ភ្នំពេញៈ រដ្ឋាភិបាល និងប្រជាពលរដ្ឋ ព័រទុយហ្កាល់ ប្រារព្ធទិវាសាធារណដ្ឋ របស់ពួកគេ នៅថ្ងៃទី៥ ខែតុលា ដើម្បីរំឭកដល់ថ្ងៃ ដែលពួកគេ ធ្វើបដិវិត្តន៍ និង បង្កើត របបសាធារណរដ្ឋ លើកទី១ កាលពីឆ្នាំ១៩១០ បន្ទាប់ពីប្រទេសនេះ ស្ថិតក្នុងសភាពប្រជែងគ្នា មិនចេះចប់ មិនចេះហើយ រាប់រយឆ្នាំមក។
ភូមិសាស្ត្រ-ប្រជាសាស្ត្រៈ
សាធារណរដ្ឋ ព័រទុយហ្កាល់ មានផ្ទៃដី ៩២.២១២ គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ឧបទ្វីប អ៊ីប្រ៊ាន ភាគនារតី នៃទ្វីបអឺរ៉ុប មានព្រំដែនជាប់ ប្រទេសអេស្ប៉ាញ និង មហាសាគរអាត្លង់ទិក ។ ឆ្នាំ២០២០ មានប្រជាពលរដ្ឋ ជាង ១០ លាននាក់ ភាគច្រើន ជាអ្នកកាន់សាសនាគ្រិស្ត រដ្ឋធានី គឺទីក្រុង លីសបោន ភាសាផ្លូវការ គឺភាសាព័រទុយហ្កាល់ ។ ព័រទុយហ្កាល់ ធ្លាប់ជាមហាអំណាច ពិភពលោកមួយ ក្នុងចំណោមមហាអំណាច ពិពភពលោកកំពូលៗ ហើយមានដែនដី អាណានិគមរបស់ខ្លួន ដ៏ធំល្វឹងល្វើយ នៅឯនាយសមុទ្ទទៀតផង។
ប្រវត្តិសាស្ត្រៈ
ព័រទុយហ្កាល់ បានកសាងខ្លួន ក្លាយជារដ្ឋឯករាជ្យមួយ នៅឆ្នាំ១១៤៣ ហើយបានក្លាយជា មហាអំណាចពិភពលោកមួយ នៅអំឡុងសតវត្សរ៍ទី១៥ និងទី១៦ ។ បន្ទាប់ពីមានបដិវត្តន៍ ថ្ងៃទី ៩-១០ ខែវិច្ឆិកា ឆ្នាំ១៧៩៩ នៅបារាំង មក បាននាំណាប៉ូឡេអុង បូណាប៉ាត៍ ឡើងកាន់អំណាច នៅបារាំង ខណៈដែលប្រទេសនេះ កំពុងមានភាពរញ៉េរញ៉ៃ ។ បន្ទាប់មក ត្រឹមតែរយៈពេលខ្លី ប៉ុណ្ណោះ ណាប៉ូឡេអុង បានកសាងប្រទេសបារាំង ឱ្យក្លាយជារដ្ឋដ៏ខ្លាំងក្លា ទាំងផ្នែកហិរញ្ញវត្ថុ រដ្ឋបាល និងកងទ័ព ។ ភាពខ្លាំងក្លានេះ ក៏បានពើបសង្គ្រាម ជាមួយមហាអំណាចផ្សេងៗ នៅសម័យនោះ ដូចជា សម្ព័ន្ធអូទ្រីស-រុស្ស៊ី ព្រួតគ្នាវាយនៅឆ្នាំ១៨០៥ និងប៉ះសង្គ្រាមជាមួយ ចក្រភពអង់គ្លេស និងសង្គ្រាមតទល់មហាអំណាច និងសម្ព័ន្ធផ្សេងៗទៀត ។
ក្នុងគោលបំណងផ្តាច់ទំនាក់ទំនង សេដ្ឋកិច្ច អង់គ្លេស ណាប៉ូឡេអុង បានចូលលុក លុយ កាន់កាប់តំបន់ឧបទ្វីបអ៊ីប្រ៊ាន ( គឺប្រទេសព័រទុយហ្កាល់ និងអេស្ប៉ាញ) ក៏បានប៉ះសង្គ្រាមជាមួយ អង់គ្លេស ដោយមានអេស្ប៉ាញ និង ព័រទុយហ្កាល់ ជាសម្ព័ន្ធមិត្ត ដែលគេអោយឈ្មោះថា សង្គ្រាមឧបទ្វីប អ៊ីប្រ៊ាន គឺជាផ្នែកមួយ នៃ សង្គ្រាម ណាប៉ូឡេអុង ។ ព័រទុយហ្កាល់ និង អេស្ប៉ាញ នាំគ្នាក្រោកប្រឆាំងនឹងការត្រួតត្រា របស់បារាំង ទៅលើទឹកដីទាំងនេះ នាំឱ្យមាន សង្គ្រាម រយៈពេល ៦ ឆ្នាំ ហើយបានបណ្តេញកងទ័ពបារាំង ចេញពីតំបន់ឧបទ្វីប អ៊ីប្រ៊ាន នៅឆ្នាំ១៨១៤ ដោយមានការជួយជ្រោមជ្រែង ពីសំណាក់អង់គ្លេស ។
