លោកនេត្រភក្ត្រាដឹកនាំដាំដើមឈើជិត១០០០ដើមនៅទីក្រុងសួងខេត្តត្បូងឃ្មុំ

ដោយ៖ដេប៉ូ/ត្បូងឃ្មុំ៖ ក្រសួងបរិស្ថានរួមទាំងអាជ្ញាធរមូលដ្ឋាន ព្រះសង្ឃនិងសិស្សានុសិស្សបានរួមគ្នាដាំកូនឈើច្រើនប្រភេទក្នុងនេះដូចជាដើមគ្រញូង ធ្នុងនិងដើមក្ងោកលឿងប្រមាណជិត១០០០ដើមត្រូវបានដាំនៅក្នុងវត្ត សាលារៀននិងតាមផ្លូវសាធារណៈក្នុងគោលបំណងដើម្បី លើកកម្ពស់កិច្ចគាំពារបរិស្ថានបង្កើនសម្រស់បៃតង និងលើកកម្ពស់សោភណ្ឌភាព បរិស្ថានស្អាតល្អ។

          នេះគឺជាយុទ្ធនាការដាំកូនឈើដែលមានការយកចិត្តទុកដាក់ពីសំណាក់ក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើឱ្យតាមទីវត្តអារាម សាលារៀន សម្បូរទៅដោយដើមឈើច្រើនប្រភេទ និងពិសេសផ្តល់ម្លប់ជាទីជ្រកកោនរបស់សិស្សានុសិស្ស ក៏ដូចជាប្រជាពលរដ្ឋ។

          កូនឈើប្រណិតជិត ១០០០ ដើមក្នុងនោះមានកូនឈើគ្រញូងចំនួន ៦០០ ដើម ធ្នុង ១០០ ដើម និងដើមផ្កាក្ងោកពូជផ្កាពណ៌ លឿងចំនួន ១៥០ដើមត្រូវបានដាំនៅតាមបណ្តោយផ្លូវជាតិលេខ ៧ តាមវត្តអារាម សាលារៀន និងផ្លូវសាធារណៈនានាក្នុង ភូមិសាស្ត្រក្រុងសួង ខេត្តត្បូងឃ្មុំ។

ថ្លែងបញ្ជាក់ក្នុងពិធីចូលរួមជាអធិបតីដាំកូនឈើនាព្រឹកថ្ងៃទី៣ខែតុលាឆ្នាំ២០២០ លោក នេត្រភក្ត្រាមន្រ្តីនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថាការដាំដើមឈើនៅពេលនេះគឺដើម្បីពង្រីកនូវគម្របពណ៌បៃតងនៅតាមសាលារៀននិងទីប្រជុំជនដែលជាគម្រោងរបស់ក្រសួងសំដៅធ្វើយ៉ាងណាស្តារព្រៃឈើប្រទេសកម្ពុជាក៏ដូចជាជួយដល់បរិស្ថានកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។

 លោកបានឱ្យដឹងបន្ថែមថា ការដាំដើមឈើនៅពេលនេះជាជំហានតូចៗនៅក្នុងជំហានដ៏វែងឆ្ងាយ សំរាប់អភិវឌ្ឍន៍តាមសាលារៀនក៏ដូចជាទីសាធារណៈឱ្យ កាន់តែមានសោភ័ណស្រស់បំព្រង សម្បូរពណ៌បៃតថនិងការចូលរួមកាត់បន្ថយនៅផលប៉ះពាល់ពីការផ្លាស់ប្តូអាកាសធាតុផងដែរ។

លោកបានបញ្ជាក់ដូច្នេះថា ការដាំដើមឈើនេះ គឺធ្វើឡើងដើម្បីលម្អតាមដងផ្លូវ ក៏ដូចជារួមចំណែកក្នុងបង្កើនភាពបៃតងក្នុងបរិស្ថាន បន្សុទ្ធខ្យល់ក្នុងបរិយាកាស កាត់បន្ថយផ្សែងពុល និង ក៏ដូចជាបន្ថែមភាពបៃតងស្រស់នៅបរិវេណសាលារៀននិងទីប្រជុំជន។

ព្រមជាមួយគ្នានេះលោករដ្ឋលេខាធិការក្រសួងបរិស្ថានបានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេសថា៖ «សូមបងប្អូនប្រជាពលរដ្ឋខ្មែរចូលរួមដាំដើមឈើទាំងអស់គ្នា ដើម្បីស្តារឡើងវិញនូវគម្របព្រៃឈើដែលបានបាត់បង់ និងការពារធនធានធម្មជាតិ ព្រៃឈើរបស់កម្ពុជាយើងដែលនៅសល់»។  ទាក់ទិនទៅនឹងព្រៃឈើនេះដែរ ត្រូវបានលោកនេត្រភក្ត្រាបានមានប្រសាសន៍ដែរថាកាតបាត់បង់ព្រៃឈើនាំឱ្យមានការប្រែប្រួលអាកាសធាតុ។ក្រៅពីនេះវាក៏ជាការនាំឱ្យខូចបរិស្ថានដែលបង្កការគ្រោះថ្នាក់ដល់សុខភាពមនុស្សសត្វ។ហេតុនេះយើងគប្បីមានការចូលរួមដាំដើមឈើនិងរួមគ្នារក្សាការពារធនធានធម្មជាតិឱ្យបានជាប់គង់វង្សដល់មនុស្សជំនាន់ក្រោយបន្តទៀត។

    ​        បើតាមការបញ្ជាក់របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ដាន ប្រទេសកម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងការពារធនធនធម្មជាតិ ដែលខ្លួនមានដោយបង្កើតតំបន់ការពារធម្មជាតិ និងតំបន់អភិរក្សជាច្រើនកន្លែង ដែលរហូតមកទល់ពេលនេះតំបន់ការពារពារធម្មជាតិចំនួន ៦៦ កន្លែង និងមានផ្ទៃដីជាង ៧,៣ លានហិកតាស្មើប្រមាណជាង ៤១ភាគរយនៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា និងស្ថិតក្រោមការគ្រប់គ្រង និងអភិរក្សរបស់ក្រសួងបរិស្ថាន។

លោកបានលើកឡើងដែរថាផ្ទៃដីតំបន់ធម្មជាតិដែលកម្ពុជាដាក់ជាតំបន់អភិរក្សនេះច្រើនជាង ២ ដងនៃគោលការណ៍ជីវៈចម្រុះអាឈី (Archi) ដែលកំណត់ថាប្រទេសនីមួយៗត្រូវរក្សាដីអភិរក្ស ១៧ភាគរយ នៃផ្ទៃដីប្រទេស៕dp

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular