ដោយៈ សាតចាន់បុត្រ / មណ្ឌលគិរីៈ នាយប៉ុស្តិ៍រដ្ឋបាលឃុំស្រែខ្ទុម លោក ផេង សាវន បានរងរបួសដៃ ផ្នែកខាងឆ្វេងស្រាល បន្ទាប់ពីចុះប្រតិបត្តិការ បង្ក្រាបករណីហិង្សាមួយ នៅវេលាម៉ោង ៣និង៤១នាទី រសៀល ថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ នៅចំណុចផ្ទះ របស់ជនសង្ស័យ ដែលទំនងបែកថ្នាំខ្លាំង ក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ហើយជនសង្ស័យ ក៏ត្រូវបានចាប់ខ្លួន ក្រោយមានការប្រតាយប្រតប់គ្នា ក៏ដោយ។
មន្ត្រីនគរបាល ប៉ុស្តិ៍រដ្ឋបាលឃុំស្រែខ្ទុម បានឱ្យដឹងថាៈ ជនសង្ស័យម្នាក់នោះ ឈ្មោះ សំ ចំរើនផល អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើត នៅភូមិកំពង់ក្របី ឃុំស្វាយប៉ោ ស្រុកបាត់ដំបង ខេត្តបាត់ដំបង ទីលំនៅបច្ចុប្បន្ន ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ប្រភពដដែល បានឱ្យដឹងទៀតថាៈ យោងតាមការសាកសួរ ក្នុងករណីខាងលើ នៅវេលាម៉ោង ៣និង៤១នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្រែខ្ទុម បានទទួលបណ្តឹងពីឈ្មោះ ភី ចិន្តា ភេទស្រី ត្រូវជាប្អូនថ្លៃ របស់ជនសង្ស័យ ។ ភី ចិន្តា បានរាយការណ៍ មកសមត្ថកិច្ចថា មានករណីហិង្សា បំរុងដុតផ្ទះខ្លួនឯង។

ក្រោយពីទទួលព័ត៌មានរួច លោកមេប៉ុស្ត៍ បានដឹកនាំកម្លាំង ចុះទៅដល់គោលដៅ កើតហេតុ ឃើញជនសង្ស័យ ចាក់សាំងចោលវិញ ភ្លាមនោះ ជនសង្ស័យបម្រុងគេចខ្លួន កម្លាំងប៉ុស្តិ៍ បានសួរនាំ ស្រាប់តែជនសង្ស័យ បានទាញកន្ត្រៃ ចេញពីហោប៉ៅ រួចក៍ជ្រុះគ្រឿងញៀន ចំនួន ១ កញ្ចប់តូច ។ ឃើញដូចនោះ កម្លាំងសមត្ថកិច្ច បានឃាត់ តែជនសង្ស័យ បានរត់ទៅផ្ទះអ្នកជិតខាង ទាញយកកាំបិតផ្គាក់ រួចក៏យកមកដេញកាប់សមត្ថកិច្ច បណ្ដាលឱ្យលោកនាយប៉ុស្តិ៍ រងរបួស នៅដៃផ្នែកខាងឆ្វេង ហើយពេលនោះ ក៏មានការប្រតាយប្រតប់គ្នា បណ្តាលឲ្យជនសង្ស័យ បែកក្បាល នៅផ្នែកខាងលើ ទើបបានសមត្ថកិច្ច ឃាត់ខ្លួនបាន។
ក្រោយចាប់ខ្លួនជនសង្ស័យនោះ សមត្ថកិច្ច បានដកហូតសម្ភារវត្ថុតាង រួមមាន សារធាតុសង្ស័យថា ជាសារធាតុញៀន មានសណ្ឋានជាក្រាមពណ៌សថ្លា ចំនួន១កញ្ចប់តូច, កាំបិតផ្គាក់ចំនួន១, ទូរស័ព្ទដៃ ចំនួន២គ្រឿង (អិនចុចពិល) ហើយជនសង្ស័យ កំពុងឃុំខ្លួន ក្នុងប៉ុស្តិ៍រដ្ឋបាលឃុំស្រែខ្ទុម ដើម្បីបន្តនីតិវិធី ៕/V