ថ្វីដ្បិតថា (អង់គ្លេស, អេស្ប៉ាញ និង) ព័រទុយហ្កាល់ បានឈ្នះសង្គ្រាម ក៏ពិតមែន ក៏ប៉ុន្តែបាន ធ្វើឱ្យព័រទុយហ្កាល់ ខ្ទេចខ្ទាំ ខាតបង់ រង្គោះរង្គើ និងចុះខ្សោយ យ៉ាងខ្លាំងណាស់ដែរ ហើយ ថែមទាំងបានបាត់បង់ទឹកដីក្រោមអាណានិគមនៅឯនាយសមុទ្ទយ៉ាងច្រើនទៀតផង ។ ប្រទេសប្រេស៊ីល បានធ្លាក់ក្រោមអាណានិគម របស់ព័រទុយហ្កាល់ ត្រឹមពីថ្ងៃទី២២ ខែមេសា ឆ្នាំ១៥០០ ។ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៨២២ ព្រះអង្គម្ចាស់ ដោម ផេដ្រូ ជាបុត្រាច្បង នៃ ព្រះអធិរាជ្យ ចនទី ៦ នៃ ចក្រភព ព័រទុយហ្កាល់ បានដឹកនាំប្រកាសឯករាជភាព ប្រេស៊ីល ពី ព័រទុយហ្កាល់ ( រំហូរសេដ្ឋកិច្ច នៃ អាណាចក្រ ទាំងពីរ នៅតែពឹងពាក់គ្នាទៅវិញទៅមកនៅឡើ ជាពិសេស រំហូរ ហិរញ្ញវត្ថុ ពី ប្រេស៊ីល ទៅព័រទុយហ្កាល់ ) ដែលធ្វើឱ្យ ព័រទុយហ្កាល់ ក៏នៅកាន់តែតូច និង ទន់ខ្សោយទៅៗ ។
សង្គ្រាមស៊ីវិល ព័រទុយហ្កាល់ៈ
ស្តេច ចន ទី៦ នៃចក្រភព ព័រទុយហ្កាល់ បានសោយទិវង្គតនៅឆ្នាំ ១៨២៦ បានបង្កឱ្យមាន ទំនាស់អ្នកស្នងរាជ្យ ។ ស្តេច ដោម ផេដ្រូ នៃ អាណាចក្រ ប្រេស៊ីល គឺជាព្រះបុត្រាច្បង នៃស្តេចចន ទី៦ ក៏មានបំណងចង់កាន់អំណាច នៅព័រទុហ្កាល់ ផងដែរ ។ ចំណែកព្រះអង្គម្ចាស់ ម៉ាយឃឺល ទី១ គឺជាបុត្រា ទី៣ បានលើកហេតុផលថា ព្រះអង្គម្ចាស់ ដោម ផេដ្រូ បានបោះបង់ ឬ អស់សិទ្ធិ ធ្វើជារាជទាយាទ ព័រទុហ្កាល់ ទៀតហើយ តាំងពីព្រះអង្គម្ចាស់ ដោម ផេដ្រូ ដឹកនាំប្រកាសឯករាជភាព ប្រេស៊ីល កាលពីទី៧ ខែកញ្ញា ឆ្នាំ១៨២២ មកម្ល៉េះ ។
ប៉ុន្តែបន្ទាប់ពីស្តេច ចន ទី៦ សោយទិវង្គត ទៅស្តេច ដោម ផេដ្រូ នៃ អាណាចក្រប្រេស៊ីល បានប្រកាសឋានៈខ្លួនឯងថា ជា ដោម ( គឺជាងារសម្រាប់ អធិរាជ្យ នៅចក្រភពព័រទុយហ្កាល់ ) ផេដ្រូ ទី៦ នៃព័រទុយហ្កាល់ វិញ គឺក្នុងគោលបំណង សោយរាជ្យ ជាអធិរាជ្យ នៅព័រទុយហ្កាល់ គឺក៏គ្រងលើប្រេស៊ីលដែរ ( ព្រោះ ប្រេស៊ីល ទើបតែបែកចេញពី ព័រទុយហ្កាល់ ) ដែលអាច និយាយម្យ៉ាងទៀតថា ស្តេច ដោម ផេដ្រូ នេះ ចង់បង្រួបបង្រួមប្រេស៊ីល និងព័រទុយហ្កាល់ ឡើងវិញ ក្រោមអំណាចរបស់ព្រះអង្គ ។
ប៉ុន្តែទាំងមនុស្ស ព័រទុយហ្កាល់ ក៏ដូចជាមនុស្ស ប្រេស៊ីល មិនចង់ឱ្យ អាណាចក្រទាំងពីរ គឺប្រេស៊ីល និង ព័រទុយហ្កាល់ នៅរួបរួមគ្នា ដូចពីមុនទៀតឡើយ ។ ដោយហេតុនេះ ដើម្បី ដោះស្រាយទំនាស់រាជវង្សនេះ ស្តេច ផេដ្រូ បានកែប្រែរដ្ឋធម្មនុញ្ញទី១ របស់ព័រទុយហ្កាល់ ដែលបានអនុម័ត កាលពីឆ្នាំ ១៨២២ ហើយស្តេច ដោម ផេដ្រូ បានដាក់រាជ្យ ប្រគល់ទៅ បុត្រីរបស់ព្រះអង្គ ព្រះនាង ម៉ារីយ៉ា ដោយមានប្អូនស្រី របស់ព្រះអង្គ អ៊ីសាបែល ម៉ារីយ៉ា ជា រាជានុសិទ្ធិ ។
