ដោយៈ ភ្នំខៀវ / បាត់ដំបងៈ ស្ត្រីម្នាក់ បានពរចៅ ឆ្លងអូរព្រំដែន ក៏រអិលជើងដួល របូតចៅចេញពីដៃ ធ្លាក់ចូលអូរ ហូរតាមទឹកទៅបាត់ នៅវេលាម៉ោងប្រមាណ ៧ យប់ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុចច្រករបៀងចាន់គីរី ឋិតនៅក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
អ្នកស្រី អ៊ុន រ៉ែម អាយុ ៤១ ឆ្នាំ ត្រូវជាជីដូនរបស់កុមារារងគ្រោះ រស់នៅក្នុងភូមិថ្មី ឃុំត្រាង ស្រុកកំរៀង បានប្រាប់ឲ្យដឹងថាៈ នៅវេលាកើតហេតុ ខាងលើ គាត់បានបញ្ចប់ការងារ ស៊ីឈ្នួលឲ្យថៃ នៅតាមព្រំដែន ហើយបានធ្វើដំណើរ ដោយថ្មើរជើង វិលត្រឡប់មកកាន់ ទីលំនៅក្នុងទឹកដីកម្ពុជាវិញ ដោយពរចៅ ដើរឆ្លងកាត់អូរ ដែលមានទឹកជន់ និងហូរផងនោះ គាត់បានរអិលជើងដួល របូតចៅចេញពីដៃ ធ្លាក់ចូលអូរ ហូររសាត់ តាមទឹកបាត់ស្រមោល រកមិនឃើញ។ កុមារារងគ្រោះនោះ ឈ្មោះ ភូ អាយុជិត ២ ខួប រស់នៅជាមួយជីដូន ក្នុងភូមិ ឃុំ កើតហេតុខាងលើ។
លោក គឹម ពន្លក អធិការនគរបាល ស្រុកកំរៀង បានឲ្យដឹងដែរថាៈ ករណីក្មេងលង់ទឹក ខាងលើ ភ្លាមៗ ទាំងក្រុមគ្រួសារ ក៏ដូចជា ប្រជាពលរដ្ឋ រួមទាំងកងកម្លាំង ប្រចាំការតំបន់ព្រំដែន មួយចំនួនទៀត បានចុះទឹករាវរកកុមារារងគ្រោះ ជាច្រើនម៉ោងដែរ នៅតែរកមិនឃើញ ទើបតែនៅវេលាម៉ោង ១១និង២៣ នាទី ថ្ងៃត្រង់ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ នេះ ទើបរកសាកសពកុមារារងគ្រោះ ស្ថិតនៅចម្ងាយប្រមាណ ៣០០ ម៉ែត្រ ពីកន្លែងកើតហេតុ៕R