ដោយៈ មេសា/ភ្នំពេញៈ លោក ជួរ រតនៈ នាយកមូលនិធិជនពិការ បានថ្លែងអំពីតួនាទីដ៏សកម្ម នៃ ស្ថានទូត អូស្ត្រាលី ប្រចាំ កម្ពុជា ក្នុងវិស័យពិការភាព ថា “ សូមថ្លែងអំណរគុណដល់រដ្ឋាភិបាល អូស្ត្រាលី ដែលបានឧបត្ថម្ភនូវសម្ភារនានា សម្រាប់ការពារនូវការឆ្លងជំងឺកូវីដ ១៩ ដល់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា នានា ដែលពិតជាបានរួមចំណែកដល់ការរក្សាសុវត្ថិភាពដល់ជនពិការ និង មន្ត្រីបម្រើសេវា ។ ស្ថានទូត អូស្ត្រាលី គឺជាស្ថាប័នដ៏សកម្មបំផុតមួយ ដែលតែងតែបានរួមចំណែកជាមួយមូលនិធិជនពិការ ក្នុងការផ្តល់សម្ភារនានា ដើម្បី ទប់ស្កាត់ការរីករាលដាល នៃ ជំងឺកូវីដ ១៩ “ ។
លោក ជួរ រតនៈ លើកឡើងប្រកបដោយភាពរីករាយបែបនោះ នៅក្នុងពិធីប្រគល់ និង ទទួលសម្ភារមួយចំនួនសម្រាប់ការពារការឆ្លងជំងឺកូវីដ ១៩ ដល់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្ត ក្រចេះ ថ្ងៃទី ១ ខែ តុលា ឆ្នាំ ២០២០ ដែលពិធីនោះធ្វើនៅឯ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្ត ក្រចេះ ។
ជាការកត់សម្គាល់ ត្រឹមតែរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ៣០ ខែ កញ្ញា និងថ្ងៃទី ១ ខែ តុលា ឆ្នាំ ២០២០ សម្ភារការពារជំងឺកូវីដ១៩ រួមមាន អាល់កុលចំនួន ៨១០ ដប ម៉ាស់វះកាត់ចំនួន ៧០ ប្រអប់ ម៉ាស់ក្រមា ចំនួន ៨១០ម៉ាស់ ស្រោមដៃចំនួន ៤០ ប្រអប់ ត្រូវបានស្ថានទូតអូស្ត្រាលី ប្រចាំ កម្ពុជា និង មូលនិធិជនពិការ នាំយកទៅចែក ជូនដល់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តព្រៃវែង និង ក្រចេះ សម្រាប់ផ្តល់ជូនដល់ជនពិការដែលមកទទួលសេវា។
លោក Pablo Kang ឯកអគ្គរដ្ឋទូត អូស្ត្រាលី ប្រចាំ កម្ពុជា បានថ្លែងថា រដ្ឋាភិបាល នៃ ប្រទេស អូស្ត្រាលី តែងតែគាំទ្រ និង ធ្វើការយ៉ាងជិតស្និតជាមួយរាជរដ្ឋាភិបាល កម្ពុជា តាមរយៈកម្មវិធី ACCESS លើសកម្មភាពជួយអភិវឌ្ឍដល់ជនពិការ កុមារ និង ស្ត្រី ។ សម្រាប់ការផ្តល់សេវាដល់ជនពិការ កម្មវិធី ACCESS បានចូលរួមជួយជាផ្នែកបច្ចេកទេស និង ថវិកាដល់មូលនិធិជនពិការ ក្នុងការរៀបចំសកម្មភាពអភិវឌ្ឍសេវាស្តារលទ្ធភាពពលកម្មនៅកម្ពុជា។
លោក Pablo Kang បន្តថា សម្រាប់បរិបទ នៃ ការរីករាលដាល នៃ ជំងឺកូវីដ ១៩ នេះ ស្ថានទូត អូស្ត្រាលី ពិតជាមានក្តីសោមនស្សជាមួយនឹងសមិទ្ធផល និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល កម្ពុជា ដែលបានទប់ស្កាត់ជំងឺនេះបានល្អ ។ ដើម្បីចូលរួម និងបង្កើនកិច្ចសហការល្អរវាងប្រទេសទាំង២ រាជរដ្ឋាភិបាល អូស្ត្រាលី តាមរយៈស្ថានទូតអូស្ត្រាលី ប្រចាំ កម្ពុជា បានផ្តល់នូវសម្ភារការពារជំងឺកូដ ១៩ ជូនមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ចំនួន ៣ រួចមកហើយ គឺនៅខេត្ត សៀមរាប ខេត្ត តាកែវ និង មណ្ឌលគៀនឃ្លាំង ភ្នំពេញ ។
លោក ជួរ រតនៈ បានបន្ថែមថា រយៈពេល ៩ ខែដើមឆ្នាំ ២០២០ នេះ ដោយសារមានផលប៉ះពាល់នៃជំងឺកូវីដ ១៩ មជ្ឈមណ្ឌលខេត្តព្រៃវែង និង ក្រចេះ បានផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាជូនជនពិការចំនួន ៩៧៩ នាក់ គឺមានការធ្លាក់ចុះប្រមាណ ១៤ ភាគ ធៀបនឹងការផ្តល់សេវាក្នុងឆ្នាំ ២០១៩ ។ ដោយអនុវត្តតាមការណែនាំពីក្រសួងសុខាភិបាល និ ងមានការជួយគាំទ្រពីក្រសួងអាណាព្យាបាលរបស់ខ្លួន មូលនិធិជនពិការបានរក្សាបាននូវការផ្តល់សេវាប្រកបដោយគុណភាព និង សុវត្ថិភាពជូនជនពិការ តាមរយៈការរៀបចំឱ្យមានឧបករណ៍ការពារ ការធ្វើអនាម័យជាប្រចាំ ការផ្តល់ជាម៉ាស់និងទឹកអាកុល និងការណែនាំអប់រំនានាដល់ជនពិការ ៕ Kh