តាមរយៈកែប្រែរដ្ឋធម្មនុញ្ញនេះ ព្រះអង្គ ដោម ផេដ្រូ មានបំណងសម្របសម្រួលទំនាស់រវាង ពួកអ្នកផ្តាច់ការនិយម និង ពួកអ្នកសេរីនិយម តាមរយៈការផ្តល់ តួនាទីក្នុងរដ្ឋាភិបាល ។ ប៉ុន្តែពួកផ្តាច់ការនិយម ដែលជាគហបតី ឬ ម្ចាស់ដី និង ពួកបព្វជិត មិនពេញចិត្តនឹងការសម្រប សម្រួលនេះទេ ។ ដូច្នេះពួកគេ បាននាំគ្នាទៅគាំទ្រ ព្រះអង្គម្ចាស់ ម៉ាឃឺលទី១ (ដែលជាគូ ប្រជែងរបស់ ព្រះអង្គម្ចាស់ ដោម ផេដ្រូ ) ថាជាអ្នកមានសិទ្ធិស្របច្បាប់ ក្នុងការស្នងរាជ្យ នៅព័រទុយហ្កាល់ ហើយថា ព្រះអង្គ ដោម ផេដ្រូ បានបាត់បង់សិទ្ធិ ទទួលស្នងរាជ្យនៅព័រទុយ ហ្កាល់ ហើយ ។ ដោយមានការបញ្ឆេះ និង គំនាបពីពួកផ្តាច់ការនិយមផងនោះ នៅខែកុម្ភៈ ឆ្នាំ១៨២៨ ព្រះអង្គម្ចាស់ ម៉ាយឃឺល ទី១ បានត្រលប់ទៅ ព័រទុយហ្កាល់ វិញ ហើយត្រូវបាន ពួកអ្នកគាំទ្រ របស់ព្រះអង្គ លើកឱ្យឡើងគ្រងរាជ្យ ជាស្តេច ព័រទុយហ្កាល់ ។ មួយខែក្រោយមក ស្តេច ម៉ាយឃឺល ទី១ បានរំលាយសភា ដែលបង្កើតឡើង ដោយប្រព័ន្ធ ដែលត្រូវបានកែប្រែ ដោយព្រះអង្គ ដោម ផេដ្រូ ទាំងអស់ ។
នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំដដែលនោះ ពួកកងទ័ព នៅព័រតូ ជាទីបណ្តុំ នៃពួកអ្នកជឿនលឿន និយម បានប្រកាសគាំទ្រ ព្រះអង្គម្ចាស់ ដោម ផេដ្រូ ប្រឆាំងនឹងស្តេច ម៉ាយឃឺលទី១ ។ ចលនាឧទ្ទាមប្រឆាំងនឹងស្តេច ម៉ាយឃឺលទី១ ក៏ចាប់ផ្តើមកើតមាន ពាសពេញនគរ ហើយត្រូវបានស្តេច ម៉ាយឃឺលទី១ បង្ក្រាបដោយគ្មានប្រណី នាំឱ្យអ្នកជឿនលឿន ឬ ពួកអ្នកសេរីនិយម ខ្លះត្រូវចាប់ខ្លួន អ្នកខ្លះភៀសខ្លួនទៅ អង់គ្លេស និងទៅអេស្ប៉ាញ។
នៅឯ ប្រេស៊ីល ឯណោះ តាមរយៈកំណែទម្រង់របស់ព្រះអង្គ ដោម ផេដ្រូ កន្លងទៅបានធ្វើឱ្យ ទំនាក់ទំនង រវាងព្រះអង្គ និង គហបតី នៅប្រេស៊ីល ប្រែជាតានតឹង ។ នៅខែមេសា ឆ្នាំ១៨៣១ ព្រះអង្គ ដោម ផេដ្រូ បានដាក់រាជ្យពី ប្រេស៊ីល ប្រគល់ទៅបុត្រារបស់ព្រះអង្គ ផេដ្រូ ទី ២ ហើយយាងចាកចេញទៅ ចក្រភព អង់គ្លេស ។ នៅទីនោះ ព្រះអង្គ បានបង្កើតទ័ព និងបង្កើត រដ្ឋាភិបាលនិរទេស ជាមួយពួកអ្នកសេរីនិយម ។
បានសេចក្តីថា ការប្រជែងគ្នា រវាងពួកអ្នកធម្មនុញ្ញ ជឿនលឿននិយម ដោយមានព្រះអង្គ ដោម ផេដ្រូ ជាប្រមុខ និងពួកផ្តាច់ការនិយមរាជា ដោយមានព្រះអង្គ ម៉ាយឃឺលទី១ ជាប្រមុខ បានបញ្ឆេះជាសង្គ្រាមស៊ីវិល ឬ សង្គ្រាមព័រទុហ្កាល់ ចាប់ពីឆ្នាំ ១៨២៨ ដល់ឆ្នាំ ១៨៣៤ ទើបបញ្ចប់ ដោយមានកិច្ចសម្របសម្រួល សម្បទានទៅវិញទៅមក ។ ប្រការនេះ បានសេច ក្តីថា ទាំងខាងពួកអ្នកផ្តាច់ការរាជានិយម ទាំងខាងពួកអ្នកជឿនលឿន សេរីនិយមសុទ្ធតែនៅ រស់ ដែលតទៅ ទំនាស់របស់ពួកគេ នឹងកើតមានឡើង តទៅទៀត ។
សករាជថ្មីៈ
ចាប់ពីឆ្នាំ១៨៣៤ ព្រះនាង ម៉ារីយ៉ាទី២ គឺជាបុត្រីច្បង នៃស្តេច ផេដ្រូ ទី៤ នៃអាណចក្រប្រេស៊ីល បានឡើងសោយរាជ្យ ជាព្រះអធិរាជិនី ចក្រភព ព័រទុយហ្កាល់ ។ ព្រះអធិរាជិនី បានតែងតាំង លោក កូស្តា កាប្រាល់ ជាអភិបាលក្រុង លីសបោន ។ លោក កូស្តា កាប្រាល់ ដោយទទួលការ សព្វព្រះទ័យពី អធិរាជិនី ក៏បាននាំមកនូវច្បាប់ រដ្ឋធម្មនុញ្ញ អភិរក្សនិយម អនុវត្តនៅក្នុង ចក្រភព ព័រទុយហ្កាល់ ។ ជាបន្តបន្ទាប់ អំណាចរបស់លោក កូស្តា កាប្រាល់ បានឡើងស្រឺតៗ ដែលចក្រភព ព័រទុយហ្កាល់ គឺជារជ្ជកាលរបស់គាត់ បើទោះជាផ្លូវការ ត្រូវបានគេហៅថា របបរាជាធិបតេយ្យ អាស្រ័យរដ្ឋធម្មនុញ្ញក៏ដោយ ។
