Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​អន្តរក្រសួង​...

​អន្តរក្រសួង​ប្រជុំ​ចង្អៀត​ពិនិត្យ​លើ​លទ្ធផល​នៃ​ការចរចា​កិច្ចព្រម​ព្រៀង​​​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ​

ដោយៈ សី សីហៈ​/ភ្នំពេញៈ នា​ព្រឹក​ថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០២០ លោក អូន ព័ន្ធ​មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និង​ជា រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមទាំង​ជា​ប្រធាន​គណៈកម្មាធិការ គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (​គ​.​ស​.​ហ​) បាន​ដឹកនាំ​កិច្ចប្រជុំ​ចង្អៀត​អន្តរក្រសួង ពិនិត្យ និង​ពិភាក្សា លើ លទ្ធផល​នៃ​ការចរចា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ ដើម្បី​បានជា​គោលការណ៍ និ​អនុសាសន៍​ណែ​នាំ​​​បន្ថែម សម្រាប់​ផ្តល់ជូន​ក្រុមការងារ​ចរចា បានជា​មូលដ្ឋាន​សម្រាប់​ការចរចា​នៅ​ជុំ​បន្តបន្ទាប់ ។

​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ បាន​ផ្តួចផ្តើមឡើង​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងអំឡុង​ពេលដែល​លោក ប្រធានាធិបតី​សាធារណៈ​កូរ៉េ ម៊ូ​ន ជេ​អ៊ី​ន បាន​អញ្ជើញ​មក​ធ្វើ​ទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​រាជធានី​ភ្នំពេញ​កាលពីពេល​កន្លងមក ។ បន្ថែម​លើ​យន្ត​ការដែល​កំពុង​អនុវត្តន៍​, កិច្ច​- ព្រមព្រៀង នេះ​មាន​គោលបំណង​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង នូវ​ការ​ឈានចូល​នៃ​ផលិតផល​របស់​ភាគី​ទាំងពីរ​ទៅក្នុង​ទីផ្សារ​ទៅ វិញ​ទៅមក តាមរយៈ​ការកាត់បន្ថយ​របាំង​ពន្ធគយ និង​របាំង​មិនមែន​ពន្ធគយ ព្រមទាំង លើកកម្ពស់​កិច្ច​សម្រួល ពាណិជ្ជកម្ម សំដៅ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ក៏ដូចជា ដើម្បី​ចូលរួមចំណែក​ពង្រឹង និង​ព​ង្រឺ​ក​កិច្ចសហ​ប្រតិ​បត្តិការ និង​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​ឲ្យ​កាន់តែ​ស៊ីជម្រៅ​រវាង​ប្រទេស​ទាំងពីរ ។​

លោក អូន ព័ន្ធ​មុនីរ័ត្ន ដឹកនាំ​កិច្ចប្រជុំ​ចង្អៀត​អន្តរក្រសួង ពិនិត្យ និង​ពិភាក្សា លើ លទ្ធផល​នៃ​ការចរចា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ

​ក្រុមការងារ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ បានធ្វើ​ការចរចា​ចំនួន ២ ជុំ រួចមកហើយ តាមរយៈ ប្រព័ន្ធ​វី​ឌី​អូ កាលពី​ថ្ងៃទី ៣១ ខែ សីហា ដល់​ថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០២០ កន្លងមក ។ អង្គប្រជុំ បានធ្វើការ​កត់ សម្គាល់​លទ្ធផល​នៃ​ការចរចា​ចំនួន ២ ជុំ នេះ និង​បាន​វាយតម្លៃ​ខ្ពស់​លើ​វឌ្ឍនភាព ដែល​ទទួលបាន​របស់​ក្រុមការងារ ចរចា​តាម​ផ្នែក​នីមួយៗ ព្រមទាំង បានផ្តល់​ការណែនាំ​គន្លឹះ​លើ​កិច្ចការ​ជាក់លាក់​មួយ​ចំនួន​បន្ថែ​ម​ទៀត​ដល់​ក្រុមការងារ ចរចា ដើម្បី​ជា​មូលដ្ឋាន​សម្រាប់​ការចរចា​នៅ​ជុំ​បន្ត​បន្ទាប់ សំដៅ​បញ្ចប់​ការចរចា​លើ​កិច្ចព្រមព្រៀង​នេះ​នៅត្រឹម​ដំណាច់ឆ្នាំ ២០២០ ដូចដែល​បាន​ព្រមព្រៀងគ្នា​រវាង​ភាគី​ទាំងពីរ ។​

