ជនអន្តោប្រវេសន៍រាប់ពាន់នាក់ដែលភាគច្រើនជនជាតិហុងឌូរ៉ាសដែលធ្វើដំណើរឆ្ពោះទៅសហរដ្ឋអាម៉េរិក បានឆ្លងកាត់ព្រំដែនចូលក្វាតេម៉ាឡាកាលពីថ្ងៃព្រហស្បតិ៍ទី០១តុលា គឺនៅពេលតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ នៅមុនការបោះឆ្នោតប្រធានាធិបតីអាមេរិកដ៏តានតឹង ដែលបញ្ហាអន្តោប្រវេសន៍គឺជាបញ្ហាសំខាន់។
ដោយមានកាបូបស្ពាយនិងថង់ផ្លាស្ទិចក្រុមអន្តោប្រវេសន៍ទាំងនោះបានរុញច្រានឆ្លងកាត់ខ្សែបន្ទាត់ព្រំដែន២របស់ទាហានក្វាតេម៉ាឡានៅច្រកព្រំដែនមួយនិងបានបន្តដំណើរទៅកាន់តំបន់ភាគខាងជើង ដោយបំពានវិធានការតឹងរឹងដែលទាក់ទងនឹងការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩។
កាលពីថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតីក្វាតេម៉ាឡា បានបញ្ជាឱ្យចាប់ឃុំខ្លួនក្រុមជនជាតិហុងឌូរ៉ាសនិងបញ្ជូនពួកគេត្រឡប់ទៅប្រទេសដើមរបស់ពួកគេវិញ។ទោះយ៉ាងនេះក្តី លោកបានឱ្យពួកគេវិលត្រឡប់ដោយស្ម័គ្រចិត្តទៅប្រទេសរបស់ពួកគេវិញ។
ក្រុមមន្ត្រីអន្តោប្រវេសន៍កា្វតេម៉ាឡា បាននិយាយថា មនុស្សប្រហែល៣.០០០ នាក់បានឆ្លងកាត់ព្រំដែន ដោយមិនបានបង្ហាញលិខិតធ្វើតេស្តិ៍កូវីដ១៩ ដែលត្រូវការសម្រាប់ក្រុមជនបរទេសចូលក្នុងប្រទេសនេះ។
មនុស្សជាច្រើនមិនបានពាក់ម៉ាស់ដើម្បីការពារប្រឆាំងការឆ្លងរាលដាលនៃជំងឺនេះទេ។
លោកប្រធានាធិបតីក្វាតេម៉ាឡាបាននិយាយថា ជនជាតិហុងឌូរ៉ាសមួយក្រុមធំបានសម្រុកចូលមកទីក្រុងជាប់ព្រំដែនកូរីនតូនៅខេត្តអ៊ីហ្សាបាល់ ។ប៉ុន្តែគោលបំណងនៃក្រុមជន្តោប្រវេសន៍ហុងឌូរ៉ាសទាំងនោះ គឺចង់ទៅឱ្យបានដល់សហរដ្ឋអាម៉េរិក ជាទីដែលពួកគេនឹងស្វែងរកការជ្រកកោន៕ប្រែសម្រួល៖សុខា/sn
ក្រុមជនអន្តោប្រវេសន៍ហុងឌូរ៉ាស ដែលឆ្ពោះទៅសហរដ្ឋអាម៉េរិកដើរនៅជិតរថយន្តយោធានៅច្រកព្រំដែនEntre Rios ប្រទេសក្វាតេម៉ាឡាបន្ទាប់ពីឆ្លងកាត់ព្រំដែនកាលពីថ្ងៃព្រហស្បតិ៍