ដោយសារគ្រោះទុរ្ភឹក្ស នាំឱ្យមានរដ្ឋប្រហារទម្លាក់ កូស្តា កាប្រាល់ ម្តងនៅឆ្នាំ១៨៤៦ ។ គាត់បានភៀសខ្លួនទៅ ចក្រភពអង់គ្លេស ។ ប៉ុន្តែបានវិលមកក្តោបអំណាច ម្តងទៀតនៅឆ្នាំ ១៨៤៨ ។ ប៉ុន្តែពេលនេះ លោក កូស្តា កាប្រាល់ មិនសូវមានឥទ្ធិពលទៀតទេ ហើយទីបំផុត ក៏មានរដ្ឋប្រហារយោធា នៅថ្ងៃទី១ ខែឧសភា ឆ្នាំ១៨៥១ ទម្លាក់ និងបញ្ចប់នូវរជ្ជកាលរបស់គាត់ ហើយជំនួសដោយ ឧត្តមសេនីយ៍ ឌូគូ ដឺ សាលដាន់ហា ខណៈដែលសេដ្ឋកិច្ចរបស់ប្រទេស ជាតិកំពុងក្រក្សត់ ។ ចាប់ពីពេលនោះទៅ ចក្រភពព័រទុយហ្កាល់ បានហៅថា សករាជថ្មី ។
សាធារណរដ្ឋ មានតែឈ្មោះ
នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៨៨៩ របបរាជានិយម នៅប្រេស៊ីល ត្រូវបានធ្វើរដ្ឋប្រហារយោធា ហើយបង្កើតជារបប សាធារណរដ្ឋ ប្រេស៊ីល ។ ពេលនោះ លុយកាក់ ដែលបញ្ជូនពី ប្រេស៊ីល ទៅព័រទុយហ្កាល់ បានធ្លាក់ចុះប្រមាណជា ៨០ ភាគរយ បានធ្វើឱ្យកើតវិបត្តិហិរញ្ញវត្ថុយ៉ាង ធ្ងន់ធ្ងរ នៅព័រទុយហ្កាល់ ពីចន្លោះឆ្នាំ១៨៩០ និង ១៨៩១ ហើយបានរុញច្រានស្ថានភាព នៅព័រទុយហ្កាល់ ឱ្យកាន់តែធ្ងន់ធ្ងរថែមទៀត ។
នៅថ្ងៃទី១១ ខែមករា ឆ្នាំ១៨៩០ រដ្ឋាភិបាលអង់គ្លេស បានដាក់ឱសានុវាទ ទៅឱ្យរដ្ឋាភិបាល ព័រទុយហ្កាល់ ក្នុងទម្រង់ជាអនុស្សរណៈ ដោយទាមទារឱ្យ កងទ័ពព័រទុយហ្កាល់ដកចេញពី ទឹកដីអាណានិគមគឺ អង់ហ្គោឡា និង ម៉ូហ្សាំប៊ិក ( ដែលបច្ចុប្បន្ន គឺតំបន់ប្រទេស ហ្ស៊ីមបាវ៉េ និង ហ្សាំប៊ី ) ដែលព័រទុយហ្កាល់ អះអាងថា ជាទឹកដីរបស់ខ្លួន ។ ចំណែកព័រទុយហ្កាល់ដែលកំពុង មានទំនាស់ផ្ទៃក្នុង ស្រាប់ផងនោះ ឱសានុវាទ នេះ គឺដូចជាយកអុសបន្ថែម លើភ្នក់ភ្លើង ។
នៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៨៩០ រដ្ឋាភិបាល របស់ពួកជឿនលឿន បានដួលរលំហើយមេដឹកនាំ គណបក្ស Regenerador លោក អាន់តូនីញ៉ូ ដឺ សឺប៉ា ពីមែនតែល ត្រូវបានជ្រើសរើស ឱ្យបង្កើតរដ្ឋាភិបាលថ្មី ។ ពួកអ្នកជឿនលឿននិយម បានចាប់ផ្តើមវាយប្រហារ ទៅលើព្រះរាជា ហើយបានបោះឆ្នោតគាំទ្រ ពួកអ្នកសាធារណរដ្ឋនិយម នៅក្នុងការបោះឆ្នោត នៅខែមីនា ឆ្នាំដដែលនោះ ដោយចោទសួរ អំពីកិច្ចព្រមព្រៀង អាណានិគម បន្ទាប់មក បានចុះហត្ថលេខា ជាមួយ ចក្រភពអង់គ្លេស ។ ខណៈនោះ និស្សិតសកលវិទ្យាល័យម្នាក់ ឈ្មោះ អាន់តូនីញ៉ូ ចូសេ ដឺ អាល់មេដា បានចេញអត្ថបទមួយ បង្ខូចព្រះមហាក្សត្រ ហើយក៏ជាហេតុ ដែលគាត់ត្រូវបាន ចាប់ដាក់គុក ។