​ការចរចា​កិច្ចព្រមព្រៀង​នេះ ក៏បាន​បង្ហាញ​ពី​ការតាំង​ចិត្ត​យ៉ាង​មត់​មាំ​របស់​រាជរដ្ឋា​ភិ​បាល​កម្ពុជា​ក្នុង​កិច្ចខិតខំ ប្រឹងប្រែង​លើ​ការបន្ត​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​របស់ខ្លួន​ទៅក្នុង​តំបន់ និង​សកលលោក ទោះ​ក្នុងស្ថានភាព​ដ៏​លំបាក​នា ពេលបច្ចុប្បន្ន ដើម្បី​ទទួលបាន​នូវ​ទីផ្សារ​នាំចេញ​សម្រាប់​ផលិតផល​របស់​កម្ពុជា​ដែលមាន​លក្ខណៈ​កាន់តែ​សំបូរបែប និង​ប្រសើរ​ជាង​មុន ក៏ដូចជា​ចូលរួមចំណែក​បង្កើត​ឱកាស​ការងារ​កាន់តែ​ច្រើន​ជូន​ប្រជាពលរដ្ឋ ។ តាមរយៈ​កិច្ចព្រមព្រៀង នេះ កម្ពុជា​នឹងមាន​ឱកាស​កាន់តែ​ប្រសើរ​ជាង​មុន​លើ​ការនាំចេញ​ផលិតផល​សក្កា​នុព​ល​របស់ខ្លួន​ទៅ​ទីផ្សារ​របស់​កូរ៉េ ដែល​​កម្ពុជា​មិនមាន​នៅក្នុង​យន្តការ​បច្ចុប្បន្ន​រវាង​កម្ពុជា និង​កូរ៉េ ។ ក្រៅពី​របាំង​ពន្ធគយ​ត្រូវបាន​កាត់បន្ថយ​នោះ​, វិធានការ​មិនមែន​ព​ន្ធ និង​វិធាន​ដើមកំណើត ក៏ដូចជា បែប​បទ និង​នីតិវិធី​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម ក៏ត្រូវ​បានធ្វើឱ្យ ប្រសើរឡើង និង​មាន​លក្ខណៈ​សាមញ្ញ​ជាង​មុន ដើម្បី​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ។ ផលប៉ះពាល់ វិជ្ជមាន​ដែល​កើតចេញពី​កិច្ចព្រមព្រៀង​នេះ នឹងចូលរួម​ចំណែក​អភិវឌ្ឍន៍ និង​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ចជាតិ តាមរយៈ ការជំរុញ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ។

​អង្គប្រជុំ ក៏បាន​បញ្ជាក់​ជាថ្មី​ម្តងទៀត អំពី​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​គាំទ្រ​យន្តការ​ពហុភាគី និយម និង​ការធ្វើ​ពាណិជ្ជកម្ម​ដោយ​ផ្អែកលើ​មូលដ្ឋាន​ច្បាប់ បើទោះបីជា​ប្រទេសមួយ​ចំនួន​បាន និង​កំពុង​អនុវត្ត​យន្តការ គាំពារ​និយម និង​ឯកតោ​និយម ជាពិសេស នៅក្នុង​កាល​:​ទេស​:​នៃ​វិបត្តិ​ជំងឺ​កូ​វីដ ១៩ នេះ ។

​ចុងបញ្ចប់​, លោក អូន ព័ន្ធមុនីរ័ត្ន បាន​ថ្លែង អំណរគុណ​ដល់​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​-​ស្ថាប័ន​​ពាក់ព័ន្ធ ជាពិសេស ក្រុមការងារ​ចរចា ដែល​បាន​ខិតខំ​រៀបចំ និង​ចូលរួម យ៉ាង​សកម្ម​ក្នុង​ដំណើរការ​នៃ​ការចរចា​កិច្ចព្រមព្រៀង ក៏ដូចជា លើកទឹកចិត្ត​ដល់​ក្រុមការងារ ឱ្យ​ខិតខំ​បន្ថែមទៀត សម្រាប់​ត្រៀម​ចរចា​នៅ​ជុំ​បន្ទាប់ ដោយ​ប្រកាន់​ភ្ជាប់​នូវ​គោល​ការណ៍​​ណែនាំ និង​អនុសាសន៍​របស់​អង្គប្រជុំ ដើម្បីឱ្យ ការចរចា​សម្រេចបាន​លទ្ធផល​ល្អប្រសើរ​តាម​ផែន​ការដែល​បានគ្រោង​ទុក ៕​ R

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​បងប្រុស មាន​សតិ​មិន​ប្រក...

​ដោយៈ ប​.​ជ័យ / កំពង់ធំៈ ...

​អង្គការ​ឃែ ផ្តល់​សំភារ ដ...

ដោយៈ មុនី រ័ត្ន / ភ្នំពេញ...

​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...

ចុះបង្ក្រាប​បទល្មើស​នេសាទ...

ដោយ​: គ្រញូង / បាត់​ដុះ​ប...