ដោយៈសុផល/ភ្នំពេញ ៖ ជាផ្នែកមួយនៃការជួយបរិស្ថាននៅកម្ពុជា ក្រុមហ៊ុនមួយ បានដាំដើមឈើជាង៥០០ដើម នៅក្នុងខេត្តកំពត ដើម្បីឆ្ពោះទៅរកភាពបៃតង។
ក្រុមហ៊ុន អ៊ីដតខូ ខេមបូឌា ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការ ផ្តល់ជូនសេវាកម្ម ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅកម្ពុជា ថ្មីៗនេះ បានបង្ហាញពីការប្តេជ្ញាចិត្តចំពោះ អនាគតនៃពិភពបៃតងប្រកបដោយនិរន្តរភាពជាថ្មីម្តងទៀតជាមួយនឹងគំនិតផ្តួចផ្តើមនៃការកាត់បន្ថយការបញ្ចេញកាបូនទៅក្នុងបរិយាកាស។ការដាំកូនឈើចំនួន៥០០ដើម ក្នុងខេត្តកែប ដែលជាកិច្ចខិតខំប្រឹងប្រែងមួយស្របតាមកម្មវិធីឆ្ពោះទៅរកពិភពពណ៌បៃតងរបស់ក្រុមហ៊ុនអ៊ីដតខូ គ្រុបត្រូវបានធ្វើឡើងដើម្បីពង្រឹងគោលដៅរបស់ក្រុមហ៊ុនមួយនេះបន្ថែមទៀត ក្នុងការចូលរួមកាត់បន្ថយការបញ្ចេញកាបូនទៅក្នុងបរិយាកាស។
គំនិតផ្តួចផ្តើមនេះធ្វើឡើងស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិដែលបានដាក់ចេញក្នុងគោលបំណងធ្វើឱ្យអនាគតកាន់តែល្អប្រសើរ និងប្រកបដោយនិរន្តរភាពសម្រាប់មនុស្សជាតិទាំងអស់ក្នុងសកលលោក។កម្មវិធីដាំកូនឈើក្នុងខេត្តកែបនេះ មានអ្នកចូលរួមចំនួន ២២០នាក់ ក្នុងនោះក៏មានការចូលរួមពីលោក ភូ លិ អភិបាលរងខេត្តកែប លោកស្រី ទិត សុខាអភិបាលក្រុងកែប បុគ្គលិកក្រុមហ៊ុនអ៊ីដតខូខេមបូឌា តំណាងក្រុមប្រឹក្សាខេត្តសមាជិកសហភាពសហព័ន្ធយុវជន យុវជនកម្ពុជាខេត្ត យុវជនកាយរិទ្ធិ យុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្សជាច្រើននាក់ទៀត។
លោក Phillip Wong នាយកប្រចាំតំបន់អាស៊ានប៉ែកខាងជើង(Asean North)នៃក្រុមហ៊ុន អ៊ីដតខូ គ្រុប បានមានប្រសាសន៍ឲ្យដឹងថា«និរន្តរភាព គឺមិនត្រឹមតែជាទំនួលខុសត្រូវក្នុងសង្គមរបស់យើងទាំងអស់គ្នាប៉ុណ្ណោះទេ វាក៏ជាកម្លាំងចលករមួយដ៏ប្រសើរ និងសំខាន់មិនអាចខ្វះបានសម្រាប់អាជីវកម្មផងដែរ ព្រោះវាបានចូលរួមចំណែកក្នុងការបង្កើនប្រសិទ្ធភាពនិងការប្រកួតប្រជែងជាទូទៅរបស់អង្គភាពមួយ។ការខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយ នៃការបំភាយឧស្ម័នកាបូននាពេលបច្ចុប្បន្នរបស់ក្រុមហ៊ុន អ៊ីដតខូ រួមជាមួយនឹងការអនុវត្តវិស្វកម្មបៃតងរបស់ក្រុមហ៊ុននេះអាចធានាបាននូវភាពរីកចម្រើនក្នុងការធ្វើអាជីវកម្ម និងដំណោះស្រាយក្នុងសម័យទំនើបដោយមិនបានធ្វើឲ្យប៉ះពាល់ដល់បរិស្ថានឡើយ។ស្របពេលដែលយើងបន្តចូលរួមចំណែកក្នុងការបង្កើតភាពវិជ្ជមានចំពោះបរិស្ថាន យើងក៏មានបំណងកំណត់គោលដៅសម្រាប់ការធ្វើប្រតិបត្តិការវិស្វកម្មបៃតងនៅក្នុងឧស្សាហកម្មហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នេះផងដែរ»។
ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនរបស់ខ្លួនចំពោះវិស្វកម្មបៃតង ក្រុមហ៊ុន អ៊ីដតខូ បានដាក់ចេញនូវវិធានការផ្សេងៗគ្នា និងដាក់ពង្រាយដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និរន្តរភាព និងប្រសិទ្ធភាពដើម្បីកាត់បន្ថយការបំភាយកាបូន។វិធីសាស្រ្តទាំងនោះរួមមាន៖ ការកាត់បន្ថយការប្រើប្រាស់ដែកសម្រាប់ផលិតបង្កោលអង់តែន និងការប្រើប្រាស់វត្ថុធាតុដើមមកជំនួសដែកដោយប្រើប្រាស់ carbon fiber ឫស្សី រួមនឹងការប្រើប្រាស់ថាមពលកកើតឡើងវិញដើម្បីផ្តល់ថាមពលដល់ទីតាំងនានាជាដើម។
លោក ភូ លិ អភិបាលរងខេត្តកែប បានមានប្រសាសន៍ថា«បរិស្ថានពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ជីវិតនៅលើភពផែនដីយើង។ សម្រាប់មនុស្សជាតិ យើងអាចនិយាយឃ្លាមួយថា “សួតរបស់យើងមួយចំហៀង គឺផ្ញើនៅលើដើមឈើ”។ ដូច្នេះយើងត្រូវតែរួមគ្នាថែរក្សាបរិស្ថាន ហើយនាថ្ងៃអនាគតនឹងរក្សានិរន្តរភាពព្រៃឈើដែលគ្របដណ្តប់ទៅដោយបរិស្ថានល្អ ធ្វើឱ្យយើងមានសុខភាពល្អ ក៏ដូចជាមានធនធានប្រកបទៅដោយសក្តានុពលនៅក្នុងសហគមន៍របស់យើង ដោយហេតុថា ប្រជាពលរដ្ឋរបស់យើងបានយល់ដឹងពីសារសំខាន់នៃបរិស្ថាន ហើយបានរួមគ្នាដាំកូនឈើជាបន្តបន្ទាប់ទោះបីជាកូនឈើហូបផ្លែនៅជុំវិញផ្ទះរបស់ពួកគាត់ក៏ដោយ។ ការដាំកូនឈើនាពេលនេះ បង្ហាញពីកិច្ចខិតខំប្រឹងប្រែងដ៏មានអត្ថន័យដើម្បីបង្កើនគុណភាពនៃបរិស្ថានក៏ដូចជាការរស់នៅរបស់ប្រជាជនក្នុងសហគមន៍យើងទាំងមូល»៕ph