នៅថ្ងៃទី១១ ខែមេសា ឆ្នាំ១៨៩០ សាកសពរបស់ អ្នករុករកម្នាក់គឺ លោក ស៊ីលវ៉ា ព័រតូ ដែលបាន ធ្វើអត្តឃាត ត្រូវបានរុំ ដោយទង់ជាតិ ព័រទុយហ្កាល់ នៅក្នុងទីក្រុងគីតូ នៃប្រទេសអង់ហ្គោឡា បន្ទាប់ពីការចរចាបរាជ័យ ជាមួយមនុស្ស នៅក្នុងមូលដ្ឋាន ។ មរណភាពរបស់បុរសដ៏ល្បី ល្បាញម្នាក់នេះ បានបង្កើតឱ្យមាន ចលនាជាតិនិយម ហើយបុណ្យសពរបស់គាត់មានហ្វូង មនុស្ស យ៉ាងច្រើន ចូលរួមនៅក្នុងទីក្រុង ព័រតូ ។ នៅថ្ងៃទី១១ ខែ ឆ្នាំ ដដែលនោះកំណាព្យ រិះគន់ស្តេច ត្រូវបានចេញផ្សាយលក់ពាសពេញសង្គម ។
នៅថ្ងៃទី៣១ ខែមករា ឆ្នាំ១៨៩១ បដិវត្តន៍កងទ័ព ដែលភាគច្រើន ជាពលបាលត្រីប្រឆាំងនឹង របបរាជានិយម ក៏បានកើតឡើង នៅទីក្រុងព័រតូ ។ ពួកឧទ្ទាម បាននាំគ្នាដើរច្រៀងបទ ចម្រៀងជាតិ ។ ចំណែកអ្នកសារព័ត៌មាន និង អ្នកនយោបាយ សាធារណរដ្ឋ លោក អាហ្គូស្តូ មានូអែល អាលវ៉េស ដា វេហ្កា បានប្រកាស បង្កើតរបប សាធារណរដ្ឋ នៅក្នុងប្រទេស ព័រទុយហ្កាល់ ។
ប៉ុន្តែចលនានេះ កើតឡើងមិនទាន់បានប៉ុន្មានផង ក៏ត្រូវបានបង្ក្រាប ដោយទាហានដែលជា អង្គរក្សសាលាក្រុង ដែលនៅមានភក្តីភាព ចំពោះរដ្ឋាភិបាល ហើយជាលទ្ធផល គឺនាំឱ្យមាន មនុស្ស របួស ៤០ នាក់ និងស្លាប់ ១២ នាក់ ។ ចំណែកពួកអ្នកបះបោរ ដែលត្រូវបានចាប់ខ្លួន ក៏ត្រូវបានកាត់ទោស ។ មនុស្ស ២៥០ នាក់ ត្រូវបានកាត់ទោស ឱ្យនិរទេសខ្លួន ទៅអាហ្វ្រិក ពី ១៨ ខែ ទៅ ១៥ ឆ្នាំ ។ ការបោះបោរ បានបរាជ័យ ក៏ពិតមែន ប៉ុន្តែចលនាឧទ្ទាម ៣១ មករា ១៨៩១ គឺជាការគំរាមកំហែង លើកទី១ ចំពោះរបបរាជានិយម និងជានិមិ្មតិសញ្ញានូវអ្វីដែលបាន កើតឡើង អស់រយៈពេលជិត ២ ទសវត្សរ៍ ក្រោយមក ។
បក្សសាធារណរដ្ឋ និង រាជពិឃាតៈ
ដោយការមិនពេញចិត្ត ចំពោះរបបរាជានិយម ពួកអ្នកសាធារណរដ្ឋនិយម បានបង្កើតគណបក្ស សាធារណរដ្ឋ ព័រទុយហ្កាល់ (PRP) នៅឆ្នាំ ១៨៧៦ ក្នុងគោលដៅផ្តួលរំលំ របបរាជានិយម នៅព័រទុយហ្កាល់ ។ តាមពិតទៅ ក៏មានការប៉ុនប៉ងផ្តួលរំលំ របបរាជានិយម តាមរយៈសំឡេង នៃការរួមសាមគ្គី តាមរយៈចលនាជាតិនិយម និងតាមរយៈពួកអ្នកវណ្ណៈសង្គមដាច់ៗ ដោយឡែកដែរ ។
ចក្រភពព័រទុយហ្កាល់ បានដើរលើវិថីមួយ ដែលហៅថា រដ្ឋាភិបាល ផ្លាស់វេនដោយមាន គណបក្ស ជឿនលឿននិយម និង គណបក្ស អ្នកជំនាន់ថ្មី ផ្លាស់ប្តូរគ្នាកាន់អំណាច ។ រដ្ឋធម្មនុញ្ញ នៃប្រព័ន្ធនយោបាយនេះ ព្រះមហាក្សត្រ មានតួនាទី ជាអាជ្ញាកណ្តាល ( មិនកាន់អំណាច ដោយផ្ទាល់ឡើយ ប៉ុន្តែមានសិទ្ធិ រំលាយរដ្ឋសភា ) ។ ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី គឺនាយក រដ្ឋមន្ត្រី ពេលនោះគឺលោក ចន ហ្វ្រង់កូ មកពីគណបក្ស អ្នកជំនាន់ថ្មី ។
