ដោយៈបូកគោ/កំពតៈការងារបង្កបង្កើនស្រូវវស្សារបស់ប្រជាកសិករទូទាំងខេត្តកំពតបានបញ្ចប់ជាស្ថាពរ ដោយសម្រេចលទ្ធផល ១០៦,៥២ ភាគរយ នៃផែនការ នូវទំហំផ្ទៃដី ១៣៣.០០០ ហិកតា។
លោក ចាន់ រិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពត បានបញ្ជាក់ថាៈ គិតត្រឹមថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ ការបង្កបង្កើនផលស្រូវវស្សា របស់ប្រជាកសិករ នៅទូទាំងខេត្តកំពត បានបញ្ចប់ជាស្ថាពរហើយ។ លទ្ធផលនៃការសាបព្រោះ ដកស្ទូង សម្រេចបាន ១០៦,៥២ ភាគរយ នៃផែនការ នូវទំហំផ្ទៃដី ១៣៣.០០០ ហិកតា ដោយបងប្អូនប្រជាកសិករ ធ្វើបានរហូតដល់ ១៤១.៦៧៤ ហិកតា។

លោកប្រធានមន្ទីរ បានបន្តថាៈ ក្នុងនោះ ការភ្ជួររាស់ដោយគ្រឿងយន្ត មានផ្ទៃដី ១៤០.២៧៤ ហិកតា និងប្រើប្រាស់កម្លាំងគោក្របី លើទំហំ ១.៤០០ ហិកតា។ លោក ចាន់ រិទ្ធ បានបញ្ជាក់ទៀតថាៈ ប្រភេទស្រូវវស្សា ដែលសាបព្រោះ ដកស្ទូងបាន រួមមាន ស្រូវស្រាល លើផ្ទៃដី ១៦.៣៦៩ ហិកតា ស្រូវកណ្តាល ៨៦.៩០៤ ហិកតា និងស្រូវធ្ងន់ មានទំហំ ៣៨.៤០១ ហិកតា។

ដោយឡែក ស្រូវបង្កើនរដូវអនុវត្តបាន ១៦.៣១៦ ហិកតា។ ជាមួយគ្នានេះ កសិករទូទាំងខេត្ត សម្រេចបាននូវ ដំណាំសាកវប្បកម្ម ចំនួន ៣.២៧៤ ហិកតា គឺបន្លែ ១.៨៥៦ ហិកតា ឪឡឹក ១៩១ ហិកតា ដំឡូងជ្វា ៥៦៦ ហិកតា ពោតស ៦២២ ហិកតា និងម្ទេស ៣៩ ហិកតា។ ចំណែកដំណាំឧស្សាហកម្ម សម្រេចបានទំហំ ១.៧៨២ ហិកតា ក្នុងនោះ ដំឡូងមី ២៥៩ ហិកតា សណ្តែកបាយ ៤៨៨ ហិកតា អំពៅ ៥៥៩ ហិកតា សណ្តែកដី ២៧១ ហិកតា និងពោតក្រហម ២០៥ ហិកតា៕S/


