Home ព័ត៌មានជាតិ សន្តិសុខ ក្មេងប្រុស​ស្...

ក្មេងប្រុស​ស្រី​នៅ​រមណីយដ្ឋាន​ភ្នំ​កំពង់ត្រាច​បង្កក្តី​បារម្ភ​ដល់​ភ្ញៀវ​ព្រោះតែ​ការរត់​ស្កាត់​ដំណើរ​

ដោយៈ បូកគោ / កំ​ពតៈ ភ្ញៀវ​មក​កម្សាន្ត នៅ​រមណី​ដ្ឋា​ន​វប្បធម៌ ប្រវត្តិសាស្ត្រ ភ្នំ​កំពង់ត្រាច បាន​សម្តែង​ក្តី​ព្រួយបារម្ភ និង​រិះគន់​ចំពោះ សកម្មភាព​របស់​កុមារា កុមារី ជា​មគ្គទេសក៍ ព្រោះតែ​នាំគ្នា​រត់​ឆ្វេ​ច​ឆ្វាច ស្កាត់​មុខ​យានយន្ត ដែល​ងាយ​បង្កឱ្យមាន​គ្រោះថ្នាក់ ព្រមទាំង​បាត់បង់ សណ្តាប់ធ្នាប់​នោះ​។

​ការ​រអ៊ូរទាំ​របស់​ភ្ញៀវ បាន​រៀបរាប់ថាៈ មុន​ចូលដល់​បរិវេណ រមណីយដ្ឋាន មាន​ក្មេងប្រុស​ស្រី ដែល​ខ្លះ​ជិះ​កង់ ខ្លះ​រត់​ប្រសេចប្រសាច ធ្វើឱ្យ​ពិបាក​ភ្នែក​មើល និង​បង្កក្តី​បារម្ភ អំពី​គ្រោះថ្នាក់​ជាយថាហេតុ ណាមួយ​។ ក្រុម​ក្មេងៗ​ទាំងនោះ មាន​ភាព​រញ៉េរញ៉ៃ ពេល​ដណ្តើម​ភ្ញៀវ ដើម្បី​នាំចូល​ទៅ​ដើរ​កម្សាន្ត ក្នុង​ល្អាង​ភ្នំ​។


​ភ្ញៀវទេសចរ បានបញ្ជាក់​ថាៈ ការ​រ៉ាយរ៉ាប់​អំពី​ប្រវត្តិ ឬ រូបភាព​ផ្សេងៗ សម្រាប់​អ្នក​មិន​ធ្លាប់​មក ជា​រឿង​ប្រពៃ​ណាស់ តែ​គួរ​គិតពី​របៀបរៀបរយ​ផង ព្រោះ​ទង្វើ​បែប​នោះ អាច​ប៉ះពាល់​កិត្តិយស​ជាតិ ក្នុង​បរិវេណ នៃ​តំបន់​ប្រវត្តិសាស្ត្រ ពិសេស​ខ្មាស់​ភ្ញៀវ​បរទេស ដែល​គេ​បានមក​ឃើញ រូបភាព​មិនល្អ​ទាំងនេះ​។ ដូច្នេះ អាជ្ញាធរ ឬ​អ្នកគ្រប់គ្រង គួរ​ណែនាំ​ពួកគេ ឱ្យមាន​ការប្រុងប្រយ័ត្ន និង​កែ​ទម្លាប់​មិនល្អ​ឡើងវិញ​ផង​។​

​លោក ឃឹម សាមី អភិបាលរង ស្រុក​កំពង់ត្រាច បានបញ្ជាក់​ថាៈ ការរិះគន់​របស់​ភ្ញៀវ ទាំង​ប៉ុន្មាន ក្នុងនាម​រដ្ឋបាល​ស្រុក លោក​ទទួលយក រួច​ក្រើនរំលឹក ដល់​អ្នកគ្រប់គ្រង ឱ្យ​ណែនាំ​បន្ថែម ដល់​កុមារា កុមារី​ទាំងនោះ ដើម្បីឱ្យ​រមណីយដ្ឋាន វប្បធម៌​ប្រវត្តិសាស្ត្រ​នេះ មាន​សណ្តាប់ធ្នាប់​និង​កាន់តែ​ទទួលបាន ការចាប់អារម្មណ៍​ពី​ភ្ញៀវ​។​កន្លងទៅ​ប្រធាន​គ្រប់គ្រង​រមណីយដ្ឋាន​បាន​ណែនាំ​ពួកគេ​ដែរ​។​ប៉ុន្តែ​ក្រោយមក ចំនួន​អ្នក​ជូន​ភ្ញៀវ កើនឡើង​កាន់តែច្រើន ទើប​ការបាត់បង់​សណ្តាប់ធ្នាប់ បានកើត​មាន​យ៉ាង​ដូច្នេះ​។​

​លោក​អភិបាលរង​ស្រុក បាន​បន្តថាៈ រដ្ឋបាល​ស្រុក​កំពង់ត្រាច នឹង​ជំរុញ​ដល់​មន្ត្រី​ការិយាល័យ​វប្បធម៌ ឱ្យ​បើក​វគ្គ​បណ្តុះបណ្តាល មគ្គទេសក៍​ទាំងនោះ ដើម្បី​បាន​យល់ច្បាស់ នូវ​ប្រវត្តិសាស្ត្រ និង​គ្រប់​អ្វីៗ ដែលមាន​ក្នុង​រមណីយដ្ឋាន ដើម្បី​ងាយស្រួល​បង្ហាញ​ភ្ញៀវ ពិសេស​ទេសចរ​បរទេស ។ ចំណេះដឹង សម្រាប់​ពួកគេ សព្វថ្ងៃ បានមកពី​ការ​ប្រាប់តៗ របស់​ចាស់ៗ តែប៉ុណ្ណោះ​។​

​លោក ឃឹម សាមី បានបញ្ជាក់​ទៀតថាៈ ដំបូង​ឡើយ អាជ្ញាធរ បាន​លើកទឹកចិត្ត ដល់​កុមារ​ទាំងនោះ ឱ្យ​ហាត់​សម និង​អនុវត្ត​ភាសា​អង់គ្លេស​ក៏ដូចជា​ការរក​ប្រាក់ចំណូល​បន្ថែម​តាមរយៈ​ការជូន​ភ្ញៀវ​បរទេស ទស្សនា ក្នុង​ល្អាង​ភ្នំ​កំពង់ត្រាច​។ ម្ល៉ោះហើយ ឆ្លៀតពេល​ទំនេរ ពី​ការរៀនសូត្រ ពិសេស​ក្នុងឱកាស ពិធីបុណ្យ​ទាន​ម្តងៗ កុមារា កុមារី​ទាំងនោះ តែង​មក​រង់ចាំ​ភ្ញៀវ នៅមុខ​ផ្លូវ​ចូល​ល្អាង​ភ្នំ ជា​ទៀងទាត់​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular