ដោយៈមុនីរ័ត្ន/ភ្នំពេញៈកិច្ចពិភាក្សាអន្តរសកម្មជាមួយអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ នៅទីក្រុងហ្សឺណែវ ត្រូវបានបញ្ចប់ដោយមានរដ្ឋចំនួន២៧ចូលរួមក្នុងកិច្ចពិភាក្សានេះ។ស្ទើរគ្រប់ប្រទេសចូលរួមថ្លែងទាំងអស់បានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការនិងការចូលរួមរបស់រាជរដ្ឋាភិបាលកម្ពុជាជាមួយអ្នករាយការណ៍ពិសេសនិងយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។

លោកអាន សុខខឿន ឯកអគ្គរាជទូត និងតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅហ្សឺណែវ
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានបេសកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅថ្ងៃទី២ ខែតុលា បានឱ្យដឹងថា ប្រទេសចំនួន១៧ រួមទាំងសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)បានថ្លែងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនិងវឌ្ឍនភាពរបស់ប្រទេសកម្ពុជាក្នុងការលើកកម្ពស់និងការពារសិទ្ធិមនុស្ស។ពាក់ព័ន្ធនឹង ការឆ្លើយតបទៅនឹងជំងឺកូវីដ១៩ វិធានការជំរុញសេដ្ឋកិច្ច ការគាំទ្រសង្គម និងគំនិតផ្តួចផ្តើមកំណែ ទម្រង់យុត្តិធម៌ ជាដើម។
វាគ្មិនក៏បានស្វាគមន៍ចំពោះការរៀបចំវេទិកាភាពជាដៃគូរវាងរដ្ឋាភិបាល និង អង្គការសង្គមស៊ីវិល និងក្រុមការងារដែលពិនិត្យនិងសិក្សានូវការស្នើសុំធ្វើវិសោធនកម្មលើច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល។គណៈប្រតិភូបានសង្កត់ធ្ងន់ថាវិធីសាស្ត្រធ្វើការរបស់អ្នករាយការណ៍ពិសេសគួរតែមានតុល្យភាពនិងមានលក្ខណៈស្ថាបនា ដោយគិតពិចារណានូវទស្សនៈ របស់រដ្ឋាភិបាល និងស្ថានភាពរបស់ប្រទេស ។

គណៈប្រតិភូដដែលបានគូសបញ្ជាក់ពីសារៈសំខាន់នៃការស្វែងរកព័ត៌មានពិតចេញពីប្រភពដែលអាចជឿទុកចិត្តបាននិងមានការផ្ទៀងផ្ទាត់។ប្រទេសទាំងនោះក៏បានបង្ហាញការបន្តគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ដែលឆ្ពោះទៅរកការ អភិវឌ្ឍតាមបែបប្រជាធិបតេយ្យផងដែរ។
គណៈប្រតិភូនៃប្រទេសចំនួន១០ផ្សេងទៀត បានកត់សម្គាល់នូវជំហានវិជ្ជមានខ្លះ ចំពោះលំហ នយោបាយ និងគំនិតផ្តួចផ្តើមកំណែទម្រង់មួយចំនួន ។ប៉ុន្តែក៏បានបង្ហាញការព្រួយបារម្ភចំពោះរបាយ ការណ៍ស្តីពី ស្ថានភាពចុងក្រោយនៅក្នុងប្រទេសកម្ពុជា ពាក់ព័ន្ធនឹងសេរីភាពបញ្ចេញមតិ បង្កើតសមាគម និងការប្រមូលផ្ដុំដោយសន្តិវិធី។
តំណាងអចិន្ត្រៃយ៍កម្ពុជា នៅហ្សឺណែវ ត្រូវបានក្រុមប្រឹក្សាសិទ្ធិមនុស្សផ្តល់ឱកាសឆ្លើយតប ដែលមាន រយៈពេលសរុបចំនួនប្រាំនាទី ដូចមានជូនភ្ជាប់ ទៅនឹងមតិយោបល់ដែលបានលើកឡើងខាងលើ៕S/