ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ សមម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចចុះបញ្ជី គណបក្សឯកភាពជាតិខ្មែរ ក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ។ នេះបើយោងតាមប្រកាស ស្តីពីការចុះឈ្មោះ ក្នុងបញ្ជីគណបក្សនយោបាយ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២០។
សម្តេចក្រឡាហោម បានបញ្ជាក់ថាៈ គណបក្សឯកភាពជាតិខ្មែរ ត្រូវធ្វើសកម្មភាព ស្របតាមច្បាប់ ស្តីពីគណបក្សនយោបាយ លិខិតបទដ្ឋានគតិយុត្តនានា ជាធរមាន និងលក្ខន្តិកៈរបស់គណបក្ស ដែលបានតម្កល់ទុក នៅក្រសួងមហាផ្ទៃ។
ការចុះបញ្ជីគណបក្សឯកភាពជាតិខ្មែរ ក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ គឺបន្ទាប់ពីលោក នៅ សំអាត ប្រធានគណបក្សឯកភាពជាតិខ្មែរ បានដាក់ពាក្យស្នើសុំចុះបញ្ជី កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០។

សូមជម្រាបថា លោក ញឹម សុធន តំណាងស្ថាបនិក គណបក្សឯកភាពជាតិខ្មែរ បានដាក់ពាក្យស្នើបង្កើតគណបក្ស ទៅក្រសួមហាផ្ទៃ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ហើយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ក្រសួងមមហាផ្ទៃ បានអនុញ្ញាតឲ្យបង្កើត គណបក្សឯកភាពជាតិខ្មែរ ដែលមានអាសយដ្ឋាន នៅផ្ទះលេខ A086 ភូមិសាលាឃុំ ឃុំពពេល ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។
លោក ញឹម សុធន តំណាងស្ថាបនិក គណបក្សឯកភាពជាតិខ្មែរ បានថ្លែងប្រាប់រស្មីកម្ពុជា កាលពីព្រឹកថ្ងៃទី៣ ខែតុលា ថាៈ បន្ទាប់ពីក្រសួងមហាផ្ទៃ ចុះបញ្ជីគណបក្សឯកភាពជាតិខ្មែរ ក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ គណបក្ស នឹងរៀបចំរចនាសម្ព័ន្ធថ្នាក់ជាតិ ដែលមានបម្រុងរួចហើយ និងថ្នាក់ក្រោមជាតិ។ នាពេលបច្ចុប្បន្ននេះ មិនទាន់មានអតីតមន្ត្រីជាន់ខ្ពស់ អតតីតគណបក្សសង្គ្រោះជាតិ មកចូលរួមជាមួយ នៅឡើយទេ គឺគណបក្សនេះ បង្កើតដោយក្រុមមនុស្សថ្មី។ ប៉ុន្តែលោកមិនទាន់ផ្តល់ព័ត៌មានលម្អិត បាននៅឡើយទេ តែនៅពេលដែលធ្វើសមាជរួច មានរចនាសម្ព័ន្ធចេញមក នឹងអាចដឹងថា បុគ្គលទាំងនោះ មកពីណាខ្លះ។ នៅពេល ដែលទទួលលិខិតជាផ្លូវការ ពីក្រសួងមហាផ្ទៃ គឺនឹងកំណត់ថ្ងៃធ្វើសមាជ។
គួរបញ្ជាក់ថា គណបក្សនយោបាយ ដែលទើបស្នើសុំបង្កើតថ្មី ដោយអតីតក្រុមមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សនយោបាយ ផ្សេងៗ នៅក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០ មានដូចជាៈ គណបក្សបំណងពលរដ្ឋ ដែលមានលោក អ៊ិត សារម្យ ជាប្រធាន។ គណបក្សខ្មែរអភិរក្សនិយម ដែលមានលោក រៀល ខេមរិន្ទ្រ ជាប្រធាន។ គណបក្សខ្មែរស្រលាញ់ជាតិ ដែលមានលោក ជីវ កត្តា ជាប្រធាន។ គណបក្សឯកភាពជាតិខ្មែរ ដែលមានលោក នៅ សំអាត ជាប្រធាន។ គណបក្សដើម្បីយើងទាំងអស់គ្នា ដែលមានលោក រ៉ន គឹមស្រេង ជាតំណាងស្ថាបនិក។ គណបក្សកម្លាំងប្រជាធិបតេយ្យ ដែលមានលោក អ៊ុង សាម៉េត ជាតំណាងស្ថាបនិក។
សូមជម្រាបថា គិតត្រឹមថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ មានគណបក្សនយោបាយ ចំនួន ៤៥ បានចុះបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ៕/V

