Home ព័ត៌មានអន្តរជាតិ អ្នកកាសែត​ចិន...

អ្នកកាសែត​ចិន និយាយថា ដូ​ណា​ល់ ត្រាំ «​សង​ថ្លៃ​»​សំរាប់​ល្បែង​កូវី​ដ​១៩​របស់លោក​

​អ្នកនិពន្ធ​កាសែត​ល្បី​មួយ​របស់​រដ្ឋ​ចិន បាន​ចំអក​អោយ​ប្រធានាធិបតី​អាម៉េរិក ដូ​ណា​ល់ ត្រាំ ក្រោយពី​លោក​និង​ជំទាវ​ទី​១ មេ​ឡានៀ ត្រាំ បាន​ពិនិត្យឃើញ​មាន​វិជ្ជ​មានកូ​វីដ​១៩​ទាំង​ពីរ​នាក់​។​

​លោក ហ៊ូ ស៊ី​ជីន និពន្ធ​នាយក​កាសែត​Global Times​ដែលជា​អង្គការ​ឃោសនា​របស់​បក្សកុំម្មុយនីស្ត​ចិន បាន​និយាយថា ប្រធានាធិបតី​ត្រាំ និង​ភរិយា «​សង​ថ្លៃ​ចំពោះ​ការលេង​ល្បែង​របស់​លោក​​ដោយសារ​មើលស្រាល​ជំងឺ​ឆ្លងកូវី​ដ​១៩»​។​

​លោក​បាន​អះអាង​ថា ការឆ្លង​ថ្នាក់ដឹកនាំ​នេះ បង្ហាញ​អំពី​ភាព​ធ្ងន់ធ្ងរ​នៃ​ការផ្ទុះ​ជំងឺ​នេះ​នៅ​អាម៉េរិក ហើយ​វា​អាច​បំផ្លាញ​ឱកាស​ជាប់ឆ្នោត​ឡើង​វិញ​របស់​ត្រាំ​នៅ​ខែ​ក្រោយ​។​

​លោក ហ៊ូ ស៊ី​ជីន និពន្ធ​នាយក​កាសែត​Global Times​បាន​សរសេរ​បង្ហោះ​បែប​ចំអក​កាលពី​យប់​ថ្ងៃ​សុក្រ​ទី​០២​តុលា​ថា «​ប្រធានាធិបតី​ត្រាំ និង​ភរិយា សង​ថ្លៃ​ចំពោះ​ការលេង​ល្បែង​របស់​លោក​ដោយសារ​​មើលស្រាល​ជំងឺ​ឆ្លងកូវី​ដ​១៩​។​ព័ត៌មាន​នេះ​បង្ហាញ​ភាព​ធ្ងន់ធ្ងរ​នៃ​ស្ថានភាព​ជំងឺឆ្លង​នៅ​អាម៉េរិក​។​វា​នឹង​បង្កើត​រូប​ភាពអវិជ្ជមាន​មួយ​របស់​ត្រាំ​និង​អាម៉េរិក ហើយក៏​អាច​ប៉ះពាល់​យ៉ាង​អវិជ្ជមាន​ផងដែរ​​ដល់​ការ​ឈរឈ្មោះ​បោះឆ្នោត​ឡើង​វិញ​របស់​លោក​»​។​

​អ្នកកាសែត​ជាន់ខ្ពស់​ចិន ប្រតិកម្ម​នឹង​ដំណឹង​ស្តីពី​ត្រាំ​ឆ្លងកូវី​ដ ដោយ​លោក​បាន​សរសេរ​បង្ហោះ​កាលពី​យប់​ថ្ងៃ​សុក្រ​ថា ត្រាំ​និង​ភរិយា​លោក​បង់ថ្លៃ​ការដែល​លោក​មើលស្រាល​កូវី​ដ​១៩

​ការសរសេរ​បែប​ចំអក​នេះ​កើត​ឡើង​ក្រោយ​ពី​មេដឹកនាំ​អាម៉េរិក​រូបនេះ​បាន​អះអាង​ដំណឹង​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ដោយ​ថា «​យប់​នេះ ជំទាវ​ទី​១​និង​ខ្ញុំ ត្រូវបាន​ធ្វើតេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩​។​ខ្ញុំ​នឹង​ចាប់​​ផ្តើម​ធ្វើ​ចត្តា​ឡី​ស័ក​ខ្លួនឯង​និង​ដំណើរការ​ជា​សះស្បើយ​ភ្លាម​។​យើង​នឹង​ឆ្លងកាត់​ដំណាក់កាល​នេះ​រួម​គ្នា​!»​។​

​វា​ក៏​បាន​កើតឡើង​បន្ទាប់​ពី​មាន​ការបញ្ជាក់​ថា ជំនួយការ​ជិតស្និទ្ធ​របស់​លោក​ត្រាំ​នាង ហូប ហ៊ិ​កស៍ បាន​ឆ្លងកូវី​ដ​១៩​ផងដែរ បន្ទាប់ពី​បាន​ធ្វើដំណើរ​តាម​យន្តហោះ​ប្រធានាធិបតី​Air Force One ជា​​មួយ​លោក​ត្រាំ​កាលពី​ពីរ​ថ្ងៃមុន​។​

​សូមបញ្ជាក់​ថា កាសែត​រដ្ឋ​ចិន​មួយ​នេះ​តែង​រិះគន់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ចំពោះ​ការដោះស្រាយ​របស់​អាម៉េរិក​លើ​ការផ្ទុះ​ជំងឺឆ្លង​នេះ​។​ក្នុង​អត្ថបទ​មួយ​កាលពី​ខែមិថុនា វា​បាន​ហៅ​អាម៉េរិក​ថា​ជា​ប្រទេស​«​ព្រៃផ្សៃ​និង​លោភលន់​»​ដែល​មិន​ខ្វល់​នឹង​មនុស្សធម៌​និយម​។​

​កាសែត​Global Times​ក៏​បាន​អះអាង​ថា រដ្ឋាភិបាល​អាម៉េរិក​បរាជ័យ​ចំពោះ​ប្រជាជន​ខ្លួន​និង​ពិភពលោក​។​

​សូមបញ្ជាក់​ថា​រដ្ឋាភិបាល​ចិន​ប៉េកាំង​និង​វ៉ាស៊ីនតោន​ក្រៅពី​មាន​ជម្លោះ​ពាណិជ្ជកម្ម បញ្ហា​ហុងកុង តៃវ៉ាន់​និង​សមុទ្រ​ចិន​ខាងត្បូង ក៏​មាន​ជម្លោះ​ពាក្យសម្តី​នឹង​គ្នា​អំពី​ជំងឺ​កូវី​ដ​១៩​នេះ​ដោយ​ក្រុម​មេ​ដឹក​​នាំ​អាម៉េរិក​បន្ទោស​ថា​ចិន​ជា​អ្នក​បង្ក​អោយ​មាន​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​១៩ ដែល​រហូត​ពេលនេះ​បាន​សម្លាប់​មនុស្ស​ជាង​២០០.០០០​នៅ​អាម៉េរិក តែ​ចិន​អះអាង​ថា​មកពី​ការដឹកនាំ​របស់​ក្រុម​មេ​ដឹក​​នាំ​អាម៉េរិក​អន់​ក្នុង​ការឆ្លើយ​តន​នឹង​ជំងឺឆ្លង​នេះ​៕​ប្រែ​សម្រួល​៖​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular