ដោយៈ បូរិន/ភ្នំពេញៈ ក្រោយពីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងចង្កោមអ្នកសិល្បៈ ឃើញតារាចម្រៀង និងជាអ្នកជំនួញ លោក ករុណា ពេជ្រ បានបង្ហាញផ្ទះវីឡាយ៉ាងស្កឹមស្កៃមួយកំពុងសាងសង់ នោះ ដោយត្រូវបានប៉ានប្រមាណថាចំណាយក្បែរលានដុល្លារនោះ តារាប្រុសរូបនេះ ចេញមុខបកស្រាយនិយាយរឿងពិត។

តារាចម្រៀងលោក ករុណា ពេជ្រ បានប្រាប់រស្មីកម្ពុជាកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំំ២០២០ ដឹងថា លោកអំពាវនាវដល់មហាជនសូមកុំយល់ច្រឡំថា ផ្ទះវីឡាដែលលោកបង្ហាញនោះ បានមកពីការលក់ឡេអី។ ការលើកឡើងបែបនេះគឺមិនចង់ឲ្យមហាជនយល់ថាឲ្យតែអ្នកលក់ ឡេអាចជួយឲ្យមានជីវភាពធូរធាទាំងអស់នោះ។ លោកថាមុខជំនួញថ្មីលក់ឡេបំបាត់មុន លើដងខ្លួន ផលិតផលសម្រកទម្ងន់ ហ្វូមលាងមុខ និងផលិតផលពង្រីកដើមទ្រូងក្រោមឈ្មោះ ក្រុមហ៊ុន B-Karona រួមជាមួយសាច់ញាតិនេះទើបនឹងបើកដំណើរការបានពីរខែប៉ុណ្ណោះ។

លោកបាននិយាយទៀតថា បើទោះបីជាមុខជំនួញថ្មីមានការរីកចម្រើនមែនប៉ុន្តែដំណាក់ កាលដំបូងនេះគឺជាការវបង្វិលប្រាក់សម្រាប់ទិញលក់ប៉ុណ្ណោះមិនទាន់បានដកមកចាយសូម្បីតែមួយរៀលនៅឡើយ។ លោកថាផ្ទះរបស់លោកគឺចាប់ផ្តើមធ្វើជាច្រើនខែកន្លងមកហើយបើ គិតតែសាច់ផ្ទះចំណាយប្រមាណជិត៤០ម៉ឺនដុល្លារ ខណៈតម្លៃដីផ្ទះលោកនាតំបន់វត្តសំរោង អណ្តែតទំហំ២០ម៉ែត្រគុណនឹង៣០ម៉ែត្រគឺប្រមាណជាង៤០ម៉ឺនដុល្លារទៀត។លោកថាមុនមកលក់ឡេនិងផលិតផលថែរក្សាសម្រស់នេះលោកក៏មានមុខជំនួញលើការទិញលក់អចលនទ្រព្យមួយចំនួន។

តារាចម្រៀង ករុណា ពេជ្រ បានបញ្ជាក់ថា លោកថាផ្ទះវីឡាខាងលើគ្រោងនឹងសាងសង់ រួចរាល់នៅក្នុងអំឡុងចុងឆ្នាំនេះ។
ទោះជាយ៉ាងណាកន្លងទៅតារាចម្រៀងរូបនេះធ្លាប់បានធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំងក្រោយពីលោកបានប្រកាសលក់ផ្ទះជាច្រើនកន្លែងផ្សេងគ្នាកាលពីពេលកន្លងមដែលគិតជាប្រាក់ខ្ទង់លានដុល្លារនោះផងដែរ៕








