងសំរាមទេ ក៏ត្រូវកាន់យកមកតាមម៉ូតូ ឬតាមឡាន ទៅដល់ធុងសំរាម ចាំបោះចោល។ សូមទម្លាប់ដូច្នេះ នោះគ្រួសារអ្នក ពិសេសកូនៗរបស់អ្នក នឹងធ្វើតាមគំរូដ៏ល្អនេះ នាំឲ្យបរិស្ថានស្អាត កន្លែងកម្សាន្តក៏មានក្លិនល្អ និងទេសភាពនៅតែ ស្រស់បំព្រង។
ជាសរុបទៅ ក្រៅពីតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្កានុពលទាំងបួនខាងលើនេះ នៅតាម តំបន់ទេសចរណ៍ដទៃទៀត ក៏គួរតែអន្តរក្រសួង ពិសេសក្រសួងទេសចរណ៍ តាមរយៈមន្ទីរ ទេសចរណ៍រាជធានីខេត្ត គិតគូរ ដោះស្រាយបញ្ហាប្រឈមដូចគ្នានេះ។ នោះគឺផ្លូវធ្វើដំណើរ លំបាកខ្លាំង មិនមានប្រព័ន្ធសេវាទូរស័ព្ទ ខ្វះអគ្គិសនី ខ្វះទឹកស្អាតប្រើប្រាស់ បញ្ហាសំរាម ការគ្រប់គ្រងសុវត្ថិភាព និងការជួយសង្គ្រោះពេលមានគ្រោះថ្នាក់ នៅមានកម្រិត ជាដើម។
បើនៅតែស្ថានភាពដូចសព្វថ្ងៃ នោះអ្នកទៅលេងកន្លែងទេសចរណ៍ធម្មជាតិ តាមព្រៃភ្នំ ហើយនិយាយឲ្យចំនៅទឹកជ្រោះជ្រាវ គឺលែងមានអារម្មណ៍នឹងទៅលេងទៀតហើយ ព្រោះផ្លូវលំបាកខ្លាំងមែនទែន នៅរដូវវស្សានេះ។ ជិះកង់ ម៉ូតូ និងជិះឡានរលាក់សឹងជ្រុះថ្លើម ទម្រាំដល់ទឹកជ្រោះជ្រាវ ត្រូវប្រើពេលជាងមួយម៉ោង ពីផ្លូវចាក់កៅស៊ូ នៅអមលាំង៕