ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ សហព័ន្ធរុស្ស៊ីបានបង្ហាញនូវជំហរគាំទ្រកម្ពុជាចូលជាសមាជិកសម្ព័ន្ធនៃសេដ្ឋកិច្ចរវាងអាស៊ី និងអឺរ៉ុប ។ នេះបើតាមការបញ្ជាក់របស់លោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ីថ្មីប្រចាំកម្ពុជា នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបបត្តិការអន្តរជាតិ កាលពីព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួងការបរទេស។

លោកណី សំអុល អគ្គនាយក នៃអគ្គនាយកដ្ឋានអឺរ៉ុប អាមេរិក អាព្រិច មជ្ឈិមបូព៌ា និងជាអ្នកនាំពាក្យរងក្រសួងការបរទេសកម្ពុជា បានថ្លែងប្រាប់ក្រុមអ្នកកាសែតបន្ទាប់ពីជំនួបចប់ថា “តាមរយៈឯកឧត្តមទូត សហព័ន្ធរុស្ស៊ីបានបង្ហាញជំហរច្បាស់លាស់ថា រុស្ស៊ីគាំទ្រឲ្យកម្ពុជាក្នុងការចូលចរចាទៅក្នុងសម្ព័ន្ធនៃសេដ្ឋកិច្ចរវាងអាស៊ី និងអឺរ៉ុប ដែលក្នុងនឹងរុស្ស៊ីជាតួអង្គចម្បង ហើយរុស្ស៊ីគាំទ្រកម្ពុជាដើម្បីឲ្យបានចូលក្នុងនឹងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហើយរុស្ស៊ីបានសន្យាថា ជួយកម្ពុជាយើង ហើយនិងវេទិកាផ្សេងៗទៀត គឺរុស្ស៊ីបានជួយគាំទ្រកម្ពុជា”។

លោកណី សំអុល បានបន្តថា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអរគុណរុស្ស៊ីដែលបានបង្ហាញជំហរគាំទ្រកម្ពុជាចូលជាសមាជិកសម្ព័ន្ធនៃសេដ្ឋកិច្ចរវាងអាស៊ី និងអឺរ៉ុប។ ហើយរុស្ស៊ីក៏បានអរគុណកម្ពុជាផងដែរ ដែលបានជួយរុស្ស៊ីលើការជួយគាំទ្ររុស្ស៊ីលើបញ្ហាផ្សេងៗ។
សូមជម្រាបថា ក្រសួងពាណិជ្ជកម្មកម្ពុជាបានបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន កាលពីពេលកន្លងទៅថ្មីៗនេះ នៅត្រៀមការចុះហត្ថលេខាជាផ្លូវការក្នុងពេលឆាប់ៗខាងមុខ។ ក្រៅពីប្រទេសចិន កម្ពុជាបានបើកិច្ចចរចាជាមួយកូរ៉េខាងត្បូង ហើយគ្រោងនឹងចរចាបង្កើតព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសអង់គ្លេស, អាម៉េរិក, ជប៉ុន, ម៉ុងហ្គោលី, ឥណ្ឌា និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ាន ឬសម្ព័ន្ធសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប៕សរន

