កាកសំណល់​ចំណីអាហារ នៅតែ​នៅក្រៅ​ធុងសំរាម​!

ដោយ​: លី ម៉េង​ហួរ​៖ យូរ​ឆ្នាំ​មកហើយ បញ្ហា​សំរាម នៅតែ​មិនទាន់​ដោះស្រាយបាន​នៅឡើយ ពិសេស​តាមផ្លូវ​សាធារណៈ តាម​សួនច្បារ និង​នៅ​មាត់ទន្លេ ក្នុង​រាជធានី​ភ្នំពេញ​។ នោះ​គឺ​នៅ ប៉ុន្មាន​ថ្ងៃនេះ បើសិនជា​គេ​ធ្វើដំណើរ ឬ​ដើរលេង​តាម​មាត់ទន្លេ​មុខ​ព្រះ​បរម​រា​វាំង មិន​ថា នៅ​ត្រើយ​នឹង​ភ្នំពេញ ឬ​នៅ​ខាង​ជ្រោយចង្វា​ទេ នោះ​គឺ​កាកសំណល់ ដែល​ប្រជាពលរដ្ឋ ភាគច្រើន ជា​ក្រុម​យុវវ័យ​យកទៅ​ទទួលទាន នៅលើ​សួនច្បារ មាត់ទន្លេ គឺ​បន្សល់ទុក​នូវ​ថង់​ជ័រ ប្រអប់​ស្នោរ កែវ​ជ័រ កេស​ស្រា​បៀរ និង​ដប​ទឹក​សុទ្ធ រាយប៉ាយ រ​ណូ​ក​រណែល នៅ​កន្លែង ដែល​ពួកគេ​ទទួលទាន​នោះ​។​

​ទិដ្ឋភាព​បែបនេះ មាន​ច្រើន​នៅតាម​សួនច្បារ មិន​ថា នៅ​មាត់ទន្លេ​ទេ គឺ​នៅ​សួនច្បារ មុខ​វត្ត បទុម នៅ​កោះ​ពេជ្រ និង​នៅ​រង្វង់​មូល​នាង​មច្ឆា ជ្រោយចង្វា ។​

​បញ្ហា​កាកសំណល់​សំរាម​នេះ គឺ​ចូលរួម​ទាំងអស់គ្នា ទើប​យើង​មាន​ផ្លូវ មាន​សួនច្បារ និង​មាន ទីក្រុង​ស្អាត​។ ដំបូង ប្រជាពលរដ្ឋ ជា​អ្នក​ដើរលេង និង​យក​ចំណីអាហារ ទៅ​ទទួលទាន​តែម្តង ដែល​ត្រូវ​ទទួលខុសត្រូវ ព្រោះថា មិនមែន​សុខៗ កើត​សំរាម កើត​កាកសំណល់​ថង់​ប្លា​ស្ទីក ដប​ទឹក​សុទ្ធ ប្រអប់​ស្នោរ ឬ​កែវ​ជ័រ ឡើយ​។ គឺ​កាកសំណល់​សំរាម​ទាំងអស់នេះ កើតឡើង ដោយសារតែ​មនុស្ស ដោយសារតែ​អ្នកទទួល​ទាន​នោះឯង​។ ដូច្នេះ​ក្រោយ​ទទួលទាន មិន​ថា ទឹក​សុទ្ធ ស្រា​បៀរ ឬក៏​សាច់​ចំណីអាហារ​អ្វី​ទេ ចាំបាច់​ណាស់​ត្រូវតែ​ប្រមូល​វេច​ខ្ចប់​កាកសំណល់ ទាំងអស់ សម្អាត​កន្លែង​ទទួលទាន​នោះ ហើយ​កាន់​យកទៅ​បោះចោល​នៅក្នុង​ធុងសំរាម​ឲ្យ បាន​ត្រឹមត្រូវ​។ នេះ​ជា​ទម្លាប់​ល្អ ព្រោះ​គេ​សួរថា ហេតុអ្វី​អ្នក​កាន់​របស់របរ នំចំណី​ទាំងនោះ ទៅ​ញ៉ាំ​ជួបគ្នា​បាន ហេតុអ្វី​ក្រោយពេល​ញ៉ាំ​រួច ដែល​មិន​ធ្ងន់​ដូច​ពេល​យកទៅ​ផង​តែ​កាន់​សំបក កាកសំណល់​សំរាម​មកវិញ មិនកើត​?

