​រុស្ស៊ី​សន្យា​នឹង​ផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ មកដល់​កម្ពុជា​

366
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ សហព័ន្ធរុស្ស៊ី​បាន​សន្យា​ផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ មកដល់​ប្រទេស​កម្ពុជា​ក្នុង​កម្រិត​ណាមួយ​។​ពោលគឺ​ជួយ​ក្នុងនាម​ជា​មនុស្សធម៌ និង​មួយផ្នែក​ទៀត​តាមរយៈ​ការធ្វើ​ពាណិជ្ជកម្ម​ដោះដូរ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Anatoly Borovik ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ថ្មី​ប្រចាំ​កម្ពុជា នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហ​ប្រតិ​បប​ត្តិ​ការ​អន្តរជាតិ កាលពី​ព្រឹក​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួង​ការបរទេស​។

លោក ណី សំអុល អ្នកនាំពាក្យ​រង​ក្រសួងការបរទេស​កម្ពុ​ជា​

លោក ណី សំអុល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អឺរ៉ុប អាម៉េរិក អា​ព្រិច មជ្ឈិមបូព៌ា និង​ជា​អ្នកនាំពាក្យ​រង​ក្រសួងការបរទេស​កម្ពុ​ជា បាន​ប្រាប់​ក្រុមអ្នកកាសែត​បន្ទាប់ពី​ជំនួប​ចប់​ថា វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ទើបតែ​ចុះបញ្ជី​កា​នៅ​ក្រសួងសុខាភិបាល​រុស្ស៊ី កាលពី​ថ្ងៃទី​៣០ ខែកញ្ញា ហើយ​នៅពេល​ចប់សព្វគ្រប់ រុស្ស៊ី​នឹង​សន្យាថា នឹង​ជួយផ្តល់​មក​ឲ្យ​ប្រទេស​កម្ពុជា​ក្នុង​កម្រិត​ណាមួយ​។​គឺ​ជួយ​ជា​មនុស្សធម៌​ហើយ​មួយផ្នែក​ទៀត​តាមរយៈ​ការធ្វើ​ពាណិជ្ជកម្ម​ដោះដូរ​។
​ទាក់ទង​វ៉ាក់សាំង​នេះ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​របស់​ប្រទេស​រុស្ស៊ី​បាន​និយាយថា​ប្រទេស​រុស្ស៊ី​បានចាប់ផ្តើម​ផលិត​វ៉ាក់សាំង​ការពារ​មេរោគ​កូ​វីដ​១៩​របស់ខ្លួន​ហើយ​ក្នុងអំឡុង​ខែសីហា​កន្លងមកនេះ​។​ប្រទេស​រុស្ស៊ី​នឹង​ផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ទៅ​ប្រទេស​ដទៃទៀត​នៅពេលដែល​វា​មាន​បរិមាណ​គ្រប់គ្រាន់​។ វ៉ាក់សាំង​ត្រូវបាន​បង្កើតឡើង​ដោយ​សិក្សា​យ៉ាង​ហ្មត់ចត់ ហើយ​អ្នក​បង្កើតបាន​ប្រមូល​ទិន្នន័យ​វិទ្យាសាស្ត្រ​គ្រប់គ្រាន់​ដើម្បី​ធានា​សុវត្ថិភាព​។​

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជួបពិភាក្សា​ជាមួយAnatoly Borovik ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ថ្មី​ប្រចាំ​កម្ពុជា​(​រូប​ថ​តៈ​មុនី​រ័ត្ន​)

ទាក់ទង​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា បានបង្ហាញ​សុទិដ្ឋិនិយម​ថា ចក្រភព​អង់គ្លេស​នឹង​រួមចំណែក​ផ្តល់ជូន​ទាន់ពេលវេលា​នូវ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ប្រកបដោយ​គុណភាព សុវត្ថិភាព និង​មានតម្លៃ​សមរម្យ​។ កា​បង្ហាញ​សុ​ទិដ្ឋិ​និ​យិ​ម​នេះ​បាន ឡើង​នៅក្នុង​កិច្ចប្រជុំ​តាម​ប្រ​ព័​ន្ឋ​វីដេអូ រវាង​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​លោក ដូ​មី​និក រ៉ា​អាប់ រដ្ឋមន្ត្រីការបរទេស​ចក្រភព​អង់គ្លេស ស្តីពី​ការឆ្លើយតប​នឹង​ជំងឺ​កូ​វីដ​-១៩ កាលពី​ថ្ងៃទី​៣០ ខែកញ្ញា​។​
​កិច្ចប្រជុំ​បានបង្ហាញ​នូវ​សេចក្តី​ព្រួយបារម្ភ​អំពី​ការបន្ត​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ផលប៉ះពាល់ ដ៏​ធ្ងន់ធ្ងរ​នៃ​ជំងឺ​នេះ​ដល់​ជីវភាព​ប្រជាជន និង​ការអភិវឌ្ឍ សេដ្ឋកិច្ច​- សង្គម នៅ​ទូទាំង​ពិភពលោក​។ ក្នុង​បរិការណ៍​នេះ កិច្ច​ប្រជុំបាន​ប្តេជ្ញាចិត្ត ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​ថែមទៀត រវាង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន និង​ចក្រភព​អង់គ្លេស លើ​ការស្រាវជ្រាវ អភិវឌ្ឍន៍ ផលិតកម្ម និង​ការចែក​វ៉ាក់សាំង និង​ផ្តល់​ការព្យាបាល​ជំងឺ​កូ​វីដ​-១៩ ដោយ​ប្រកាន់ខ្ជាប់​នូវ វត្ថុបំណង​ប្រសិទ្ធភាព សុវត្ថិភាព លទ្ធភាព​ទទួលបាន​វ៉ាក់សាំង និង​ការព្យាបាល​ស្មើៗ​គ្នា និង​មានតម្លៃ សមរម្យ​។ កិច្ច​ប្រជុំបាន​ស្វាគមន៍​សេចក្តីប្រកាស​របស់​ចក្រ​ភព​អង់គ្លេស ចូលរួមចំណែក​បរិច្ចាគ​ថវិកា​ចំនួន ១​លាន​ផោន ដល់​មូលនិធិ​អាស៊ាន​សម្រាប់ ឆ្លើយតប​នឹង​ជំងឺ​កូ​វីដ​-១៩ ក៏ដូចជា​ការគាំទ្រ ជា​យុ​ទ្ឋ​សាស្ត្រ​នូវ​ថវិកា​ចំនួន ០,៥ លាន​ផោន ដល់​លេខាធិការដ្ឋាន​អាស៊ាន ដើម្បី​បង្កើត និង​ដាក់ចេញ​នូវ​គោល នយោបាយ​នានា​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​សេដ្ឋកិច្ច ដោយសារ​ជំងឺ​កូ​វីដ​-១៩​។ កិច្ចប្រជុំ​ក៏បាន​ស្វាគមន៍​ផងដែរ​នូវ​ការប្ដេជ្ញាចិត្ត​របស់​ចក្រ​ភព​អង់គ្លេស​គាំទ្រ​ថវិកា​ចំនួន ៤,៨ លាន​ផោន ដល់​ការពង្រឹង​ប្រព័ន្ធ​សុខាភិបាល​ជាតិ និង​ការការពារ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម