
ដោយ:ស៊ា ថាំង/ភ្នំពេញ:ក្រសួងសេដ្ឋកិច្ឋនិងហិរញ្ញវត្ថុបានឲ្យដឹងថាលោកវង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ឋនិងហិរញ្ញវត្ថុ បានដឹកនាំគណៈ-ប្រតិភូក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ានលើទី២៤ (24th AFMM), កិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ានលើកទី ៦ (6th AFMGM) និងកិច្ចប្រជុំពាក់ព័ន្ធ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ។កិច្ចប្រជុំនេះមានការចូលរួមពីរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលមកពីបណ្តាប្រទេសពីអាស៊ាន, បណ្តាប្រធានស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ, ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន។
មន្ត្រីនាំពាក្យនៃក្រសួងសេដ្ឋកិច្ឋនិងហិរញ្ញវត្ថុបានប្រាប់ថានៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ានលើទី២៤ នេះ បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន បានធ្វើការកត់សម្គាល់លើការធ្វើបទបង្ហាញរបស់បណ្តាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ស្តីពីការវិវត្តនៃស្ថានភាព និងទស្សន វិស័យសេដ្ឋកិច្ចពិភពលោក និងតំបន់, ហានិភ័យ និងបញ្ហាប្រឈម ក៏ដូចជាអនុសាសន៍គោលនយោបាយនានា នៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩។ បន្ថែមពីនេះ បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើការដាក់ចេញនូវវិធានការ និងគោលនយោបាយនានា សំដៅដោះស្រាយនូវបញ្ហាប្រឈម ក៏ដូចជាកាត់បន្ថយនូវហានិភ័យទាំងនោះ។ ជាពិសេសផលប៉ះពាល់អវិជ្ជមានដែលបង្កឡើងដោយជំងឺកូវីដ ១៩មកលើសង្គមនិងសេដ្ឋកិច្ចរបស់ប្រទេសជាសមាជិកអាស៊ាន សំដៅកាត់បន្ថយការធ្លាក់ចុះ និងស្តារឡើងវិញនូវកំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ាន នៅក្នុងអំឡុងពេល និងក្រោយវិបត្តិជំងឺកូវីដ១៩។
រដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ានក៏បានធ្វើការកត់សម្គាល់និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដែលសម្រេចបានចាប់តាំងពីកិច្ចប្រជុំលើកទី២៣ក្រោមកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុរួមមានៈមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន,កិច្ចសហប្រតិបត្តិការធានារ៉ាប់រង,ការអភិវឌ្ឍទីផ្សារមូលបត្រ,កិច្ចសហប្រតិបត្តិការគយនិងពន្ធដារ រួមទាំងកិច្ចការពាក់ព័ន្ធនឹងសមាហរណកម្មហិរញ្ញវត្ថុ និងរូបិយវត្ថុអាស៊ានមួយចំនួនទៀតដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការនិងការធ្វើសមាហរណកម្មតំបន់ឱ្យកាន់តែស៊ីជម្រៅលើវិស័យហិរញ្ញវត្ថុ សំដៅទទួលបាននូវប្រព័ន្ធហិរញ្ញវត្ថុតំបន់មួយដែលមានលក្ខណៈធន និងរឹងមាំ ។ជាពិសេសក្នុងដំណាក់កាលនៃវិបត្តិកូវីដ១៩នាពេលបច្ចុប្បន្ន។
ផ្អែកលើស្ថានភាពតំបន់ ដែលកំពុងខ្វះខាតនូវហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការស្តារសេដ្ឋកិច្ចពីវិបត្តិកូវីដកិច្ចប្រជុំក៏បានស្វាគមន៍លើការបញ្ចប់របាយការណ៍ស្តីពីការផ្តល់ហិរញ្ញប្បទានប្រកបដោយចីរភាពក្នុងតំបន់អាស៊ានដែលរបាយការណ៍នេះគឺជាផែនទីបង្ហាញផ្លូវដ៏សំខាន់សម្រាប់អាស៊ានក្នុងការបង្កើនសមត្ថភាពផ្តល់ហិរញ្ញប្បទានតាមរយៈការពង្រឹងសមត្ថភាពក្នុងការអភិវឌ្ឍសញ្ញាបណ្ណរដ្ឋាភិបាលនិងបានបញ្ជាក់អំពីការប្តេជ្ញាក្នុងការរឹតបន្តឹងកិច្ចសហប្រតិបត្តិការបន្ថែមដោយឈលើគោលជំហរជួយគ្នាទៅវិញទៅមកក្នុងការជំរុញការផ្តល់ហិរញ្ញប្បទានប្រកបដោយចីរភាពនេះ។ បន្ថែមពីនេះបណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ានក៏បានសង្កត់ធ្ងន់លើសារសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងការសម្រួលដល់ប្រតិបត្តិការហិរញ្ញវត្ថុ និងពាណិជ្ជកម្មក្នុងបរិបទ នៃការឆ្ពោះរកសេដ្ឋកិច្ចឌីជីថល ។
ក្រៅពីជួបប្រជុំនេះលោករដ្ឋលេខាធិការប្រចាំការ វង្សី វិស្សុត ក៏បានចូលរួមកិច្ចប្រជុំរវាងរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន ជាមួយវិស័យឯកជន ដើម្បីពិភាក្សា លើចំណុចសំខាន់ៗមួយចំនួនដូចជា ការផ្តល់ហិរញ្ញប្បទានក្នុងតំបន់អាស៊ានប្រកបដោយចីរភាព, ហិរញ្ញវត្ថុឌីជីថល, បរិយាប័ន្នហិរញ្ញវត្ថុ និងការតភ្ជាប់ពាណិជ្ជកម្មឌីជីថលក្នុងតំបន់អាស៊ានជាដើម ។
ចំពោះកិច្ចប្រជុំជាមួយវិស័យឯកជននេះលោករដ្ឋលេខាធិការប្រចាំការបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រ និងគោលនយោបាយនានា សំដៅធានានូវស្ថេរភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងផ្តល់បរិយាកាសវិនិយោគល្អប្រសើរដើម្បីលើកស្ទួយការចូលរួមរបស់វិស័យឯកជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយ្នាប័នរបស់កម្ពុជា។ ជាពិសេសការដាក់ចេញនូវវិធានការទាំង ៦ជុំរបស់រដ្ឋាភិបាល សំដៅជួយរក្សាលំនឹងផលិតកម្ម និងអាជីវកម្មចំពោះវិស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺកូវីដ១៩និងជួយរក្សាលំនឹងជីវភាពប្រជាជនក្នុងកម្រិតអប្បបរមាមួយ (មិនឱ្យអត់បាយ) ពិសេសសម្រាប់ប្រជាជនក្រីក្រ និងក្រុមជនងាយរងគ្រោះ ព្រមទាំងអ្នកបាត់បង់ការងារ ដើម្បីធ្វើឱ្យពួកគេអាចមានលទ្ធភាពវិលទៅរកជីវភាពជាធម្មតាវិញនៅពេលផុតពីជំងឺនេះ ក៏ដូចជាការស្តារ និងជំរុញកំណើនសេដ្ឋកិច្ច នៅពេលជំងឺកូវីដ-១៩ មានការថមថយ និងផុតរលត់៕សរន