ដោយៈ បូកគោ /កំពតៈ អ្នកចិញ្ចឹមទាយកស៊ុត បានចែករំលែក ពីបទពីសោធន៍ថា ដើម្បីទទួលទិន្នផលច្រើន និងប្រកបដោយគុណភាព នៃរសជាតិ មុខរបរនេះ តម្រូវឱ្យមាន ការយកចិត្តទុកដាក់ខ្ពស់ លើកិច្ចការថែទាំ ទូទៅ។
លោក ទួន ទិត្យ អាយុ ៣៩ឆ្នាំ រស់នៅភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត បានរៀបរាប់ថាៈ អាជីវកម្ម ចិញ្ចឹមទាយកស៊ុត ជាកិច្ចការ ដែលមានភាពមមាញឹក ស្ទើរពេញៗ មួយថ្ងៃ។ ការងារ ដែលត្រូវធ្វើជាប្រចាំ រួមមាន ការផ្សំ និងដាក់ចំណី ឱ្យបានទៀងទាត់ ការត្រួតពិនិត្យ សុខភាពសត្វទា ការបោសសម្អាតទ្រុង ការបាញ់ថ្នាំសម្លាប់មេរោគ ជាដើម។ ប្រសិនបើធ្វើសកម្មភាព ទាំងនេះ មិនបានជាប់លាប់នោះ ទិន្នផល នឹងធ្លាក់ចុះ ហើយរសជាតិ របស់ស៊ុត ក៏មិនឆ្ងាញ់ពិសាដែរ។

កសិករដដែល បានបន្តថាៈ រៀងរាល់ ក្រោយពេលភ្លៀងធ្លាក់ ម្តងៗ ចាំបាច់ត្រូវតែបាញ់ទឹកលាង និងបោសលាមកទា ចេញពីទ្រុង ដោយមិនអាច ទុកយូរបានឡើយ។ ប្រសិនបើមិនរួសរាន់ទេ សត្វនេះ ងាយនឹងកើតជំងឺ ហើយឈានទៅងាប់ យ៉ាងលឿនបំផុត។
លោក ទួន ទិត្យ បានរំលឹកឱ្យដឹងថាៈ ក្រុមគ្រួសាររបស់លោក បានចាប់មុខរបរ ចិញ្ចឹមទាយកស៊ុត នៅឆ្នាំ២០០០ ដោយប្រើចំណេះជំនាញ បន្តពីដូនតា។ កាលផ្តើមដំបូង លោកមានលទ្ធភាព ទិញកូនទា ត្រឹម ៥០០ ក្បាលប៉ុណ្ណោះ តែសព្វថ្ងៃ បានទិញចូលរហូតដល់ ២.៥០០ ក្បាល ក្នុងមួយលើកៗ ។ ក្នុងករណីចាប់ផ្តើមថ្មី គិតទាំងការធ្វើទ្រុង ទិញថ្នាំចំណី និងរបស់របរ សព្វសារពើ យ៉ាងហោចណាស់ ក៏ត្រូវចំណាយ ២០.០០០ ដុល្លារដែរ ទើបទប់ទល់រួច សម្រាប់កូនទា ២.៥០០ ក្បាលនេះ ។

អ្នកចិញ្ចឹមទា បានបន្តថាៈ កូនទាដែលទិញ មកចិញ្ចឹមគឺ ជ្រើសយកទាញីទាំងអស់ ហើយពួកវាចាប់ផ្តើមផ្តល់ផល នៅអាយុ៦ខែ ដោយបានប្រហែល ៨០ ភាគរយ ។ ឯការទទួលបានស៊ុត ស្ទើរមួយរយភាគរយ នៃចំនួនសត្វទាទាំងអស់ គឺចាប់ពីអាយុ ៨ខែ ទៅជាងមួយឆ្នាំ រួចក៏ថមថយបន្តិចម្តងៗ។ សត្វទាទាំងនោះ លោកចាប់លក់វិញ នៅអាយុ ២ឆ្នាំ ដើម្បីទិញថ្មី មកចិញ្ចឹមបន្ត វិលជុំទៀត។
លោក ទួន ទិត្យ បានបញ្ជាក់ថាៈ ក្នុងមួយយប់ៗ ទារបស់លោក ផ្តល់ស៊ុតប្រមាណជាង ២.០០០ ដែលអាចទទួលបានប្រាក់កម្រៃ ប្រមាណ ២០ ម៉ឺនរៀល។ សម្រាប់ចំណូលប្រចាំខែ បានប្រហែល ៦ លានរៀល ពោលគឺសមល្មមនឹងការចំណាយ ទៅវិញ គិតទាំងការរៀនសូត្រ របស់កូនៗផង៕/V
