ដោយៈ មុនីរ័ត្នភ្នំពេញៈ តបតាមការចាត់តាំងដ៏ខ្ពង់ខ្ពស់ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាយកខុទ្ទកាល័យសម្តេចក្រឡាហោម និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ត្របែក កាលពីរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក ហោ សំអាត នាយករងខុទ្ទកាល័យសម្តេចក្រឡាហោម អនុប្រធានក្រុមការងារចុះជួយស្រុក និងជាប្រធានក្រុមការងារចុះជួយឃុំកន្សោមអក បាននាំយកសម្ភារការពារជំងឺកូវីដ-១៩ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម និងលោកជំទាវ ប្រគល់ជូនដល់សាលាស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

ក្នុងពេលនោះ លោក យ៉ាវ សានិន អភិបាលស្រុកកំពង់ត្របែក បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅបំផុត ចំពោះសម្ដេចក្រឡាហោម ស ខេង និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ព្រមទាំងក្រុមការងាររាជដ្ឋាភិបាលចុះជួយស្រុកកំពង់ត្របែកទាំងអស់ ដែលបានប្រគល់នូវសម្ភារការពារជំងឺកូវីដ-១៩ ជូនដល់រដ្ឋបាលស្រុកកំពង់ត្របែក តាមរយៈឯកឧត្តម ហោ សំអាត អនុប្រធានក្រុមការងារចុះជួយស្រុកកំពង់ត្របែក នាពេលនេះ។ លោកបន្ដថា សម្ភារការពារជំងឺកូវីដ-១៩ ដែលជូនដល់រដ្ឋបាលស្រុកនាពេលនេះ គឺពិតជាមានសារសំខាន់ណាស់សម្រាប់ការចូលរួមការពារជំងឺកូវីដ-១៩នៅមូលដ្ឋាន។
លោកឧត្តមសេនីយ៍ឯក ហោ សំអាត មានប្រសាសន៍ថា អនុវត្តតាមប្រសាសន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយកខុទ្ទកាល័យសម្តេចក្រឡាហោម បានចាត់តាំងឲ្យខ្ញុំបាទ ពាំនាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ពាំនាំយកមកប្រគល់ជូនរដ្ឋបាលស្រុកកំពង់ត្របែក ដើម្បីធ្វើការចែកជូនអាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋជាបន្ដទៀត។
លោកឧត្តមសេនីយ៍ឯកក៏៏បានផ្ដាំផ្ញើទៅដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋគ្រប់រូប ត្រូវថែរក្សាសុវត្ថិភាព សុខភាព ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ជាពិសេស ត្រូវពាក់ម៉ាស់ជាប់ជានិច្ច លាងដៃឲ្យបានញឹកញាប់ រក្សាគម្លាតសុវត្ថិភាព ហើយត្រូវស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ទោះបីកម្ពុជាគ្មានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ក៏ដោយ ក៏ត្រូវការពារខ្លួនឱ្យបានខ្ជាប់ខ្ជួនគ្រប់ពេលវេលា។
ជាងនេះទៅទៀត លោកឧត្តមសេនីយ៍ឯក ហោ សំអាត ក៏បានអំពាវនាវដល់ រដ្ឋបាលឃុំ និងអាជ្ញាធរស្រុកកំពង់ត្របែកទាំងអស់ ត្រូវមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋដែលទៅពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ នៅតាមឃុំនិមួយៗ។
សូមជម្រាបថា សម្ភារការពារជំងឺកូវីដ-១៩ ជូនដល់សាលាស្រុកកំពង់ត្របែក នាពេលនេះ រួមមាន អាល់កុល ចំនួន១.៩៨០លីត្រ, ម៉ាស់ ចំនួន២៤.០០០សន្លឹក និងសម្ភារមួយចំនួនទៀត ដើម្បីយកទៅប្រើប្រាស់នៅ រដ្ឋបាលស្រុកកំពង់ត្របែក, អធិការដ្ឋាននគរបាលស្រុក, ការិយាល័យស្រុកប្រតិបត្តិ, មន្ទីរពេទ្យបង្អែកស្រុក, បញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក, បញ្ជាការផ្នែកសឹករងស្រុក, សាលាឃុំ និងសាលារៀន ៕សរន


