ដោយៈ ភ្នំខៀវ / ប៉ៃលិនៈ អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ប្រជាពលរដ្ឋ ដែលគ្រប់អាយុ ទៅចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត នៅការិយាល័យចុះឈ្មោះបោះឆ្នោត ក្នុងឃុំ សង្កាត់ របស់ខ្លួន។
ក្នុងឱកាសចុះពិនិត្យឈ្មោះបោះឆ្នោត នៅការិយាល័យចុះឈ្មោះបោះឆ្នោត ក្នុងសង្កាត់ប៉ៃលិន នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ក្នុងនាមជាប្រជាពលរដ្ឋ បានអំពាវនាវទៅដល់ ប្រជាពលរដ្ឋទូទៅទាំងអស់ ដែលគ្រប់អាយុ អញ្ជើញទៅចុះឈ្មោះបោះឆ្នោត និងពិនិត្យមើលបញ្ជីឈ្មោះបោះឆ្នោត នៅការិយាល័យចុះឈ្មោះបោះឆ្នោត តាមឃុំ សង្កាត់ របស់ខ្លួន រៀងៗខ្លួន ឱ្យបានគ្រប់គ្នា ដើម្បីធានាដល់សិទ្ធិ ក្នុងការបោះឆ្នោត ក្នុងនាមជាប្រជាពលរដ្ឋល្អ នៅក្នុងសង្គម។

លោកអភិបាលខេត្ត បានបញ្ជាក់ថាៈ ការចុះឈ្មោះបោះឆ្នោត និងទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត នៅពេលនេះ វាពិតជាមានសារៈសំខាន់ណាស់ ព្រោះនៅក្នុងសង្គម ប្រកាន់លទ្ធិប្រជាធិបតេយ្យ ប្រជាពលរដ្ឋ ជាម្ចាស់ប្រទេស ជាម្ចាស់សិទ្ធិអំណាច ជាអ្នកបោះឆ្នោតជ្រើសរើស អ្នកដឹកនាំប្រទេស តាមការពេញចិត្ត និងសំដែងនូវឆន្ទៈរបស់ខ្លួន។
ការទទួលបើកឲ្យចុះឈ្មោះ និងពិនិត្យឈ្មោះបោះឆ្នោត អាណត្តិថ្មីនេះ មានរយៈពេល ១៩ ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ក្នុងករណីមានចម្ងល់ ឬបញ្ហាផ្សេងៗ ប្រជាពលរដ្ឋ អាចទំនាក់ទង ទៅកាន់អាជ្ញាធរមូលដ្ឋាន ដែលបងប្អូនរស់នៅ។
គួររំលឹកថាៈ នៅឆ្នាំ២០១៩ ប្រជាពលរដ្ឋខេត្តប៉ៃលិន ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត មានសរុបចំនួន ៣៩.៥១១ នាក់ ក្នុងចំណោមពលរដ្ឋ មានសិទ្ធិចូលរួមបោះឆ្នោត ទូទាំងប្រទេស មានចំនួន ៨.៦២៩.៣៥៧ នាក់ ៕/V