លោក ចន ហ្វ្រង់កូ បានបញ្ចុះបញ្ចូល ព្រះមហាក្សត្រ គឺព្រះបាទ កាឡូស ទី១ រំលាយចោលនូវ រដ្ឋសភាដោយជោគជ័យ ។ ចាប់ពីពេលនោះ អំណាច ឬ ចង្កូត នយោបាយ នៃប្រទេសព័រ ទុយហ្កាល់ ត្រូវបានក្តោបក្តាប់ តាមអំពើចិត្ត របស់លោក ចន ហ្វ្រង់កូ ។ ការសម្រេចចិត្តបែបនេះ ញ៉ាំងឱ្យពួកសាធារណរដ្ឋនិយម អាក់អន់ចិត្តយ៉ាងខ្លាំង សូម្បីតែពួកអ្នករាជានិយម ក៏ឃ្នើសចិត្ត ខ្លាំងណាស់ដែរ ហើយបាននាំគ្នា រិះគន់លោក ចន ហ្វ្រង់កូ ថាជាជនផ្តាច់ការ ។ ដោយភាព ទោមនស្សនេះឡើង ដល់កម្រិតខ្ពស់ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩០៨ ស្តេច ខាឡូស ទី១ និង រាជទាយាទ គឺព្រះអង្គម្ចាស់ ល្វីស ហ្វីលីប ត្រូវបានធ្វើគត់ នៅពេលដែលព្រះអង្គ ទាំងទ្វេ កំពុងយាងត្រលប់ ពីការបរបាញ់។
បន្ទាប់ពីរាជឃាតនោះទៅ រដ្ឋាភិបាលរបស់លោក នាយករដ្ឋមន្ត្រី ចន ហ្វ្រង់កូត្រូវបានបណ្តេញ ចេញ អំណាចរបស់ នាយករដ្ឋមន្ត្រី ចន ហ្វ្រង់កូ ក៏ត្រូវបានបញ្ចប់ ហើយការស៊ើបអង្កេត ដ៏តឹងរឹងមួយ ត្រូវបានធ្វើឡើង ( ពីរឆ្នាំក្រោយមក ត្រូវបានរកឃើញថា រាជឃាតនេះត្រូវបាន ប្រព្រឹត្ត ដោយសមាជិកអង្គការបដិវត្តន៍សម្ងាត់ Carbonária ដោយការស៊ើបអង្កេតនោះ ត្រូវបានបញ្ចប់ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ១៩១០ ) ។ ដើម្បីរូតរះរម្ងាប់ នូវភាពចលាចលដោយសារ រាជឃាតនេះ ព្រះអង្គម្ចាស់ ដោម ម៉ានូអែល ទី២ ដែលទើបតែមានព្រះជន្ម ១៨ វស្សា ត្រូវបានលើកឡើង សោយរាជ ក៏ដើម្បី បញ្ចប់នូវគណបក្សរាជានិយមនានាដែលកំពុង វាយប្រហារគ្នា ទៅវិញទៅមកផងដែរ ។
យុវរាជ្យអង្គនេះ ទទួលបានការស្រឡាញ់ ពីសាធារណរជនច្រើន ។ ប៉ុន្តែត្រូវបានមើលឃើញថា ព្រះអង្គ គឺជាក្សត្រដ៏ក្រៀមក្រំ ដោយសារអំណាច ត្រូវបានក្តោបក្តាប់ ដោយឧត្តមនាវីឯក ហ្វ្រង់ស៊ីស្កូ ជែគីម ហ្វឺរ៉េរ៉ា ដូ អាម៉ារ៉ាល់ ។ សង្គមជាតិ ទទួលបានភាពសាន្តត្រាណមួយរយៈ ពេលខ្លី ហើយ ស្ថានភាពនយោបាយ ក៏អាប់អួរឡើងវិញទៀត ហើយរដ្ឋាភិបាលត្រូវបានផ្លាស់ ប្តូរ ដល់ទៅ ៧ ក្នុងរយៈពេលត្រឹមតែ ២ ឆ្នាំប៉ុណ្ណោះ ។ ការប្រឆាំងគ្នា ទៅវិញទៅមក នៃគណបក្សរាជានិយម ទាំងឡាយ បានកម្រើកឡើង ហើយបែកបាក់ ជាក្រុមតូចៗខណៈ គណបក្សសាធារណរដ្ឋ រីកចម្រើន ទទួលបានប្រជាប្រិយភាព ឥតឈប់ឈរ ។ នៅក្នុងការ បោះឆ្នោតនាថ្ងៃទី៥ ខែមេសា ឆ្នាំ១៩០៨ ជាការបោះឆ្នោតជ្រើសរើស សមាជិកនីតិបញ្ញត្តិ ចុងក្រោយ នៃ របបរាជានិយម នៅព័រទុយហ្កាល់ សមាជិករបស់ គណបក្សនេះ ឈ្នះបាន ៧ អាសនៈ ។ បោះឆ្នោត ថ្ងៃទី២៨ ខែសីហា ឆ្នាំ១៩១០ គណបក្សនេះ ឈ្នះបាន ១៤ សំឡេង ក្នុងសភា និង ១០ អាសនៈទៀត នៅក្នុងសាលាក្រុង លីសបោន ។
បើទោះបីជាមានទំនុកចិត្តថា នឹងទទួលបានជោគជ័យ នៅក្នុងការបោះឆ្នោតក្តី ក៏ចលនា សាធារណរដ្ឋនិយម នៅក្នុងផ្នែកបដិវត្តន៍ ច្រើនបំផុតរបស់គណបក្ស បានទាមទារឱ្យតស៊ូ ដោយប្រដាប់អាវុធ ថាជាមធ្យោបាយល្អបំផុត ដើម្បីដណ្តើមអំណាចឱ្យបាន ក្នុងរយៈពេលខ្លី ។ គឺក្រុមនេះឯងហើយ ដែលទទួលបានជោគជ័យ នៅក្នុងសមាជគណបក្ស ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩០៩ ។
