ស្ត្រីអ្នកកាសែតរុស្ស៊ីម្នាក់បានស្លាប់បន្ទាប់ពីដុតខ្លួនឯងនៅមួយថ្ងៃក្រោយពីប៉ូលិសចូលឆែកឆេរផ្ទះរបស់នាង។
មុនការដុតខ្លួន អ៊ីរីណា ស្លាវីណា អាយុ៤៧ឆ្នាំ បានសរសេរបង្ហោះ «ខ្ញុំសុំស្នើអ្នកបន្ទោស សហព័ន្ធរុស្ស៊ី ចំពោះការស្លាប់របស់ខ្ញុំ»។
វីដេអូរបស់សារព័ត៌មានBAZA បង្ហាញនាងដុតខ្លួនឯងនិងបុរសម្នាក់បានព្យាយាមពន្លត់ភ្លើង។
ស្លាវីណា ជានិពន្ធនាយកនៃសារព័ត៌មានKoza Press ដែលខ្លឹមសារអត្ថបទរបស់វាច្រើនតែធ្វើអោយអាជ្ញាធរមិនសប្បាយចិត្ត។
អ៊ីរីណា ស្លាវីណា និពន្ធនាយកនៃសារព័ត៌មាន Koza Press បានដុតសម្លាប់ខ្លួននៅក្រៅស្នាក់ការនៃក្រសួងមហាផ្ទៃរុស្ស៊ី នៅក្រុងនីសនី ណូហ្គោរ៉ូត។ម្តាយកូនមួយរូបនេះ ត្រូវបានពិន័យជាបន្តបន្ទាប់ដោយសារមានជម្លោះជាមួយមន្ត្រី។
នាង ត្រូវបានប៉ូលិសហៅទៅសាកសួរ ពាក់ព័ន្ធនឹងការស៊ើបរបស់ប៉ូលិសលើអង្គការOpen Russia ជាក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យមួយដែលបង្កើតឡើងដោយអ្នករិះគន់ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន ម្នាក់។
កាលពីខែមិថុនា នាងត្រូវបានចោទប្រកាន់ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត ហើយបន្ទាប់មកនាងបានសរសេរបង្ហោះថា «ឥឡូវខ្ញុំគ្រាន់តែចង់ស្លាប់…ការឈឺចាប់ផ្លូវចិត្តមកពីភាពអយុត្តិធម៌វាខ្លាំងណាស់ »។
ការអត់ធ្មត់លែងបានចុងក្រោយ គឺការចូលឆែកឆេរផ្ទះនាងកាលពីថ្ងៃព្រសហ្បតិ៍ទី០១តុលា។នាងបានសរសេរបង្ហោះថា « ពួកគេបានយកអ្វីដែលគេបានរកឃើញ flashផ្ទុកឯកសារ laptop កុំព្យូទ័រ ទូរស័ព្ទ ដែលមិនមែនជារបស់ខ្ញុំតែជារបស់ប្តីខ្ញុំ និងសៀវភៅកំណត់ត្រាមួយបាច់ដែលខ្ញុំសរសេរក្នុងពេលសន្និសីទកាសែត។ខ្ញុំគ្មានសល់អ្វីសំរាប់ធ្វើការងារទៀតទេ»។
នាងបានបន្តទៀតថា ប្តីនាងជាអ្នកបើកទ្វារអោយប៉ូលិស និង«ខ្ញុំស្រាត ខ្ញុំត្រូវរត់ទៅស្លៀកពាក់ក្រោមការតាមមើលរបស់ស្ត្រីម្នាក់។ពួកគេឆែរឆេរផ្ទះរបស់ខ្ញុំ។ពួកគេមិនអនុញ្ញាតអោយខ្ញុំទូរស័ព្ទហៅមេធាវីទេ ។ពួកគេស្វែងរកឯកសារពាក់ព័ន្ធនឹងក្រុមOpen Russia»។
អ្នកនយោបាយប្រឆាំងលោក អ៊ីលយ៉ា យូស៊ីន បានចោទប្រកាន់អាជ្ញាធរថារំលោភប្រជាជនខាងចិត្តសាស្ត្រ ដោយលោកថាស្ថានភាពបច្ចុប្បន្ននៅរុស្ស៊ី ដូចជា«សុបិនអាក្រក់»៕ប្រែសម្រួល៖វាសនា

អ៊ីរីណា ស្លាវីណា និពន្ធនាយកនៃសារព័ត៌មាន Koza Press បានដុតសម្លាប់ខ្លួននៅក្រៅស្នាក់ការនៃក្រសួងមហាផ្ទៃរុស្ស៊ី នៅក្រុងនីសនី ណូហ្គោរ៉ូត