ដោយៈ ពៅនិមល / ភ្នំពេញៈ លោកបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីរសៀល ថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ កន្លងទៅ បានទទួលជួបពិភាក្សាការងារ ជាមួយលោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា នៅទីស្តីការក្រសួង ។
គោលបំណង នៃជំនួបនេះ ភាគីទាំងពីរ បានផ្តោតការយកចិត្តទុកដាក់ ទៅលើវឌ្ឍនភាព នៃការអនុវត្តស្តង់ដារ យានយន្តសហរដ្ឋអាម៉េរិក នៅលើទីផ្សារកម្ពុជា ការពង្រឹងវិស័យសហគ្រាសខ្នាតតូច និងមធ្យម (SME) ក៏ដូចជា វិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការ លើវិស័យកម្មសិទ្ធិបញ្ញា ជាដើម។ តាមរយៈជំនួបនេះ ភាគីទាំងពីរ បានឯកភាពគ្នាថា នឹងខិតខំធ្វើការរួមគ្នា ដើម្បីអាចចុះហត្ថលេខា លើអនុស្សរណៈ យោគយល់គ្នា ក្នុងឱកាសនៃការប្រារព្វពិធី ខួបលើកទី៧០ នៃទំនាក់ទំនង វិស័យការទូត រវាងប្រទេសទាំងពីរ នាពេលខាងមុខ។
នៅក្នុងជំនួបខាងលើ លោកទេសរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ និងលើកឡើង ពីកិច្ចខិតខំប្រឹងប្រែង នៃក្រុមបច្ចេកទេស ភាគីទាំងពីរ ដើម្បីសម្រេចបាននូវ កិច្ចព្រមព្រៀងគ្នាមួយ សម្រាប់ការអនុវត្តស្តង់ដារ យានយន្តអាមេរិក នៅលើទីផ្សារកម្ពុជា តាមរយៈយន្តការ ប្រើប្រាស់កិច្ចព្រមព្រៀង ក្របខ័ណ្ឌវិនិយោគ និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។ ក្នុងនោះ ក្រសួងឧស្សាហកម្ម ដែលមានវិទ្យាស្ថាន ស្តង់ដារកម្ពុជា ជាសេនាធិការជំនាញ និងដោយឈរលើគោលជំហរ ការអនុវត្តក្របខណ្ឌ នៃការធ្វើពាណិជ្ជកម្មអន្តរជាតិ ក្រសួងបានធ្វើប្រកាសថ្មី ស្តីពីការពន្យារពេលអនុវត្ត ក្នុងការទទួលយកវិញ្ញាបនបត្រ បញ្ជាក់អំពីការបញ្ចេញ សារធាតុបំពុលខ្យល់ ពីយានយន្តរបស់ ភ្នាក់ងារការពារ បរិស្ថានអាម៉េរិក ក្នុងប្រការ ៣ នៃប្រកាសលេខ: 205 MIH/2019 ដោយផ្អែកលើសារាចរ លេខ:០១ សរ ចុះដើមខែមករា កន្លងទៅ ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុល ខ្យល់សាធារណៈ។ នេះជាការបញ្ជាក់បន្ថែមរបស់ លោករដ្ឋមន្ត្រី ចម ប្រសិទ្ធ។
ភាគីអាម៉េរិក បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុមអ្នកជំនាញ ដើម្បីឲ្យការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគី អាចដំណើរការទៅបាន សម្រាប់ការចរាចរផលិតផល យានយន្តស្តង់ដារនេះ។ ទន្ទឹមនឹងនោះ លោកក៏បានមើលឃើញ ពីសមិទ្ធផលរបស់ ក្រសួងឧស្សាហកម្ម ក្នុងការធ្វើកិច្ច សហប្រតិបត្តិការ លើវិស័យប្រកាសនីយបត្រតក្កកម្ម (Patent Cooperation) ជាមួយបណ្តាប្រទេសជាច្រើន ក្នុងតំបន់ និងជាមួយសហគមន៍អឺរុប។ កិច្ចការនេះ អាម៉េរិក ពិតជាមានបំណង ធ្វើជាមួយកម្ពុជា សម្រាប់ក្របខណ្ឌកិច្ចការពារ វិស័យកម្មសិទ្ធិបញ្ញា របស់អាម៉េរិក នៅកម្ពុជា។
ជាការឆ្លើយតប ទាក់ទងវិស័យកម្មសិទ្ធិបញ្ញា លោករដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបញ្ជាក់ថាៈ កម្ពុជាបានអនុវត្ត ធ្វើកិច្ចសហប្រតិបត្តិការ លើវិស័យប្រកាស នីយបត្រតក្កកម្ម (Patent Cooperation) ជាមួយប្រទេសជាច្រើន រួចទៅហើយ រួមមាន ជាមួយសឹង្ហបុរី ចិន កូរ៉េ ជប៉ុន និងសហគមន៍អឺរ៉ុប ដើម្បីអនវត្តការចុះ បញ្ជីការពារសុពលភាព ប្រកាសនីយបត្រតក្កកម្ម (Patent ) ក្នុងន័យការពារនូវ ការលួចចម្លងបច្ចេកវិទ្យា របស់ប្រទេសទាំងនោះ ដែលដាក់ការវិនិយោគ នៅកម្ពុជា។
តាមរយៈនេះ ភាគីទាំងពីរ បានពិភាក្សា ទៅលើជំនួយសហរដ្ឋអាម៉េរិក សម្រាប់ពង្រឹងសហគ្រាសខ្នាតតូច និងមធ្យម និងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា សម្រាប់កម្ពុជា ផងដែរ៕/V