ចាប់ពីពេលនោះមក ស្ថានភាពអស្ថិរភាពនយោបាយ និងភាពរង្គោះរង្គើក្នុងសង្គម ចាប់ផ្តើម កម្រើកបន្តទៀត ដែលជាសញ្ញា ឬ ជាការគំរាមកំហែង ពីសំណាក់កងនាវី ដឹកនាំដោយលោក ម៉ាចាដូ សាន់តូស ត្រៀមខ្លួនធ្វើសកម្មភាព គ្រប់ពេលវេលា ក្នុងការធ្វើបដិវត្តន៍ ។
បដិវត្តន៍ ៥ តុលា – ប្រកាសាសាធារណរដ្ឋៈ
នៅថ្ងៃទី៣ ខែតុលា ឆ្នាំ១៩១០ ការងើបបះបោរ នៃពួកសាធារណរដ្ឋនិយម បានឱ្យប្រផ្នូល តាមរយៈការកើតឡើង នូវភាពឥតសណ្តាប់ធ្នាប់ ផ្នែកនយោបាយ ។ តាមពិតទៅមានពួក សាធារណរដ្ឋជាច្រើន បានបដិសេធការចូលរួម ក្នុងការធ្វើបដិវត្តន៍ ដែលបានសេចក្តីថា ប្រសិនបើធ្វើបដិវត្តន៍នោះ ពួកគេ នឹងមិនបាន ជោគជ័យឡើយ ។
នៅក្នុងរដូវក្តៅ នាឆ្នាំ ១៩១០ រដ្ឋាភិបាលរបស់លោក ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ( នាយករដ្ឋមន្ត្រី ) ថេសេរ៉ា ដឺ សួសា ពោរពេញទៅដោយការព្រមាន អំពីរដ្ឋប្រហារ ។ ដោយការសង្ស័យ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ១៩១០ រដ្ឋាភិបាល បានចេញបញ្ជា ទៅកងទ័ពទាំងអស់ឱ្យការពារទី ក្រុងនានា ឱ្យបានមាំមួន ។
នៅថ្ងៃទី៣ ខែតុលា ឆ្នាំនោះ លោកវេជ្ជបណ្ឌិត ម៉ាឃឺល បុមបាដា ដែលជាអ្នកនយោបាយម្នាក់ ត្រូវបានអ្នកជំងឺម្នាក់ បាញ់សម្លាប់ ។ នៅយប់នោះ ពួកអ្នកសាធារណរដ្ឋនិយមបានជួបជុំគ្នា ជាបន្ទាន់ ក្នុងគោលបំណងធ្វើបដិវត្តន៍ ។ មន្ត្រីខ្លះបានជំទាស់ ដោយសារឃើញមានទាហាន ច្រើនពេក ។ ប៉ុន្តែលោកឧត្តមនាវីឯក ខាន់ឌីដូ ដូស រ៉េស បានទទូចឱ្យមានបដិវត្តន៍ ហើយគាត់ បានស្រែកឡើងថា ” បដិវត្តន៍ មិនអាចពន្យារពេលបានទេ ! អ្នកណាចង់ សូមមកតាមខ្ញុំ ! ប្រសិនបើគ្មានអ្នកណា ធ្វើកិច្ចការនេះទេ គឺខ្ញុំនឹងធ្វើវាតែម្នាក់ឯង ! ” ។
បន្ទាប់មក គាត់បានទៅជួបកងទ័ព ប៉ុន្តែមេបញ្ជាការម្នាក់ និងប្រធានក្រុមម្នាក់ បានបដិសេធ ក៏ត្រូវគេសម្លាប់ ។ ទីបំផុត គាត់ប្រមូលបានកងទ័ព ប្រមាណជា ៤០០ ទៅ ៥០០ នាក់ប៉ុណ្ណោះ ក្រោមការដឹកនាំរបស់លោក កាប់ពីទែន អាហ្វុងសូ ផល្លា និង កាប់ពីទែន សា ខាដូសូ មួយអន្លើ ដោយជនស៊ីវិល ប្រមាណជា ២០០ នាក់ទៀត ។ ពួកគេនាំគ្នាធ្វើដំណើរឆ្ពោះ ទៅទីលាន Rotunda ។ ក្រោយមក ក៏ប្រមូលបានកងទ័ពស្ម័គ្របក្សខ្លះទៀត ដោយរួមទាំងផ្នែកខ្លះ នៃ កងពលធំ កាំភ្លើងធំ ទី១ ទី១៦ និង កប៉ាល់ចម្បាំង ចំនួន ៣ ផង ដែលមើលទៅអាចនិយាយ បានថា មានអ្នកចូលរួមច្រើន សមល្មមនឹងធ្វើការ ។ ទោះយ៉ាងណា ផែនការសម្ងាត់ នៃបដិវត្តន៍ នៅតែមិនទាន់ត្រូវបាន សម្រេចនៅឡើយ ហើយអ្នកដឹកនាំសំខាន់ៗក៏មិនទាន់បង្ហាញមុខនៅ ឡើយដែរ។ ប៉ុន្តែមិនបានប៉ុន្មានផង អ្វីៗមិនដំណើរការ តាមការគ្រោងទុក ហើយលោក ឧត្តមនាវីឯក ខាន់ឌីដូ ដូស រ៉េស បានត្រូវគេជូនដំណឹងថា អ្វីៗគ្រប់យ៉ាង បានបរាជ័យហើយ ទើបគាត់សម្រេចចិត្ត សម្រាកនៅផ្ទះប្អូនស្រីរបស់គាត់ ។ ព្រឹកស្អែកឡើង សាកសពរបស់គាត់ ត្រូវបានគេប្រទះឃើញ គឺគាត់បានធ្វើអត្តឃាត ដោយបាញ់ក្បាលខ្លួនឯង ។