​ទន្ទឹមនឹង​ការចូលរួម​របស់​អ្នក​ចូលចិត្ត​ទទួលទាន​នៅតាម​សួនច្បារ មាត់ទន្លេ​ទាំងនោះ កងកម្លាំង​អាជ្ញាធរ​សមត្ថកិច្ច ពិសេស​ក្រុម​ប្រជា​ការពារ ដើរតួនាទី​សំខាន់ ក្នុងការ​ត្រួតពិនិត្យ រៀបចំ​អនាម័យ​សណ្តាប់ធ្នាប់ តាមរយៈ​វិធានការ​មួយចំនួន រួមមាន ការជួប​អប់រំ​ណែនាំ​អ្នក និយម​ទៅ​ផឹកស៊ី​នៅតាម​សួនច្បារ តាម​ចិញ្ចើមផ្លូវ​មាត់ទន្លេ ឲ្យ​ចេះ​អនាម័យ និង​ទទួលខុស ត្រូវ​លើ​កាកសំណល់​សំរាម​របស់ខ្លួន​។ ណែនាំ​អប់រំ​ហើយ មិន​ស្តាប់ ចាត់វិធានការ​ដោយ​ហាម ឃាត់​ការប្រមូលផ្តុំ ជួបជុំ​ផឹកស៊ី​នៅ​ទីសាធារណៈ ដូច​នៅ​ផ្លូវ​កាំ​កូ​ស៊ី​ធី ទៅ​បុរី​អង្គរ គឺ​ពីមុន​នៅ តាមផ្លូវ​នោះ ឲ្យ​តែ​ល្ងាច និង​យប់ៗ តែងតែមាន​ក្រុម​ផឹកស៊ី ទៅ​ជុំៗ​គ្នា ស៊ីផឹក​ហើយ​កាក សំណល់​សំរាម នៅ​រាយប៉ាយ​ដែរ​។

​ក៏ប៉ុន្តែ​មួយរយៈ​ចុងក្រោយ​នេះ អាជ្ញាធរ​សមត្ថកិច្ច ចាត់វិធានការ ដោយ​ចងខ្សែ តាម​ដើមឈើ បណ្តោយ​ផ្លូវ មិន​ឲ្យ​មានការ​ជួបជុំ ផឹកស៊ី​ដូច​មុន ហើយក៏​ចាត់​កម្លាំង​យាម និង​ដើរល្បាត​ជាប្រចាំ ដើម្បី​អប់រំ​ណែនាំ​ដល់​ក្រុម​អ្នក​និយម​ស៊ីផឹក​តាមផ្លូវ​នោះ ឈប់​ឲ្យ​ជួបជុំ​តទៅទៀត​។ មកដល់ ពេលនេះ តាមផ្លូវ​កាំ​កូ​ស៊ី​ធី គឺ​មិនមាន​សំរាម កាកសំណល់ ថង់​ជ័រ ប្រអប់​ស្នោរ កែវ​ជ័រ កេះ​ស្រា​បៀរ និង​ដប​ទឹក​សុទ្ធ នៅ​រាយប៉ាយ​ទៀត​ទេ​។​

