ភ្នំពេញ៖ /ដោយ៖បញ្ញាសាស្រ្ត-កំពូលតារាចម្រៀង លោក ឆាយ វីរៈយុទ្ធ បានបញ្ចេញបទថ្មី មួយបទទៀតហើយ ដែលមានចំណងជើងថា «ស្រឡាញ់គេ ជារឿងអូន ស្រឡាញ់អូន ជារឿងបង» ដែលបទចម្រៀង កំពុងតែផ្ទុះ និងចាក់ដោតបេះដូងយុវវ័យ មួយបទនេះ មានការចូលរួមផលិត ដោយអ្នកនិពន្ធ រួមគ្នាធ្វើរហូតដល់ទៅ ៣ នាក់ឯណោះ។
តាមការបង្ហាញបទ «ស្រឡាញ់គេជារឿងអូន ស្រឡាញ់អូនជារឿងបង» និពន្ធរបៀបច្រៀង ដោយអ្នកនាង សែ ចាន់ឌី ដែលជាភរិយារបស់លោក និពន្ធទំនុកច្រៀង ដោយ Memories និងអ្នកនិពន្ធបទភ្លេងម្នាក់ទៀត ។ អ្វីដែលជាការចាប់អារម្មណ៍នោះ ជាធម្មតាបទ ចម្រៀង១បទ ធ្វើឡើងត្រឹមតែអ្នកនិពន្ធ២នាក់ឬ អ្នកម្នាក់ទេ គឺអ្នកនិពន្ធទំនុកច្រៀង និងអ្នកនិពន្ធមេឡូឌីច្រៀងម្នាក់ និងអ្នកនិពន្ធបទភ្លេងម្នាក់ទៀត ប៉ុន្តែសម្រាប់បទចម្រៀង ១បទនេះ និពន្ធរហូតដល់ទៅ ៣ នាក់ឯណោះ ទម្រាំផលិតមក សម្រាប់បម្រើអារម្មណ៍ ជូនទស្សនិកជន។
បទ«ស្រឡាញ់គេជារឿងអូន ស្រឡាញ់អូនជារឿងបង» បានបង្កប់អត្ថន័យស្នេហា របស់បុរសម្នាក់ ស្រឡាញ់គេតែម្ខាង ទោះបីឈចាប់យ៉ាងណា ក៏ទ្រាំឲ្យតែបានក្បែរកាយ ពេលគេត្រូវការ ឬមើលគេពីចំងាយ ក៏សប្បាយចិត្តដែរ។ ជាមួយនឹងសំនៀងរបស់ លោក ឆាយ វីរៈយុទ្ធ បង្កប់នៅអត្ថន័យ នៃការឈឺចាប់នោះ វាពិតជាដាស់អារម្មណ ប្លែកមួយ ដល់ប្រិយមិត្ត ដែលបានស្ដាប់បទចម្រៀងនេះ។
ជាការកត់សម្គាល់ អ្នកនៅក្នុងមជ្ឈដ្ឋានសិល្បៈចម្រៀង បើនិយាយពី គូស្នេហ៍របស់លោក ឆាយ វីរៈយុទ្ធ គឺដឹងថា ភរិយារបស់លោក ជាអ្នកនិពន្ធមួយរូបផងដែរ ដោយអ្នកនាង ធ្លាប់និពន្ធបទចម្រៀង ឲ្យតារាចម្រៀង ក្នុងផលិតកម្មសាន់ដេរ រូបនេះ តាំងតែពីមិនទាន់រៀបការ ជាមួយគ្នាមកម្ល៉េះ៕