ដោយៈបូកគោ/កំពតៈដោយយោងតាមការបញ្ជាក់របស់លោក ចាន់ រិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត ថាគិតត្រឹមថ្ងៃទី០១ តុលា ការងារបង្កបង្កើនស្រូវវស្សារបស់ប្រជាកសិករទូទាំងខេត្តកំពតបានបញ្ចប់ជាស្ថាពរហើយ ដោយសម្រេចលទ្ធផលជាង១០០ភាគរយនៃផែនការ។
លោក ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពតបានបញ្ជាក់ថា លទ្ធផលនៃការសាបព្រោះដកស្ទូងសម្រេចបាន១០៦,៥២ភាគរយនៃផែនការនូវទំហំផ្ទៃដី១៣៣.០០០ហិកតាដោយបងប្អូនប្រជាកសិករធ្វើបានរហូតដល់១៤១.៦៧៤ហិកតា។ លោក បន្តថាក្នុងនោះការភ្ជួររាស់ដោយគ្រឿងយន្តមានផ្ទៃដី១៤០.២៧៤ហិកតា និងប្រើប្រាស់កម្លាំងគោក្របីលើទំហំ១.៤០០ហិកតា។


លោកចាន់ រិទ្ធបានបញ្ជាក់បន្ថែមថាប្រភេទស្រូវវស្សាដែលសាបព្រោះដកស្ទូងបាន រួមមាន ស្រូវស្រាលលើផ្ទៃដី១៦.៣៦៩ហិកតា ស្រូវកណ្តាល៨៦.៩០៤ហិកតានិងស្រូវ ធ្ងន់មានទំហំ៣៨.៤០១ហិកតា។ ដោយឡែកស្រូវបង្កើនរដូវអនុវត្តបាន១៦.៣១៦ហិកតា។ជាមួយគ្នានេះ កសិករទូទាំងខេត្តសម្រេចបាននូវដំណាំសាកវប្បកម្មចំនួន៣.២៧៤ហិកតាគឺបន្លែ១.៨៥៦ហិកតា ឪឡឹក១៩១ហិកតាដំឡូងជ្វា៥៦៦ហិកតាពោតស៦២២ហិកតានិងម្ទេស៣៩ហិកតា។ចំណែកដំណាំឧស្សាហកម្មសម្រេចបានទំហំ១.៧៨២ហិកតាក្នុងនោះដំឡូងមី២៥៩ហិកតាសណ្តែកបាយ៤៨៨ហិកតាអំពៅ៥៥៩ហិកតាសណ្តែកដី២៧១ហិកតានិងពោតក្រហម២០៥ហិកតា៕R