ចំណែកនៅទីលាន Rotunda ឯណោះ ភាពស្ងប់ស្ងាត់ បានកើតឡើង ដែលមើលទៅអាចឱ្យ ពួកមន្ត្រី មើលឃើញថា ពួកឧទ្ទាម បានពេញចិត្តបោះបង់ គោលបំណងរបស់ខ្លួន ។ ប្រធានក្រុម ២ នាក់ នៃ ពួកអ្នកចង់ធ្វើបដិវត្តន៍ បានសម្រាកនៅផ្ទះយ៉ាងស្រួល ប៉ុន្តែលោក ម៉ាចាដូ សាន់តូស នៅតែបន្តបញ្ជាកងទ័ព របស់គាត់ទៀត ដែលអាចជាសញ្ញាដែលថា ក្នុងផ្លូវចិត្ត គឺអាចជោគជ័យ សម្រាប់បដិវត្តន៍ ។ ចំណែកពួកអ្នករាជានិយមខ្លះ ក៏មានទំនោរទៅរកពួកអ្នកសារធារណរដ្ឋ និយមដែរ ។
នៅពេញ ១ ថ្ងៃទី៤ ខែតុលា ឆ្នាំនោះ ជាថ្ងៃដែលពោរពេញ ទៅដោយពាក្យចចាមអារាមផ្សេងៗ មួយអន្លើ ដោយការប៉ះទង្គិចគ្នា តិចតួចរវាងកងទ័ពគាំទ្រ ពួកអ្នកសាធារណរដ្ឋនិយម និង ពួកអ្នកគាំទ្ររដ្ឋាភិបាល ។ ទីបំផុត នៅវេលាម៉ោង ៩ ព្រឹក នៃថ្ងៃទី៥ ខែតុលា ឆ្នាំ១៩១១ របបសាធារណរដ្ឋ ត្រូវបានប្រកាសបង្កើត និងដាក់ឱ្យដំណើរការ នៅលើទឹកដី ព័រទុយហ្កាល់ ជំនួសរបបរាជាអិបតេយ្យ អាស្រ័យរដ្ឋធម្មនុញ្ញ ។ ការប្រកាសនេះត្រូវបានធ្វើឡើងដោយលោក ចូសេ រ៉េលវ៉ាស ដែលជាមេដឹកនាំដ៏សំខាន់ម្នាក់ នៃ គណបក្សសាធារណរដ្ឋ ។ រដ្ឋាភិបាល បណ្តោះអាសន្នមួយត្រូវបានបង្កើតឡើង ក្រោមការគ្រប់គ្រងរបស់សមាជិកគណបក្ស សាធារណរដ្ឋ ព័រទុយហ្កាល់ ។រដ្ឋាភិបាល និងប្រជាពលរដ្ឋ ព័រទុហ្កាល់ ប្រារព្ធទិវាសាធារណរដ្ឋ របស់ពួកគេ ដើម្បីរំលឹកដល់ថ្ងៃនេះឯង ។
អ្នកទោសជាច្រើន ដែលត្រូវបានកាត់ឱ្យជាប់ទោស ពីបទប្រឆាំងនឹងរបបរាជានិយម ត្រូវបាន ដោះលែង ហើយក៏មានកំណែទម្រង់ មួយចំនួន ដែលនាំមកនូវគុណប្រយោជន៍ជាច្រើន ដល់សង្គមព័រទុយហ្កាល់ ។ ប៉ុន្តែកំណែទម្រង់ទាំងនោះ បានធ្វើឱ្យពួកបព្វជិតមិនសូវសប្បាយ ចិត្តទេ ព្រោះប៉ះពាល់ដល់ អំណាចរបស់ពួកគេ ។ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩១១ ការបោះ ឆ្នោតសភា ធម្មនុញ្ញ បានត្រូវធ្វើឡើង ហើយអំណាចរបស់ រដ្ឋាភិបាលបណ្តោះអាសន្ន ត្រូវបានប្រគល់ទៅឱ្យសភានេះ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ១៩១១ ដដែលនោះ ។
ពីរខែក្រោយមក ស្របពេលនឹងការអនុម័ត នូវច្បាប់នយោបាយ នៃសាធារណរដ្ឋ ព័រទុយហ្កាល់ និង ការបោះឆ្នោតជ្រើសរើស ប្រធានាធិបតី សាធារណរដ្ឋ ព័រទយុហ្កាល់ មក នៅថ្ងៃទី២៤ ខែសីហា ឆ្នាំដដែលនោះ រដ្ឋាភិបាលបណ្តោះអាសន្ន បានប្រកាសលាលែងហើយក៏បាន បញ្ចប់រដ្ឋាភិបាលនេះ បន្ទាប់ពីបានប្រសូតឡើង រយៈពេល ១០ ខែហើយរដ្ឋាភិបាលពេញច្បាប់ ជារដ្ឋាភិបាលលើកទី១ នៃ សាធារណរដ្ឋ ព័រទុយហ្កាល់ ក៏បានចាប់ផ្តើម ពីពេលនោះឯងដែរ ៕ ស្រាវជ្រាវប្រែសម្រួលៈ មេសា