ដោយៈស.រិទ្ធ/ភ្នំពេញ៖បុរសម្នាក់ឈ្មោះ ផន ឌីម៉ង់ ដែលប្រើប្រាស់ហ្វេសបុកផេកឈ្មោះ Srey Mom Online មកឡាយវីដេអូចាស់ករណីអគ្គិភ័យ ត្រូវបានសមត្ថកិច្ចកោះហៅឱ្យចូលខ្លួនមកបំភ្លឺ និងបានសារភាពកំហុសជាសាធារណ: នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០នេះ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការណ៍ជាមួយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកោះហៅបុរសម្នាក់ឈ្មោះ ផនឌីម៉ង់ដែលបានយកព័ត៌មានចាស់ករណីអគ្គិភ័យមកឡាយឡើងវិញដែលធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ជាពិសេសបង្កឱ្យមានចលាចលនៅក្នុងសង្គមជាតិ ។

បុរសម្នាក់ឈ្មោះ ផន ឌីម៉ង់ ជាម្ចាស់ផេក Facebook ឈ្មោះ Srey Mom Online ដែលបានយកវីដេអូចាស់ករណីឆេះអគារ អិន៨ដែលបាន កើតឡើងតាំងពី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នៅខណ្ឌបឹងកេងកង យកមកបង្ហោះ ឡាយជាវីដេអូ (Live Stream) កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១៣:៣០ នាទី នៅរាជធានីភ្នំពេញ។ ក្នុងគោលបំណងចង់ឱ្យមានភាពទាក់ទាញខ្លាំងមកលើផេករបស់គាត់ ដែលធ្វើឱ្យសាធារណជន មានការភ័ណ្ឌច្រឡំ ជាពិសេសអាចបង្កឱ្យមានភាពចលាចលក្នុងសង្គមជាតិផងដែរ ។
ដោយផ្អែកតាមទោសប្បញ្ញត្តិ ជំពូកទី៦ មាត្រាទី២៩ ជននេះត្រូវមានទោស និងទទួលការផាកពិន័យ ។ប៉ុន្តែដោយមានការយោគយល់ និងអនុគ្រោះពីឯកឧត្តម ឧត្តមសេនីយ៍ឯក សថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញឱ្យអនុវត្តត្រឹមកម្រិតអប់រំ ណែនាំ ៕S/