ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានឆ្លងវីរុសកូរ៉ូណានិងកំពុងដាក់ខ្លួននៅដាច់ពីគេនៅសេតវិមាន តែលោកកំពុងប្រឈមការចូលដេកពេទ្យនិងសេចក្តីស្លាប់ពីជំងឺផ្លូវដង្ហើមកូវីដ១៩ ដោយសារតែអាយុនិងទម្ងន់រួមទាំងភេទរបស់លោក។
យោងតាមអ្នកជំនាញ មេដឹកនាំវ័យ៧៤ឆ្នាំរូបនេះ ត្រូវចាត់ចូលក្នុងក្រុមប្រឈមខ្ពស់ដោយសារ ភេទប្រុស ព្រោះប្រុសមានអត្រាមរណៈខ្ពស់ជាងស្រីដល់ទៅ២ដងពីជំងឺកូវីដ១៩។ទោះជាយ៉ាងណា កក្តាប្រឈមបំផុតគឺអាយុរបស់លោក ដោយអ្នកជំនាញសុខភាពសន្និដ្ឋានថា អាយុជាការព្រួយបារម្ភធំបំផុតសំរាប់អ្នកជំងឺកូវីដ១៩នេះ គឺថាវីរុសកូរ៉ូណា ឆក់យកជីវិតអ្នកជំងឺវ័យចាស់ច្រើនបំផុត។
បើតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាម៉េរិក អ្នកឆ្លងវីរុសកូរ៉ូណាអាយុ៦៥ទៅ៧៤ឆ្នាំចូលដេកពេទ្យខ្ពស់ជាងអ្នកឆ្លងអាយុ១៨ទៅ២៩ឆ្នាំដល់ទៅ៥ដង និងប្រឈមការស្លាប់ដល់ទៅ៩០ភាគរយ។ចំណែកអ្នកឆ្លងវីរុសនេះវ័យ៧៥ដល់៨៤ឆ្នាំ ចូលដេកពេទ្យខ្ពស់ជាងអ្នកឆ្លងវ័យក្មេងដល់ទៅ៨ដង និងអត្រាស្លាប់ខ្ពស់ជាងដល់ទៅ២២០ដងឯណោះ។
លោកត្រាំក៏ជាមនុស្សលើសទម្ងន់ តែគ្រូពេទ្យផ្ទាល់របស់លោកបានប្រាប់អ្នកយកព័ត៌មានកាលពីខែមិថុនាថា លោកមានសុខភាពល្អទេ។វេជ្ជបណ្ឌិត ស៊ីន ខុនលី បាននិយាយថា លោកត្រាំមានទម្ងន់១១០,៧គីឡូក្រាម។
ត្រាំ បានប្រកាសតាមបណ្តាញសង្គមទ្វីតធឺ នៅថ្ងៃសុក្រទី០២តុលាថា លោកនិងភរិយា ជំទាវទី១ មេឡានៀ ត្រាំ (អាយុ៥០ឆ្នាំ)បានធ្វើតេស្តិ៍វិជ្ជមានវីរុសកូរ៉ូណា និងពួកលោកកំពុងដាក់ខ្លួននៅដាច់ពីគេនៅក្នុងសេតវិមាន។
វាជាការស៊យធំមួយសំរាប់ត្រាំ ដោយសារសល់ពេលតែមួយខែគត់លោកនឹងហក់ចូលការប្រកួតប្រជែងយកតំណែងសេតវិមានជាលើកទី២ ជាហេតុនាំអោយលោកត្រូវលុបចោលដំណើរធ្វើយុទ្ធនាការបោះឆ្នោតនៅជុំវិញប្រទេសដោយមិនបាច់ពាក់ម៉ាស់ការពារ។
គូប្រជែងរបស់ត្រាំ លោកចូ បៃដិន ដែលកំពុងនាំមុខនៅក្នុងការស្ទង់មតិ បានធ្វើការរិះគន់រដ្ឋាភិបាលត្រាំជាប្រចាំចំពោះការដោះស្រាយវិបត្តិកូវីដ១៩និងភាពផ្គើនរបស់លោកត្រាំនឹងសត្រូវមើលមិនឃើញនេះ៕ប្រែសម្រួល៖វាសនា
តាមបច្ចេកទេស ភាពធាត់និងវ័យរបស់ត្រាំ ធ្វើអោយគាត់ប្រឈមនឹងការកើតជំងឺកូវីដធ្ងន់