ពួកមេដឹកនាំសហភាពអឺរ៉ុបបានយល់ព្រមដាក់ទណ្ឌកម្មប្រឆាំងនឹងសមាជិកនៃរបបបេឡារូសនៅថ្ងៃសុក្រទី២តុលានេះនិងបានធ្វើការព្រមានតួកគីជុំវិញសកម្មភាពខួងយកប្រេងរបស់ខ្លួននៅភាគខាងកើតសមុទ្រមេឌីទែរ៉ាណេ។

នៅក្នុងសេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំកំពូលឥតឈប់ជាង ៦ ម៉ោង មេដឹកនាំទាំង ២៧ រូបបានព្រមានរដ្ឋាភិបាលក្រុងអង់ការ៉ាថាខ្លួនអាចនឹងប្រឈមនឹងការដាក់ទណ្ឌកម្មជាបន្ទាន់ ប្រសិនបើនៅតែបន្តរុករកឧស្ម័ននៅក្នុងដែនទឹករបស់ប្រទេសស៊ីប។

សេចក្តីថ្លែងការណ៍នេះគឺគ្រប់គ្រាន់សម្រាប់រដ្ឋាភិបាលក្រុងនីកូស៊ី (ស៊ីប) ដើម្បីដកសិទ្ធិវេតូរបស់ខ្លួនលើការដាក់ទណ្ឌកម្មដែលពន្យារពេលដាច់ដោយឡែកមួយចំពោះវិបត្តិនៅបេឡារូស ដែលក្រុមមន្រ្តីនិយាយថាឥឡូវនេះនឹងចូលជាធរមាននៅថ្ងៃសុក្រនេះតែម្តង។

ប៉ុន្តែមេដឹកនាំសហភាពអឺរ៉ុបបានបោះឆ្នោតជំទាស់នឹងការដាក់កំហិតលើប្រធានាធិបតីលូកាសិនកូ ដោយជំនួសមកវិញគឺចេញការហាមឃាត់លើការធ្វើដំណើរនិងបង្កកទ្រព្យសម្បត្តិរបស់មន្រ្តីបេឡារូសប្រហែល ៤០ នាក់។

នៅរាត្រីទីមួយនៃកិច្ចប្រជុំកំពូលសហភាពអឺរ៉ុបរយៈពេល ២ ថ្ងៃត្រូវបានគ្របដណ្តប់ដោយទំនាក់ទំនងអន់ថយរបស់ប្លុកនេះជាមួយរដ្ឋាភិបាលក្រុងអង់ការ៉ា ដែលជាប់ផុងក្នុងជម្លោះសមុទ្រប្រកបដោយគ្រោះថ្នាក់ជាមួយប្រទេសក្រិកនិងស៊ីប។

ដោយអនុម័តតាមវិធីសាស្ត្រខោកផងអង្អែលផង សេចក្តីថ្លែងការណ៍របស់មេដឹកនាំអឺរ៉ុបផ្តល់ជូនដល់ក្រុងអង់ការ៉ានូវទំនាក់ទំនងកាន់តែជិតស្និទ្ធនិងពាណិជ្ជកម្មកាន់តែប្រសើរ ប្រសិនបើតួកគីប្តេជ្ញា “បន្តការសន្ទនាដោយស្មោះត្រង់និងមិនចូលរួមក្នុងសកម្មភាពឯកតោភាគី”។

ប៉ុន្តែសហភាពអឺរ៉ុបព្រមានថាបានត្រៀមរួចជាស្រេចដើម្បីប្រើទណ្ឌកម្មនានារួមទាំងវិធានការសេដ្ឋកិច្ចមូលដ្ឋានទូលំទូលាយ ប្រសិនបើតួកគីនៅតែប្រកាន់ខ្ជាប់នូវអ្វីដែលក្រុងព្រុចសែលយល់ថាជាការរំលោភបំពានខុសច្បាប់លើដែនទឹករបស់ស៊ីប៕ ដោយ ៖ កញ្ញាដាលីស

តួកគីនឹងត្រូវរងទណ្ឌកម្មពីសហភាពអឺរ៉ុបបើនៅតែរំលោភដែនទឹករបស់ស៊ីប