​ជា​ដំណោះស្រាយ​មួយទៀត អាជ្ញាធរ​សមត្ថកិច្ច សហការ​នឹង​ក្រុមហ៊ុន​ប្រមូល​សំរាម​គួរតែ​រៀប ចំ​ធុងសំរាម ដាក់ពង្រាយ​ឲ្យ​ច្រើន​តាម​ទីសាធារណៈ តាមផ្លូវ តាម​សួនច្បារ​ហើយក៏​ត្រូវ​ចាត់ កម្លាំង ប្រមូល និង​ដឹកជញ្ជូន​សំរាម​ទាំងនោះ ព្រោះថា បើ​សំរាម​ពេញ​ធុង​នោះ​អ្នក​ទៅលេង កម្សាន្ត​ទាំងនោះ ច្បាស់​ជា​បោះចោល​សំរាម នៅក្បែរ​ធុងសំរាម​នោះ ហើយ​បើ​មាន​ខ្យល់​មក ឬក៏​ភ្លៀង នឹង​រាយប៉ាយ បង្ក​ជា​ស្ទះលូ​ជាមិនខាន​។​

​រៀងរាល់​ព្រឹក​ព្រលឹម គួរតែមាន​អ្នកដើរ​បោសសម្អាត​តាមផ្លូវ តាម​សួនច្បារ​ពិសេស​នៅតាម សួនច្បារ​មាត់ទន្លេ ដូច​អ្វីដែល​អាជ្ញាធរ​សមត្ថកិច្ច ធ្លាប់ធ្វើ​កន្លងមក ដើម្បី​កុំ​ឲ្យ​ជន​អសីលធម៌ មួយចំនួន ទុក​ថង់​ជ័រ ប្រអប់​ស្នោរ កែវ​ជ័រ កេះ​ស្រា​បៀរ និង​ដប​ទឹក​សុទ្ធ ដើម្បី​បង្អួត​អ្នកទេសចរ ពិសេស​បង្អួត​ក្រុម​អ្នក​ហាត់ប្រាណ​។​

​នៅតាម​ច្រាំងទន្លេ ពិសេស​ខាង​ភ្នំពេញ មុខ​ព្រះ​អង្គដ​ង្កើ ជាដើម គួរតែ​អាជ្ញាធរ​សមត្ថកិច្ច បាញ់​ទឹក​ដុសលាង​ផង ព្រោះ​កន្លែង​ខ្លះ ដកដង្ហើម​មិន​រួច ដោយសារតែ​ឆ្អេះ​ទឹកនោម​ភាយៗ តាម​ខ្យល់ ដែល​គេ​នឹកថា ជា​ខ្យល់​ទន្លេ​ត្រជាក់​បរិសុទ្ធ តែ​បែរជា​នៅ​ច្រាំងទន្លេ​មាន​អ្នក បន្ទោ​របង់ ជះក្លិន​មិនល្អ បន្ថែម​លើ​កាកសំណល់​សំរាម​។​

​សរុបទៅ ដើម្បី​ឲ្យ​ផ្លូវ និង​សួនច្បារ​យើង ល្អ​ស្អាត ចាំបាច់​ណាស់ ត្រូវ​ចូលរួម​ទាំងអស់គ្នា​។ ចូលរួម​មុនគេ អ្នក​ទៅលេង​ទីនោះ និង​ក្រុម​អ្នក​និយម​ស៊ីផឹក​តាមផ្លូវ​តាម​សួន​ត្រូវ​ឈប់​បោះ ចោល​សំរាម កាកសំណល់​ផ្តេសផ្តាស​។ រីឯ​អាជ្ញាធរ​សមត្ថកិច្ច ក៏​គួរតែ​បង្កើន​កម្លាំង​ហើយ​ដាក់ ពង្រាយ​ធុងសំរាម​ឲ្យ​បាន​ច្រើនជាង​មុន ព្រោះថា បើ​មិនមាន​ធុងសំរាម តើ​ឲ្យ​ប្រជាជន​យើង យក​សំរាម​ទៅ​បោះឆ្នោត នៅឯណា​? ការ​បោសសម្អាត និង​ដឹកជញ្ជូន​សំរាម​កាកសំណល់ ទាំងនោះ ក៏ត្រូវ​ធ្វើ​ដោយ​ទៀងទាត់​ផងដែរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular